ជាតិ
វីដេអូ
សុខភាព
អ្នកជំនាញ​៖ មធ្យោបាយ​ពន្យារកំណើត​បែប​ធម្មជាតិ មិនមាន​ប្រសិទ្ធភាព​ខ្ពស់​ទេ​
18, Dec 2020 , 7:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មធ្យោបាយ​ពន្យារកំណើត មាន​៣​ប្រភេទ គឺ​ការពន្យារ​តាមបែប​ធម្មជាតិ​, អរ​ម៉ូ​ន និង​បែប​របាំង​។ នេះ​ជាការ​បញ្ជាក់​របស់លោក​វេជ្ជបណ្ឌិត ប៉ិច សុធី  ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ​។ លោក​វេជ្ជបណ្ឌិត បន្តថា ក្នុងចំណោម​មធ្យោបាយ​ពន្យារកំណើត​ទាំង​៣​នេះ ការពន្យារ​កំណើត​បែប​ធម្មជាតិ មិនសូវមាន​ប្រសិទ្ធភាព​ខ្ពស់​នោះទេ​។



​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញលោក​អ្នកនាង​តាមដាន​បទ​សម្ភាស រវាង កញ្ញា អ៊ុត រស្មី អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក​វេជ្ជបណ្ឌិត ប៉ិច សុធី ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ ដូចតទៅ​៖
 
​មធ្យោបាយ​ពន្យារកំណើត មាន​៣​ប្រភេទ គឺ​ការពន្យារ​តាមបែប​ធម្មជាតិ​, អរ​ម៉ូ​ន និង​បែប​របាំង​។ លោក​វេជ្ជបណ្ឌិត ប៉ិច សុធី ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​សម្ភាស​សោភា​មានជ័យ ពន្យល់ថា ការពន្យារ​កំណើត​បែប​ធម្មជាតិ មានដូចជា​ការប្រើ​ប្រតិទិន​, ការ​បំបៅ​ដោះ​កូន និង​ចាក់ទឹក​ក្រៅ​ពាង​។ រីឯ បែប​អ​ម៉ូ​ន រួមមាន​ការប្រើ​ថ្នាំ​គ្រាប់​, ថ្នាំ​ចាក់​, ដាក់​កង​ក្រៅ​ស្បួ​ន និង​ដាក់​កង​ក្រោម​ស្បែក​។ ចំណែក​ការពន្យារ​កំណើត​បែប​របាំង គឺ​ការប្រើ​ស្រោមអនាម័យ​។​
​បើតាម​លោក​វេជ្ជបណ្ឌិត ប៉ិច សុធី ការប្រើ​មធ្យោបាយ​ពន្យារកំណើត​បែប​ធម្មជាតិ មិនមាន​ប្រសិទ្ធភាព​ខ្ពស់​នោះទេ​។ លោក​វេជ្ជបណ្ឌិត ប៉ិច សុធី បាន​អះអាង​ដូច្នេះ​ថា​៖ «​វិធី​នេះ​(​ចាក់ទឹក​ក្រៅ​ពាង​) មិនសូវមាន​ប្រសិទ្ធភាព​ខ្ពស់​ទេ ដោយសារតែ​ពេលណា​មានការ​រួមភេទ វា​មាន​មេជី​វិត​មួយចំនួន​បាន​រត់​មុន​ទៅហើយ​។ អីចឹង​ធ្វើឱ្យ​គាត់​ប្រឈម​នឹង​ការ​មានកូន​ដែល​គាត់​មិន​ចង់បាន​»​។ 
​លោក​វេជ្ជបណ្ឌិត បន្ត​ពន្យល់​ពី​ការពន្យារ​កំណើត​តាម​ប្រតិទិន ថា​៖« បែប​ប្រតិទិន ក៏​មិនសូវមាន​ប្រសិទ្ធភាព​ខ្ពស់​ដែរ ប្រតិទិន​ហ្នឹង​ជា​មធ្យោបាយ​ដែល​មិនមាន​ការរួម​ភេទ នៅ​ចន្លោះ​ពេលដែល​មេជី​វិត​ធ្លាក់ ព្រោះថា​យើង​ត្រូវ​តម​ច្រើន​ថ្ងៃ ជាពិសេស​អំឡុងពេល​ដែល​មាន​ធ្លាក់​មេជី​វិត ហើយ​មួយទៀត គឺ​ស្ត្រី​ត្រូវមាន​រដូវ​ទៀងទាត់​»​។ រីឯ​ការ​បំបៅ​ដោះ​កូន អ្នក​ម្ដាយ​ត្រូវ​បំបៅ​ដោះ​កូន​តែមួយ​មុខ និង​ឱ្យបាន​៨​ដង ក្នុង​មួយថ្ងៃ​។ ប៉ុន្តែ​ភាគច្រើន ស្ត្រី​ច្រើនតែ​ឱ្យ​កូនបៅ​លាយ ដូច្នេះ​ធ្វើឱ្យ​ការពន្យារ​កំណើត​នេះ​មិនសូវមាន​ប្រសិទ្ធភាព​៕
 

Tag:
 ការពន្យារ​កំណើត​
  ស្ត្រី​
 ​សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com