ជាតិ
សង្គមជាតិ
អ្នកស្រី បាន ស្រីមុំ ឡើងជាអភិបាលខេត្តប៉ៃលិន និងស្រ្តីទី២ សម្រាប់តំណែងនេះ
18, Dec 2020 , 4:16 pm        
រូបភាព
ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យតែងតាំងអ្នកស្រី បាន ស្រីមុំ ជាអភិបាលខេត្តប៉ៃលិន ជំនួសលោក ផាន់ ចាន់ធុល។ ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ស្តីពីការតែងតាំងអ្នកស្រី បាន ស្រីមុំ ជាអភិបាលខេត្តប៉ៃលិន ចេញនៅថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០២០នេះ។



ព្រះរាជក្រឹត្យ បញ្ជាក់ថា លោក ផាន់ ចាន់ធុល ត្រូវបានផ្ទេរឲ្យទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃវិញ។ អ្នកស្រី បាន ស្រីមុំ គឺជាស្រ្តីទី២ ដែលបានក្លាយជាអភិបាលខេត្តក្នុងពេលបច្ចុប្បន្ន។ ស្រ្តីទី១ ដែលធ្វើជាអភិបាលខេត្តពេលបច្ចុប្បន្ន គឺអ្នកស្រី មិថុនា ភូថង ដែលអ្នកស្រី ជាអភិបាលខេត្តកោះកុង។ 

អ្នកស្រី បាន ស្រីមុំ ដែលជាភរិយារបស់លោក អ៊ី ឈាន កើតក្នុងឆ្នាំ១៩៧៥ និងមានស្រុកកំណើត នៅខេត្តប៉ៃលិន ហើយអ្នកស្រី ក៏ជាតំណាងរាស្រ្តមណ្ឌលប៉ៃលិនដែរ។ 

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ប្រាប់សារព័ត៌មានថ្មីៗថា អ្នកស្រី បាន ស្រីមុំ ដាក់ពាក្យសុំលាលែងពីតំណែងតំណាងរាស្រ្តហើយ មុនពេលត្រូវបានតែងតាំងជាអភិខេត្តប៉ៃលិន។ លោក បន្តថា ក្រៅពីអ្នកស្រី បាន ស្រីមុំ តំណាងរាស្រ្តម្នាក់ទៀត គឺលោក សុខ សូកាន ក៏បានដាក់ពាក្យសុំលាលែងពីតំណែងតំណាងរាស្រ្តដែរ។ ក្រោយលាលែងពីតំណែងតំណាងរាស្ត្រ លោក សុខ សូកាន ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងដែនដី។ 

លោក ឡេង ប៉េងឡុង លើកឡើងថា អ្នក ដែលឈរឈ្មោះបន្ទាប់ពីអ្នកស្រី បាន ស្រី មុំ និង លោក សុខ សូកាន ក្នុងបញ្ជីឈរឈ្មោះបោះឆ្នោត នឹងត្រូវតែងតាំងជាតំណាងរាស្រ្ត ជំនួសអ្នកស្រី បាន ស្រីមុំ និងលោក សុខ សូកាន។ ប៉ុន្តែ លោក បញ្ជាក់ថា អ្វីៗ គឺអាស្រ័យលើការរៀបចំរបស់គណបក្សប្រជាជនកម្ពុជា។ លោក មានប្រសាសន៍ថា៖«ស្រេចតែនៅលើគណបក្សទេ»៕ 

Tag:
 បាន ស្រីមុំ
© រក្សាសិទ្ធិដោយ thmeythmey.com