ជាតិ
សម្ដេច ហ៊ុន សែន​៖ អ្នកសារព័ត៌មាន​«​កុំ​បំពាន​សិទ្ធិ​អ្នកដទៃ កុំ​បំភ្លៃ​ការពិត​» ហើយ​ត្រូវ​ប្រយុទ្ធ​ជំងឺ​កូ​វីដ​-១៩
18, Dec 2020 , 11:09 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន រំឭក​អ្នកសារព័ត៌មាន​«​កុំ​បំពាន​សិទ្ធិ​អ្នកដទៃ កុំ​បំភ្លៃ​ការពិត​» នៅក្នុង​បរិបទ​នៃ​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។ សារ​របស់​សម្ដេច​នេះ បាន​ផ្ញើ​ទៅ​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា ស្តីពី «​តួនាទី​សារព័ត៌មាន​ក្នុង​បរិបទ​ជំងឺ​រាតត្បាត​សកល និង​ព័ត៌មាន​ក្លែងក្លាយ​» ដែល​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​១៩ ធ្នូ​។​



​សម្ដេច ហ៊ុន សែន ចាត់ទុក​ប្រធានបទ «​តួនាទី​សារព័ត៌មាន​ក្នុង​បរិបទ​ជំងឺ​រាតត្បាត​សកល និង​ព័ត៌មាន​ក្លែងក្លាយ​» នេះ ជា​រឿង​សំខាន់ និង​ស្របតាម​ការវិវត្ត​នៃ​សភាពការណ៍​ជាក់ស្ដែង ដែល​សកលលោក​ទាំងមូល​កំពុង​ប្រឈមមុខ​។​
 
​សារលិខិត​របស់​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​ថា ៖ «​ជាមួយគ្នានេះដែរ ឆ្លងកាត់​នូវ​បទពិសោធន៍ និង​ឧបសគ្គ​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ខ្ញុំ​សង្ឃឹមថា វេទិការ​និពន្ធ​នាយក​សារព័ត៌មាន​ឆ្នាំ​២០២០​នេះ នឹងមាន​កិច្ចពិភាក្សា​ស៊ីជម្រៅ​អំពី​ការបំពេញភារកិច្ច​លើ​វិស័យ​សារព័ត៌មាន​ក្នុង​បរិបទ​ថ្មី​នៃ​បញ្ហា​ប្រឈម​ការ​រាតត្បាត​សកល ដែលជា​ឧបសគ្គ​នៃ​ការបំពេញភារកិច្ច​រប​ស់​អ្នកសារព័ត៌មាន និង​ការប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ដែល​បង្ក​មហន្តរាយ​ដល់​សង្គម​ជា​អាទិភាព​»​។​
 
​សម្ដេច ហ៊ុន សែន ក៏​មើលឃើញ​ពី​ការលះបង់​របស់​អ្នកសារព័ត៌មាន ក្នុងការ​ជម្នះ និង​ពុះពារ​រាល់​ឧបសគ្គ​ដែល​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​បំពេញការងារ​យ៉ាងសកម្ម​ក្នុងការ​ផ្សព្វផ្សាយ​ពី​ការ​រាតត្បាត និង​ការទប់ស្កាត់​ជំងឺ​កាច​សាហាវ​នេះ ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​យល់​អំពី​សភាពការណ៍​ពិតប្រាកដ​។ មិនតែប៉ុណ្ណោះ​សម្ដេច ហ៊ុន សែន បានស្នើ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​ទាំងអស់ សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ជំនាញ ដើម្បី​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ដល់​អ្នកសារព័ត៌មាន ឲ្យ​ដើរ​ទាន់​ការវិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល ដែល​សម្រួល​ដល់​ការបំពេញ​ការងារ​ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៅក្នុង​បរិបទ​នៃ​ជំងឺ​រាតត្បាត​សកល ដែល​មិនអាច​ប៉ាន់ស្មាន​បាន​នេះ​។ 
 
​អម​ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ក៏​រំឭក​ឲ្យ​អ្នកសារព័ត៌មាន​គោរព​ច្បាប់ និង​វិជ្ជាជីវៈ​ខ្លួន​ផង​។ «​ជាថ្មី​ម្ដងទៀត ខ្ញុំ​សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន​សារព័ត៌មាន និង​បងប្អូន​អ្នកសារព័ត៌មាន​ទាំងអស់​សូម​ប្រកាន់ខ្ជាប់​ខ្ជាប់​នូវ​វិជ្ជាជីវៈ​សារព័ត៌មាន គោរព​ច្បាប់ និង​គោរព​គោលការណ៍ “​កុំ​បំពាន​សិទ្ធិ​អ្នកដទៃ កុំ​បំភ្លៃ​ការពិត​” និង​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដោយ​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​អប់រំ និង​វិធានការ​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់ដឹង​ច្បាស់ និង​ចូលរួម​ប្រឆាំង ទប់ស្កាត់ និង​លុបបំបាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​ឆ្លង​ចូល​សហគមន៍​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែល​ស្នើ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​ទាំងអស់ ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ ដែល​ផ្សព្វផ្សាយ​ដោយ​ជន​ឱកាសនិយម ក្នុង​គោលបំណង​បំពុលបរិយាកាស និង​ធ្វើ​ឲ្យ​ចលាចល​នៅក្នុង​សង្គម​។​
 
​គួរ​បញ្ជាក់ថា ក្លិប​អ្នកកាសែត​កម្ពុជា បានរៀបចំ​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា ដើម្បី​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់ និង​បទពិសោធន៍​ដែល​បាន​អនុវត្ត​កន្លងមក និង​កំណត់​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត ក្នុង​គោលបំណង​បង្កើន​ការយល់ដឹង​របស់​អ្នកសារព័ត៌មាន ក្នុងការ​បំពេញការងា​រ​តាម​សីលធម៌ វិជ្ជាជីវៈ ប្រកបដោយ​ការទទួលខុសត្រូវ​។ ជាពិសេស​លើកកម្ពស់​ប្រសិទ្ធភាព និង​សេរីភាព​សារព័ត៌មាន ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ស្តីពី​របប​សារព័ត៌មាន​កម្ពុជា​៕

Tag:
 ហ៊ុន សែន​
  សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com