COVID-19
ជាតិ
ទារកអាយុ៧ខែម្នាក់ និងមនុស្ស៤នាក់ទៀត នៅក្នុងព្រឹត្តិការណ៍២៨វិច្ឆិកា បានសះស្បើយពីCOVID-19
17, Dec 2020 , 8:48 am        
រូបភាព
ភ្នំពេញ៖ ទារកអាយុ៧ខែម្នាក់ និងអ្នកពាក់នៅក្នុងព្រឹត្តិការណ៍២៨វិច្ឆិកា ចំនួន៤នាក់ទៀត បានជាសះស្បើយពីជំងឺកូវីដ-១៩។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៧ធ្នូ អ្នកសះស្បើយពីកូវីដ-១៩ទាំង៥នាក់នេះ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយធ្វើតេស្តបញ្ជាក់ពីជំងឺនេះដោយលទ្ធផលបង្ហាញអវិជ្ជមានចំនួន២ដង។


 
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រៅពីទារកអាយុ៧ខែម្នាក់ ដែលបានជាសះស្បើយពីកូវីដ-១៩នោះ គឺមាន ស្ត្រីជនជាតិខ្មែរវ័យ២៥ឆ្នាំម្នាក់  មានអាសយដ្ឋាននៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ស្ត្រីរូបនេះ ត្រូវជាប្អូនរបស់អ្នកបើកបររថយន្តឱ្យអគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ។ 
 
ជាមួយនឹងគ្នានេះ ស្ត្រីវ័យ៦៥ឆ្នាំម្នាក់ទៀត ដែលមានអាសយដ្ឋាននៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ត្រូវម្តាយរបស់ភរិយាអនុប្រធានពន្ធនាគារ ក៏បានជាសះស្បើយពីកូវីដ-១៩ ផងដែរ។ ចំពោះបុរស២នាក់ទៀត មានវ័យ២៣ឆ្នាំដូចគ្នាបានពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២៨វិច្ឆិកាកន្លងមកនោះ ក៏បានជាសះស្បើយពីជំងឺនេះ ដែរ។ ក្នុងចំណោមបុរសទាំងពីរ ដែលបានជាសះស្បើយពីកូវីដ-១៩ មានម្នាក់រស់នៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និងម្នាក់ទៀត មានអាសយដ្ឋាននៅម្តុំស្តុប NOKIA ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 
 
គិតត្រឹមថ្ងៃទី១៧ធ្នូ ឆ្នាំ២០២០ កម្ពុជាអ្នកមានវីរុសកូវីដ-១៩ ចំនួន៣៦២នាក់។ ក្នុងនោះ មានអ្នកឆ្លងក្នុង ព្រឹត្តិការណ៍២៨វិច្ឆិកាចំនួន៤១នាក់ ដែលមានអ្នកជាសះស្បើយ១៣នាក់។ ដោយឡែក អ្នកជាសះស្បើយនៅទូទាំងប្រទេសមាន រហូតដល់៣១២នាក់៕ 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com