អន្តរជាតិ
តួ​ក​គី មិន​បោះបង់​ការទិញ​ប្រព័ន្ធ​ការពារ S-400 ទោះ​រង​ទណ្ឌកម្ម​ពី​អាមេរិក​
17, Dec 2020 , 6:29 pm        
រូបភាព
លោក Mevlut Cavusoglu រដ្ឋមន្ត្រីការបរទេសតួកគី។ រូបភាព៖ AFP
លោក Mevlut Cavusoglu រដ្ឋមន្ត្រីការបរទេសតួកគី។ រូបភាព៖ AFP
ដោយ:
​តួ​ក​គី នឹងមិន​បោះបង់​ការទិញ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស S-400 ពី​រុស្ស៊ី​ឡើយ​។ រដ្ឋមន្ត្រីការបរទេស​តួ​ក​គី​លើកឡើង​បែបនេះ​បន្ទាប់ពី​អាមេរិក​ដាក់ទណ្ឌកម្ម​លើ​ឧស្សាហកម្ម​យោធា និង​មន្ត្រី​របស់ខ្លួន​។ តួ​ក​គី ក៏បាន​អះអាង​ផងដែរ​ថា​ខ្លួន​នឹង​ឆ្លើយតប​ឲ្យ​សក្តិសម បន្ទាប់ពី​ពិនិត្យ​វាយតម្លៃ​ទណ្ឌកម្ម​របស់​អាមេរិក​។​

 
​នៅ​ថ្ងៃទី​១៤ ធ្នូ រដ្ឋ​បាន​អាមេរិក បានសម្រេច​ដាក់ទណ្ឌកម្ម​លើ​តួ​ក​គី​ចំពោះ​ការទិញ​ប្រព័ន្ធ​ការពារ​ដែនអាកាស S-400 ពី​រុស្ស៊ី ដោយ​សំដៅលើ​ឧស្សាហកម្ម​យោធា​តួ​ក​គី ដោយ​ហាម​មិន​ឲ្យ​ផ្តល់​អាជ្ញាប័ណ្ណ​នាំចេញ កម្ចី និង​ឥណទាន​ទៅកាន់​ទីភ្នាក់ងារ​ផ្គត់ផ្គង់​អាវុធ​របស់​តួ​ក​គី​។ កាលពី​ឆ្នាំ​២០១៧ តួ​ក​គី​បាន​ចុះ​កិច្ចព្រមព្រៀង ទិញ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស S-400 ពី​រុស្ស៊ី​ក្នុងតម្លៃ​២,៥​ពាន់​លាន​ដុល្លារ​។​
 
​ឆ្លើយតប​ទៅនឹង​ការដាក់ទណ្ឌកម្ម​ពី​អាមេរិក​នេះ រដ្ឋមន្ត្រីការបរទេស​តួ​ក​គី​លោក Mevlut Cavusoglu លើកឡើងថា ការដាក់ទណ្ឌកម្ម​នេះ​គឺ​ខុសឆ្គង​ទាំង​ផ្នែក​នយោបាយ និង​ផ្លូវច្បាប់​។ លោក​សង្កត់ធ្ងន់ថា ទណ្ឌ​កម្មនេះ ជាការ​វាយប្រហារ​មក​លើ​សិទ្ធិ​អធិបតេយ្យភាព​របស់​តួ​ក​គី ហើយ​ទណ្ឌ​កម្មនេះ​ក៏​នឹងមិន​ប៉ះពាល់​អ្វី​មកលើ​តួ​ក​គី​ឡើយ​។ លោក​និយាយ​បែបនេះ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​Kanal 24​។​
 
​កាលពី​ឆ្នាំ​២០១៩ កន្លងទៅ​ប្រធានាធិបតី​តួ​ក​គី​លោក តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់  ធ្លាប់​ប្រាប់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក្នុងជំនួប​ឯ​សេត​វិមាន​ថា តួ​ក​គី​មិន​បោះបង់​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស S-400 ឡើយ​។ គ្រានោះ​លោក Erdogan ប្រា​ប់លោក ត្រាំ ថា តួ​ក​គី​ត្រូវ​បង្ខំចិត្ត​ទិញ S-400 ដោយសារតែ​អាមេរិក​មិន​ព្រម​លក់​ប្រព័ន្ធ​ការពារ​ដែនអាកាស Patriot ឲ្យ​ខ្លួន​។​
 
​អាមេរិក ក៏ដូចជា​ប្រទេស​ឯទៀត​ដែលជា​សម្ព័ន្ធមិត្ត NATO រិះគន់​តួ​ក​គី​មិន​ឈប់ឈរ​ចំពោះ​ការទិញ S-400 ពី​រុស្ស៊ី​នេះ​។ អាមេរិក អះអាងថា ប្រព័ន្ធ​ការពារ​របស់​រុស្ស៊ី​នេះ មិន​ដំណើការ​ជាមួយនឹង​ប្រព័ន្ធ​ការពារ​របស់ NATO ឡើយ ដោយ​ហេតុផល​នេះហើយ​ទើប​អាមេរិក​បាន​ដក​តួ​ក​គី​ចេញពី​កម្មវិធី​អភិវឌ្ឍ​យន្តហោះ​ចម្បាំង F-35 ។​
 
​ជា​សមាជិក​NATO​ក្តី តួ​ក​គី​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​មើលមុខ​អាមេរិក និង​សម្ព័ន្ធមិត្ត​មិន​ចំ​ដោយសារ​បញ្ហា​សង្គ្រាមស៊ីវិល​នៅ​ស៊ី​រី ជម្លោះ​រវាង​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់ និង​ជម្លោះ​ដែនទឹក​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ខាងកើត​៕
 
 
 

Tag:
 តួ​ក​គី​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com