COVID-19
ជាតិ
សុខភាព
អ្នកជំងឺ​កូ​វីដ​-១៩ ពី​ព្រឹត្តិការណ៍​សហគមន៍​សះស្បើយ​បន្តបន្ទាប់​ដោយ​នៅសល់តែ​១៣​ទៀត​ប៉ុណ្ណោះ​
18, Dec 2020 , 11:44 am        
រូបភាព
រូបភាពពីនាយកដ្ឋាន​ប្រយុទ្ធនឹងជំងឺឆ្លង
រូបភាពពីនាយកដ្ឋាន​ប្រយុទ្ធនឹងជំងឺឆ្លង
​នា​ព្រឹក​ថ្ងៃទី​១៨​ធ្នូ​នេះ ក្រសួងសុខាភិបាល​ប្រកាសថា មាន​មនុស្ស​ចំនួន​១៧​នាក់​ទៀត បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩(COVID-19)​។ ករណី​ជា​អ្នក​សះស្បើយ​នេះ​មាន​១៥​នាក់ ជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា និង​២​នាក់​ទៀត ជា​អ្នកធ្វើដំណើរ​ចូល​កម្ពុជា​។

 
​បើតាម​ក្រសួងសុខាភិបាល មនុស្ស​១៥​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា បានជា​សះស្បើយ​ពី​កូ​វីដ​-១៩​នោះ មាន​បុគ្គលិក​នៅ​ហាង​Pedro ចំនួន​៧​នាក់​។ ក្នុងនោះ​មាន ស្ត្រី​វ័យ​២២​ឆ្នាំមា្ន​ក់ មាន​អាសយដ្ឋាន​ខណ្ឌ​ច្បារអំពៅ​, ស្ត្រី​វ័យ​២៤​ឆ្នាំ​ម្នាក់ នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​, ស្ត្រី​វ័យ​២៣​ឆ្នាំ​ម្នាក់​,​ស្រី្ត​វ័យ​៣៥​ឆ្នាំ​ម្នាក់ មាន​អាសយដ្ឋាន​នៅ​ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ និង​បុរស​វ័យ​ឆ្នាំ​២០​ទៀត មាន​អាសយដ្ឋាន​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។  សម្រាប់​ស្ត្រី​វ័យ​៣៣​ឆ្នាំ​និង​បុរស​វ័យ​២០​ឆ្នាំ​ម្នាក់​នៃ​បុគ្គលិក​នៅ​ហាង​Pedro មាន​អាសយដ្ឋាន​ក្រុង​តាខ្មៅ ខេត្តកណ្តាល បាន​សះស្បើយ​ពី​ជំងឺ​នេះ ផងដែរ​។​
 
​ក្រៅពី​បុគ្គលិក​របស់​ហាង​Pedro ក៏មាន​បុរស​វ័យ​២១​ឆ្នាំ​ម្នាក់ ជា​បុគ្គលិក​ហាង​Carl’s Jr Burger នៅ​សាខា​ទួល​ទំពូង​, បុរស​វ័យ​២២​ឆ្នាំ​ម្នាក់ និង​ស្ត្រី​វ័យ​២៩​ឆ្នាំ​ម្នាក់ទៀត ជា​បុគ្គលិក​ហាង Zando សាខា​បឹង​កេងកង បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​។ 
 
​ទន្ទឹមនឹង​គ្នា​នេះ ស្ត្រី​វ័យ​៣៦​ឆ្នាំ​ម្នាក់ មាន​អាសយដ្ឋាន​នៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​ត្រូវជា​កូនស្រី​របស់​អគ្គ​ពន្ធនាគា​រ​នៃ​ក្រសួងមហាផ្ទៃ​, បុរស​វ័យ​២៣​ឆ្នាំ​ម្នាក់​,​កុមារា​អាយុ​៧​ឆ្នាំ​ម្នាក់ ដែលមាន​អាសយដ្ឋាន​នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ត្រូវជា​ក្មួយប្រុស​របស់​អ្នកបើកបរ​រថយន្ត​ឱ្យ​អគ្គ​ពន្ធនាគារ ក៏បាន​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ រួមទាំង​បុរស​វ័យ​៣៩​ឆ្នាំ​ម្នាក់​និង​កូនប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់ទៀត ផងដែរ​។ 
 
​ជាមួយគ្នានេះ បុរស​ជនជាតិខ្មែរ​-​អាមេរិក វ័យ​៥៦​ឆ្នាំ ដែល​បានធ្វើ​ដំណើរ​មកពី​អាមេរិក​បន្ត​ជើងហោះហើរ​នៅ​តៃវ៉ាន់ ហើយ​មកដល់​កម្ពុ​ជាកា​លពី​ថ្ងៃទី​១៥​វិច្ឆិកា និង​បុរស​ជនជាតិ​វ័យ​២៩​ឆ្នាំ​ម្នាក់ទៀត ដែល​មក​ប្រទេស​ជប៉ុន ក៏បាន​ជាសះស្បើយ​ពី​កូ​វីដ​-១៩​នេះដែរ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១៨​ធ្នូ កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​សរុប​៣៦២​នាក់​។ ក្នុង​មាន​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា ចំនួន​៤១​នាក់ ដោយមាន​ជា​អ្នក​សះស្បើយ​២៨​នាក់​។ ដោយឡែក អ្នកជា​សះស្បើយ​នៅ​ទូទាំងប្រទេស​បាន​កើន​ដល់​ចំនួន​៣៤១​នាក់​ហើយ​៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com