សង្គមអន្តរជាតិ​
អន្តរជាតិ
លោក ពូ​ទីន សង្ឃឹមថា ទំនាក់ទំនង​រុស្សី​-​អាមេរិក​នឹង​ប្រសើរឡើង ក្រោម​រដ្ឋបាល​លោក បៃ​ឌិន​
18, Dec 2020 , 8:29 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៧ ខែធ្នូ។ រូបភាពពីវេបសាយប្រធានាធិបតីរុស្ស៊ី
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៧ ខែធ្នូ។ រូបភាពពីវេបសាយប្រធានាធិបតីរុស្ស៊ី
ដោយ:
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃទី​១៧ ធ្នូ សង្ឃឹមថា ប្រធានាធិបតី​អាមេរិក​ថ្មី​នឹង​នាំមក​នូវ​ឱកាស​ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​រវាង​អាមេរិក និង​រុស្ស៊ី​។ ប៉ុន្តែ​ប្រមុខរដ្ឋ​រុស្ស៊ី បែរ​ជាំ​រិះគន់​គោលនយោបាយ​របស់​បណ្តា​អឺរ៉ុប ដែលមាន​លក្ខណៈ​ឈ្លានពាន​មកលើ​រុស្ស៊ី​។​

 
​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំឆ្នាំ​តាម​អន​ឡាញ ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ផ្ញើ​សារ​បែប​បោះដៃ​ទៅរក​ទៅកាន់​ប្រទេស​លោកខាងលិច ដែល​ស​ង្ក្រឺ​ត​ធ្មេញ​ដាក់​រុស្ស៊ី​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ទំនាក់ទំនង​រវាង​រុស្ស៊ី និង​អាមេរិក ក៏ដូចជា​ប្រទេស​អឺរ៉ុប​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​តាំងតែ​ពី​ចប់​សង្គ្រាមត្រជាក់​។​
 
​ជាមួយ​អាមេរិក ប្រមុខរដ្ឋ​រុស្ស៊ី​អះអាងថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​បានក្លាយ​ទៅជា​ចំណាប់ខ្មាំង​នៃ​នយោបាយ​ក្នុងស្រុក​អាមេរិក​។ លោកពូ​ទីន សង្ឃឹមថា បញ្ហា​ដែល​កំពុង​កើតមាន​មួយចំនួន នឹងត្រូវ​ដោះស្រាយ​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​អាមេរិក​ថ្មី​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័​ត៍​មាន AFP ។​
 
​លោក ពូ​ទីន និយាយថា ប្រធានាធិបតី​ជាប់ឆ្នោត​លោក ចូ បៃ​ឌិន នឹង​ដោះស្រាយ​បញ្ហា​ទាំងនោះ ដោយសារតែ​លោក​មាន​បទពិសោធ​គោលនយោបាយ​ក្នុងស្រុក ក៏ដូចជា​ការបរទេស​ផង​។ លោក​សង្ឃឹម​ដែរ​ថា រដ្ឋបាល​អាមេរិក​ថ្មី​នេះ នឹង​ផ្លាស់ប្តូរ​វិធីសាស្ត្រ​ក្នុង​ការធ្វើទំនាក់ទំនង​ជាមួយ​រុស្ស៊ី ហើយ​ដោះស្រាយ​បញ្ហា​ដែល​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លងមក​។​
 
​ជាមួយគ្នា មេដឹកនាំ​រុស្ស៊ី ក៏​រំពឹងថា សម​ភាគី​អាមេរិក​ថ្មី នឹង​បន្ត​សន្ធិសញ្ញា​កាត់បន្ថយ​នុយក្លេអ៊ែរ​ថ្មី (New START)​ដែល​នឹង​អស់​សុពលភាព​នៅ​ដើមឆ្នាំ​២០២១​។ អាមេរិក​ក្រោម​ការដឹកនាំ​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​យុទ្ធសាស្ត្រ​ជាមួយ​រុស្ស៊ី​ដូចជា​សន្ធិសញ្ញា​ចំហ​មេឃ (Open Sky Treaties) និង​សន្ធិសញ្ញា​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម (INF) ដែល​សុទ្ធសឹងតែ​ជា​កិច្ចព្រមព្រៀង​សំខាន់ៗ​ក្នុងការ​គ្រប់គ្រង​អាវុធ​។​
 
​ចំពោះ​ទំនាក់ទំនង​ជាមួយ​បណ្តា​អឺរ៉ុប​វិញ លោក ពូ​ទីន អះអាងថា ប្រទេស​ទាំងនេះ​មាន​គោលនយោបាយ​ប្រឆាំង និង​ឈ្លានពាន​រុស្ស៊ី​។ ត្រង់នេះ លោក ពូ​ទីន និយាយថា អឺរ៉ុប និង​អាមេរិក​បាន​ក្បត់​សន្យា​ធានា​របស់ខ្លួន​ពាក់ព័ន្ធ​នឹង​ការមិន​ពង្រីក​សមាជិក​ភាព NATO ទៅកាន់​ភាគ​ខាងកើត​អឺរ៉ុប​ជាប់​ព្រំដែន​រុស្ស៊ី​។​លោក​បន្តថា រុស្ស៊ី​ជា​ប្រទេស​ស្លូត និង​តែងតែ​ស្វែងរក​ការសន្ទនា​ដើម្បី​ដោះស្រាយ​បញ្ហា​។​
 
​អឺរ៉ុប និង​អាមេរិក​បានដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មកលើ​រុស្ស៊ី​ក្រោយ​វិបត្តិ​គ្រី​មៀម​ក​។ រុស្ស៊ី រង​ទណ្ឌកម្ម​បន្ថែមទៀត​ក្រោយ​ត្រូវបាន​សង្ស័យថា លូកដៃ​ចូលក្នុង​ការបោះឆ្នោត​អាមេរិក​នៅ​ឆ្នាំ​២០១៦ ដើម្បី​ជួយ​ឲ្យ​លោក ត្រាំ ឈ្នះឆ្នោត​។ លោក ពូ​ទីន បដិសេធចោល​ទាំងស្រុង​ដោយ​លើកឡើង​បែបនេះ និង​ថា​ប្រទេស​លោកខាងលិច​ទៅវិញ​ទេ​ដែល​តែងតែ​លូកដៃ​ចូលក្នុង​ការបោះឆ្នោត​នៅ​ជុំវិញ​ពិភពលោក រាប់ទាំង​ការបោះឆ្នោត​សភា​រុស្ស៊ី​នៅពេល​ខាងមុខ​ផង​៕
 
 

Tag:
 ​រុស្ស៊ី​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com