ជាតិ
សង្គមជាតិ
លោក Jacques Dumarçay ស្ថាបត្យករ​ស្តារ​អង្គរ​តាំង​ពីមុន​សង្គ្រាម ទទួលមរណភាព​ក្នុង​អាយុ​៩៤​ឆ្នាំ​
16, Dec 2020 , 4:21 pm        
រូបភាព
Jacques Dumarçay ពេលដឹកនាំការងារជួសជុលទីលានប្រជល់ដំរី កាលពីឆ្នាំ១៩៩៨។ រូបថត EFEO/Christophe Pottier
Jacques Dumarçay ពេលដឹកនាំការងារជួសជុលទីលានប្រជល់ដំរី កាលពីឆ្នាំ១៩៩៨។ រូបថត EFEO/Christophe Pottier
ដោយ: រួបរួម
​លោក Jacques Dumarçay ស្ថាបត្យករ​បារាំង  ដែល​រួមចំណែក​ក្នុង​ការងារ​ស្តារ និង​ជួសជុល​ប្រាសាទ​នៅ​តំបន់​អង្គរ ក៏ដូចជា​ប្រាសាទ​បូ​រ៉ូ​ប៊ូ​ឌ័​រ (Borobudur) នៅ​កោះ​ជ្វា ប្រទេស​ឥណ្ឌូណេស៊ី បានទទួល​មរណភាព​ក្នុង​អាយុ​៩៤​ឆ្នាំ កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន Le Monde​។​

 
​ជា​សមាជិក​នៃ​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស (EFEO) លោក Jacques Dumarçay ទទួលបាន​នូវ​ការគោរព​កោតស្ញប់ស្ញែង​យ៉ាងខ្លាំង​ចំពោះ​ការស្តារ និង​ជួសជុល​តំបន់​ស្ថាបត្យកម្ម​នៅ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​។ 
 
​កាសែត Le Monde បានចាត់ទុក​លោក​ជា​កំពូល​ស្ថាបត្យករ លើ​ការស្តារ និង​ជួសជុល​អង្គរ រហូតដល់​ឆ្នាំ​១៩៧១ នៅមុន​ការកាន់កាប់​អំណាច​របស់​ខ្មែរក្រហម ហើយ​បាន​វិល​ត្រឡប់មក​បំពេញការងា​រ​នៅ​កម្ពុជា​សារជាថ្មី​ម្តងទៀត​ចាប់ពី​ឆ្នាំ​១៩៩១​។​
 
​លោក​បានទទួល​មរណភាព​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា នៅ Saint-Remy-les-Chevreuse ក្បែរ​ក្រុងប៉ារីស ដោយ​បន្សល់ទុក​នូវ​ស្នាដៃ​ច្រើន​សម្រាប់​មនុស្ស ជាពិសេស​ការងារ​អាជីព​ដែល​មិនចេះ​នឿយហត់​នៅ​តំបន់​អាស៊ីអាគ្នេយ៍ រួមទាំង​កម្ពុជា​ផងដែរ​។​
 
​កើត​នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​១៩២៦ នៅ​ដេ​ប៉ា​តឺ​ម៉​ង់ Meurthe-et-Moselle លោក Jacques បាន​ទៅ​បន្ត​ការសិក្សា​នៅ​សាលា​វិចិត្រសិល្បៈ ដែល​លោក Georges Labro ដែលជា​គ្រូឧទ្ទេស​ដ៏​ល្បីល្បាញ​នាពេលនោះ​។ លោក​បាន​ចូលរួម​ការងារ​យ៉ាងច្រើន​ផ្នែក​ស្ថាបត្យកម្ម​នៅក្នុង​ទីក្រុង មុនពេល​ទៅ​ចូលរួម​រុករក​ស្រាវជ្រាវ​សំណង់​ប្រវត្តិ​សាស​ត្រ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ប៉ា​គី​ស្ថាន​។​
 
​នៅ​ឆ្នាំ​១៩៦៤ នាយក​សារមន្ទីរ Guimet ប្រចាំ​ក្រុងប៉ារីស លោក Philippe Stern បាន​បញ្ជូន​លោក​មក​បំពេញបេសកកម្ម​នៅ​ខេត្តសៀមរាប ដោយ​ធ្វើជា​ជំនួយការ​លោក Bernard-Philippe Groslier លើ​ការងារ​អភិរក្ស​ប្រាសាទ​។​
 
​ក្នុងពេល​បំពេញការងារ លោក​បាន​ចូលរួម​ជាមួយ​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស (EFEO) ហើយ​បានទទួល​សញ្ញាបត្រ​ស្ថាបត្យកម្ម​នៅ​ឆ្នាំ​១៩៦៧​។ ការងារ​ស្តារ​ប្រាសាទបាយ័ន នាំ​ឲ្យ​លោក​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត​ពី​សាកល​វិទ្យា Universite Paris-I តាមរយៈ​និក្ខេបបទ «Charpentes et Tuiles Khmeres» នៅ​ឆ្នាំ​១៩៧៣​។​
 
​នៅមុន​ការ​ទៅដល់​តំបន់​អង្គរ​របស់​ក្រុមខ្មែរក្រហម លោក Jacques បាន​ព្យាយាម​រៀបចំ​ថ្ម​កម្ពស់​៣៥​ម៉ែត្រ​នៅ​ប្រាសាទបាពួន និង​ការងារ​ជាច្រើន​ទៀត​។ យោងតាម​ការផ្សាយ​រប​ស់ Roads and Kingdom ព្រឹទ្ធាចារ្យ​ខ្មែរ​ឈ្មោះ ឌី ព្រឿង ក៏បាន​រំលឹក​ពី​ការងារ​ចូលរួម​អភិរក្ស​អង្គរ​ពី​ឆ្នាំ​១៩៦៧ ដល់​ឆ្នាំ​១៩៦៩ ដែល​ដឹកនាំ​ដោយ​លោក Jacques និង​ស្ថាបត្យករ​បារាំង​ម្នាក់ទៀត​ឈ្មោះ Guy Nafilyan ផងដែរ​។​
 
​ស្នាដៃ​បោះពុម្ព​ជាច្រើន​ដែល​លោក Jacques Dumarcay បាន​សរសេរ​មានដូចជា DESPOTISME ET ARCHITECTURE EN ASIE MERIDIONALE (២០០៨), Le savoir des maîtres d'œuvre javanais au XIIIe et XIVe siècles (Publications de l'Ecole française d'Extrême-Orient) (១៩៨៦), Le Bayon. Histoire architecturale du temple. Atlas et notice des Planches: Memoire Archeologique III (១៩៦៧), The house in South-East Asia (Images of Asia) (១៩៨៧), Construction Techniques in South and Southeast Asia: A History (Handbook of Oriental Studies. Section 3 Southeast Asia) (២០០៤)​។​
 
​ស្នាដៃ​ជា​សហ​និពន្ធ​មានដូចជា The Palaces of South-East Asia: Architecture and Customs (១៩៩១), Architecture and its Models in South-East Asia (២០០៦), Cambodian Architecture, Eighth to Thirteenth Centuries (Handbook of Oriental Studies. Section 3 Southeast Asia) (២០០១), The Site of Angkor (Images of Asia) (១៩៩៨), Cultural Sites of Burma, Thailand, and Cambodia (១៩៩៦) រួមទាំង​ស្នាដៃ​ជាច្រើន​ទៀត​៕
 
 

Tag:
 អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com