សង្គមអន្តរជាតិ​
អន្តរជាតិ
អឺរ៉ុប ធ្វើ​ច្បាប់​ថ្មី​ដែល​រឹតបន្តឹង​ការគ្រប់គ្រង​ក្រុមហ៊ុន​បច្ចេកវិទ្យា​
16, Dec 2020 , 10:58 am        
រូបភាព
ដោយ:
​សហភាព​អឺរ៉ុប (EU) នៅ​ថ្ងៃទី​១៥ ធ្នូ បានចេញ​សេចក្តីព្រាងច្បាប់​ថ្មី​មួយ សំដៅ​រឹតបន្តឹង​ការគ្រប់គ្រង និង​ការពិន័យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ដូចជា Google, Amazon និង Facebook ជាដើម​។ សហភាព​អឺរ៉ុប​អះអាងថា ច្បាប់​នេះ គឺ​ចាំបាច់​ដោយសារតែ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ទាំងនោះ កំពុង​ក្លាយ​ជាការ​គំរាម​ដល់​ការប្រកួតប្រជែង​ដោយ​សេរី និង​ប្រជាធិបតេយ្យ​។​

 
​ក្រុម​ហ៊ុ​បច្ចេកវិទ្យា​ធំ កំពុង​ប្រឈម​មុខការ​រឹតបន្តឹង​កាន់តែខ្លាំង ស្របពេល​ជំនួញ​របស់​ពួកគេ​រីក​កាន់តែ​ធំ ហើយ​ត្រូវបាន​មើលឃើញថា មាន​ឥទ្ធិពល​ខ្លាំង​សឹងតែ​មិនអាច​គ្រប់គ្រង​បាន​ទៅហើយ​។ ដើម្បី​គ្រប់គ្រង​ប្រតិបត្តិការ​របស់​ពួកគេ EU ចេញ​សេចក្ដីព្រាងច្បាប់​ពីរ គឺ​សេចក្ដីព្រាងច្បាប់​សេវាកម្ម​ឌីជីថល និង​ទីផ្សារ​ឌីជីថល ព្រោះ​ចែង​ពី​ការដាក់ពិន័យ​ជា​ប្រាក់​ដ៏​ច្រើន ឬ​ហាម​មិន​ឲ្យ​ក្រុមហ៊ុន​ចូលធ្វើ​ជំនួញ​ក្នុង​ទីផ្សា​អឺរ៉ុប​ទៅទៀត​។​
 
​សេចក្ដីព្រាងច្បាប់​ថ្មី បើកផ្លូវ​ឲ្យ EU ដាក់ពិន័យ​លើ​ក្រុមហ៊ុន​ទាំងឡាយណា​ដែល​ចុះផ្សាយ​មាតិកា​ខុសច្បាប់​ដូចជា​ការឃោសនា​ជ្រុលនិយម ពាក្យសម្តី​ដែល​នាំ​ឲ្យ​មាន​ហិង្សា​និង​ការ​ស្អប់ រូបភាព​អាសអាភាស​របស់​កុមារ និង​ព័ត៌មាន​មិន​ពិត​។ បន្ថែម​ពីនេះ EU នឹងមាន​អំណាច​ច្រើនជាង​មុន​ក្នុងការ​អនុវត្ត​ច្បាប់​ប្រកួតប្រជែង​ដោយ​អាច​ទាមទារ​ឲ្យ​មាន​តម្លាភាព​ជាង​មុន​ក្នុងការ​ប្រើប្រាស់ Algorithm និង​ការប្រើប្រាស់​ទិន្ន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាំងនោះ​ផងដែរ​។​
 
