កីឡាអន្តរជាតិ
អន្តរជាតិ
Zidane សរសើរ Benzema ជា​កំពូល​ខ្សែប្រយុទ្ធ ក្រោយ​ជួយ Real កើន​ពិន្ទុ​ស្មើ​ក្រុម​កំពូល​តារាង​
16, Dec 2020 , 2:39 pm        
រូបភាព
​លោក Zinedine Zidane សរសើរ Karim Benzema មិន​ដាច់​ពី​មាត់​បន្ទាប់ពី​ខ្សែប្រយុទ្ធ​រូបនេះ​ជួយ Real Madrid យកឈ្នះ Athletic Bilbao ៣-១ ក្នុងការ​ប្រកួត LaLiga នៅ​រាត្រី​ថ្ងៃទី​១៥ ខែធ្នូ​។​



Benzema បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ចំនួន​២​គ្រាប់​ម្នាក់ឯង និង​Toni Kroos មួយ​គ្រាប់ ដើម្បី​ជួយ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​ឡើង​ប្រជែង​ជាមួយ​ក្រុម Real Sociedad និង Atletico Madrid ដែល​កំពុង​ឈរ​កំពូល​តារាង​លី​គ​កំពូល​អេ​ស្ប៉ា​ញ​។ 
 
​ការទទួលបាន​៣​ពិន្ទុ​បន្ថែម​នេះ​បាន​ជួយ Real Madrid ឡើងទៅ​កាន់​ចំណាត់ថ្នាក់​ទី​៣ ពី​ការប្រកួត​១៣​លើក មាន​២៦​ពិន្ទុ ស្មើ​ជាមួយ​ក្រុម​លេខ​១ និង​លេខ​២​ដែរ ដោយ​ចាញ់​តែ​សំណល់​គ្រាប់​បាល់​ប៉ុណ្ណោះ​។​
 
​ក្រោយ​រកបាន​២​គ្រាប់ Benzema ទទួលបាន​ការសរសើ​រ​ពី Zidane មិន​ដាច់​ពី​មាត់​។ អ្នកចាត់ការ​សញ្ជាតិ​បារាំង​អះអាងថា​សមត្ថភាព​រប​ស់​កីឡាករ​វ័យ​៣១​ឆ្នាំនេះ​បច្ចុប្បន្ន​ជា​កំពូល​ខ្សែប្រយុទ្ធ​ល្អ​បំផុត​ហើយ​។​
 
Zidane បាន​ប្រាប់​កាសែត AS ក្រោយ​ចប់​ការប្រកួត​ថា​៖«​សម្រាប់​ខ្ញុំ Benzema ល្អ​បំផុត​ព្រោះ​ការសម្រេច​ទី​របស់គេ​ពិតជា​មាន​ប្រសិទ្ធភាព​ខ្លាំងណាស់ បើ​ទោះ​ប៉ះ​ក្រុម​ខ្លាំង​ដូចជា Bilbao នេះ​ក្តី​។ Benzema ជា​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​»​។​
 
​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​វ័យ​៣២​ឆ្នាំ​រូបនេះ រកបាន​១០​គ្រាប់​ហើយពី​គ្រប់ការ​ប្រកួត​រដូវ​កាល​នេះ​។ ក្នុងជំនួប​ទល់ Athletic Bilbao សរុប​ទាំង​២២​លើក​នៅ​លី​គ​កំពូល​អេ​ស្ប៉ា​ញ Benzema អាច​ទាត់​បាល់​បញ្ចូល​ទី​ចំនួន​១៨​គ្រាប់ និង​បញ្ជូន​ឲ្យ​ដៃគូ​សម្រេច​ទី (assist) ៥​លើក​ផងដែរ​៕
 

Tag:
 Zinedine Zidane
  Karim Benzema
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com