កីឡាអន្តរជាតិ
អន្តរជាតិ
Lewandowski ឈ្នះ Best FIFA Player ឯ​គ្រាប់​ស៊ុត​ល្អ​បំផុត​បាន​ទៅ Son
18, Dec 2020 , 10:34 am        
រូបភាព
Robert Lewandowski ក្លាយជា​ម្ចាស់​ពានរង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំឆ្នាំ​២០២០ របស់ FIFA (Best FIFA Player of the Year) ជា​លើកដំបូង ក្រោយ​ទទួលបាន​សំឡេងគាំទ្រ​លើស​គូប្រជែង Lionel Messi និង Cristiano Ronaldo​។ លោក Jurgen Klopp ជាប់ជា​អ្នកចាត់ការ​ល្អ​បំផុត (The Best FIFA Men’s Coach) ​លើក​ទី​២ ខណៈ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ល្អ​បំផុត FIFA Puskas Award បាន​ទៅ​ខ្សែប្រយុទ្ធ​កូរ៉េ​ខាង​ត្បូ​ង Son Heung-min​។​


​​ពិធី​ប្រគល់​ពាន The Best FIFA Football Awards ប្រព្រឹត្តិទៅនៅ​រាត្រី​ថ្ងៃទី​១៧ ខែធ្នូ ក្នុង​ក្រុង Zurich ប្រទេស​ស្វ៊ី​ស ក្រោម​ការរៀបចំ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA)​។ ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Bayern Munich និង​ជម្រើសជាតិ​ប៉ូឡូញ Lewandowski ទទួលបាន​ពាន​កីឡាករ​ល្អ​បំផុត​នេះ តាមរយៈ​ការបោះឆ្នោត​ពី​ក្រុម​គ្រូបង្វឹក ប្រធាន​ក្រុម និង​អ្នកសារព័ត៌មាន​ជុំវិញ​ពិភពលោក​។ ពី​កម្ពុជា លោក អ៊ឹង ចំរើន និពន្ធ​នាយក​សារព័ត៌មាន​ថ្មីៗ ក៏​បោះឆ្នោត​ឲ្យ​រូបគេ​ដែរ​។​
 
Lewandowski ខ្សែប្រយុទ្ធ​វ័យ​៣២​ឆ្នាំ​អាច​ស៊ុត​បញ្ចូល​ទី​បាន​៥៥​គ្រាប់ ពី​ការប្រកួត​៤៧​លើក​រដូវ​កាល​មុន និង​ជា​សមាជិក​សំខាន់​ក្នុង​ការជួយ Bayern Munich ឈ្នះ Bundesliga និង Champions League ផង​។​
 
​អ្នកចាត់ការ​ទូទៅ Jurgen Klopp ដែល​បាន​ជួយ Liverpool ឈ្នះ​ពាន Premier League រដូវ​កាល​មុន​ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​បុរស​ល្អ​បំផុត​ប្រចាំឆ្នាំ​របស់ FIFA ដោយ​ប្រជែង​ឈ្នះ​លោក Marcelo Bielsa អ្នកចាត់ការ Leeds United និង​អ្នកចាត់ការ​ទូទៅ Bayern Munich លោក Hans Dieter-Flick​។​
 
​ចំណែក Son Heung-min ខ្សែប្រយុទ្ធ​ជម្រើសជាតិ​កូរ៉េខាងត្បូង និង Tottenham Hotspur ឈ្នះ​ពានរង្វាន់​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ល្អ​បំផុត Puskas Award​។ គ្រាប់​បាល់​ដែល Son ឈ្នះ​នោះ​កើត​ក្នុងជំនួប​រវាង Spurs និង West Ham រដូវ​កាល​មុន ខណៈ​រូបគេ​អូស​បាល់​តាំងពី​ក្រោម​ហើយ​សម្រេច​ទី​ដោយ​ខ្លួនឯង​។ 
 

​អ្នកចាំទី​ល្អ​បំផុត The Best FIFA Goalkeeper បាន​ទៅ Neuer អ្នកចាំទី​របស់ Bayern Munich និង​ជម្រើសជាតិ​អាល្លឺម៉ង់​។​
 
សម្រាប់​ជម្រើស​១១​នាក់​ល្អ​បំផុត​របស់ FIFA (FIFA FIFPro World11) មានកីឡាករ Liverpool រហូត៤រូប៖
+​អ្នកចាំទី​: Alisson
+​ខ្សែការពារ​: Trent Alexander-Arnold, Alphonso Davies, Sergio Ramos, Virgil van Dijk, Joshua Kimmich
+​ខ្សែបម្រើ : Kevin De Bruyne, Thiago Alcantara, Leo Messi
+​ខ្សែប្រយុទ្ធ : Robert Lewandowski, Cristiano Ronaldo​។​
 
​ដោយឡែក​ផ្នែក​ស្ត្រី​វិញ​ខ្សែប្រយុទ្ធ​ក្រុម Manchester City និង​ជម្រើសជាតិ​អង់គ្លេស Lucy Bronze ឈ្នះ​ពាន​កីឡាការិនី​ឆ្នើម​ប្រចាំឆ្នាំ (Best women's player award)៕

 

Tag:
 Robert Lewandowski
  Best FIFA Player
© រក្សាសិទ្ធិដោយ thmeythmey.com