​ចំពោះ​ការពិន័យ​វិញ សេចក្ដីព្រាងច្បាប់​នេះ កំណត់​ពី​ការពិន័យ​រហូតដល់​ទៅ​១០​ភាគរយ​នៃ​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន បើ​ត្រូវបាន​រកឃើញថា ល្មើស​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​វិធាន​ទាំងឡាយ​នៃ​ការប្រកួតប្រជែង​ទីផ្សារ ឬ​ឈានដល់​ការ​បំបែក​ក្រុមហ៊ុន​តែម្តង​។ បន្ថែម​ពីនេះ បើ​ក្រុមហ៊ុន​នៅតែ​បន្ត​ល្មើសច្បាប់​ប្រកួតប្រជែង​ដដែល​ជា​ដដែល ឬ​ប៉ះពាល់​ដល់​សន្តិសុខ​ពលរដ្ឋ​អឺរ៉ុប ក្រុមហ៊ុន​នោះ​នឹង​ប្រឈម​ការពិន័យ​ប្រាំមួយ​ភាគរយ​នៃ​ប្រាក់ចំណូល ឬ​ហាម​ជា​បណ្តោះអាសន្ន​មិន​ឲ្យ​រកស៊ី​ក្នុង​ទីផ្សា​អឺរ៉ុប​តែម្ដង​។​
 
​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចំនួន​១០​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ដ៏​តឹងតែង​នៃ​ច្បាប់​ថ្មី​នេះ​មាន Google, Facebook, Amazon, Apple, Microsoft, SnapChat, Alibaba, Bytedance, Samsung និង​Booking.com​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​លោកស្រី Margrethe Vestager ស្នងការ​ទទួលបន្ទុក​ឌីជីថល និង​ការប្រកួតប្រជែង​លើកឡើងថា សេដ​ក្ដី​ច្បាប់​នេះ​មានបំណង​ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់ ក៏ដូចជា​កាត់បន្ថយ​ឥទ្ធិពល​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ក្នុងការ​គ្រប់គ្រង​ទីផ្សារ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១៥ ខែធ្នូ លោកស្រី​អះអាងថា ច្បាប់​ថ្មី​នេះ​នឹង​ធានា​ពី​សេវាកម្ម​ដែលមាន​សុវត្ថិភាព និង​ជឿ​ង​ទុកចិត្តបាន ដោយ​ការពារ​សេរីភាព​ក្នុងការ​បញ្ចេញមតិ​។ 
 
​សេចក្តីព្រាងច្បាប់​ខាងលើនេះ ត្រូវ​ទទួល​សច្ចាប័ន​ពីរ​ដ្ឋ​ជា​សមាជិក​ទាំងអស់ ក៏ដូចជា​សភា​អឺរ៉ុប ដែលជា​នីតិវិធី​ដ៏​យូរ និង​ស្មុគស្មាញ មុននឹង​អនុវត្តបាន​។ ក្នុង​ពេលនេះ ក្រុមហ៊ុន​ខាងលើ ក៏ដូចជា​សមាគមជំនួញ ក៏​នឹង​ព្យាយាម​បញ្ចុះបញ្ចូល​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ច្បាប់​នេះ​ផ្តល់​ផលប្រយោជន៍​ដល់​ខ្លួន​ខ្លះ​វិញ​ដែរ​។​
 
EU ត្រូវបាន​សង្កេតឃើញថា កំពុង​នាំមុខ​ប្រទេស​ឯទៀត ក្នុងការ​គ្រប់គ្រង ក៏ដូចជា​ពិន័យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​នៅពេល​ល្មើ​សនឹង​ច្បាប់​ប្រកួតប្រជែង ក៏ដូចជា​ការការពារ​ទិន្ន័យ​អ្នកប្រើប្រាស់​។ ជាក់ស្តែង​ក្រុមហ៊ុន Google, Facebook និង Apple សុទ្ធតែ​ធ្លា​ប់រង​ពិ​និ​យ​រាប់ពាន់​លាន​ដុល្លារ​ដោយ​ស្នងការ​អឺរ៉ុប ឬ​តុលាកា​អឺរ៉ុប​ចំពោះ​ការ​ល្មើសច្បាប់​ទាំងនោះ​៕
 

Tag:
 EU
© រក្សាសិទ្ធិដោយ thmeythmey.com