អន្តរជាតិ
ជប៉ុន នឹង​អភិវឌ្ឍ​មី​ស៊ី​ល​ដែល​អាច​កម្ទេច​នាវា​ពី​ចម្ងាយ​
18, Dec 2020 , 9:59 pm        
រូបភាព
នាវាកងទ័ពជើងទឹកជប៉ុន។ រូបថត៖ AFP
នាវាកងទ័ពជើងទឹកជប៉ុន។ រូបថត៖ AFP
ដោយ:
​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជប៉ុន Nobuo Kishi នៅ​ថ្ងៃទី​១៨ ធ្នូ អះអាងថា ជប៉ុន​នឹង​អភិវឌ្ឍ​មី​ស៊ី​ល​ប្រឆាំង​នាវា​ដែលមាន​សមត្ថភាព​ក្នុងការ​កម្ទេច​គោលដៅ​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​។ មី​ស៊ី​ល​នេះ មាន​សមត្ថភាព​គ្របដណ្តប់​ដល់​សមុទ្រ​ចិន​ភាគ​ខាងកើត និង​ភាគ​និរតី​នៃ​កោះ​អូ​គី​ណា​វ៉ា​ឯណោះ​។​

 
​ដ្បិត​មិនអាច​ធ្វើសង្គ្រាម​បាន​ព្រោះ​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម ជប៉ុន កំពុង​ពង្រឹងសមត្ថភាព​ការពារ​ខ្លួន​កាន់តែខ្លាំង​។ រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន Nobuo Kishi និយាយ​នៅ​ថ្ងៃទី​១៨ ខែធ្នូ ថា ជប៉ុន​នឹង​អភិវឌ្ឍ​មី​ស៊ី​ល​កម្ទេច​នាវា​ពី​ចម្ងាយ​។ ការអភិវឌ្ឍ​មី​ស៊ី​ល នឹង​ពង្រឹង​គោលនយោបាយ​ការពារជាតិ​ជប៉ុន ដែល​មានបំណង​ហាមឃាត់​មិន​ឲ្យ​នាវា​បរទេស​បើក​ចូល​ដោយ​សេរី​ក្នុង​ដែនទឹក និង​ប្រជុំ​កោះ​របស់ខ្លួន​។​
 
«​ស្ថានការណ៍​សន្តិសុខ​នៅ​ភាគ​និរតី​នៃ​ដែន​កោះ​ជប៉ុន​មាន​សភាព​តឹងតែង​ជាង​មុន​។ យើង​ត្រូវ​ឆ្លើយតប​ដោយ​វិធីសាស្ត្រ​សមស្រប​»​។ នេះ​ជាការ​លើកឡើង​របស់លោក Kishi នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១៨ ធ្នូ ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​បើតាម​ក្រសួងការពារជាតិ​ជប៉ុន មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ភ្ជាប់​ទៅនឹង​ឡាន ហើយនឹង​ត្រូវ​បញ្ជូនទៅ​កោះ​អូ​គី​ណា​វ៉ា​។ កោះ​អូ​គី​ណា​វ៉ា ជា​បណ្តុំ​កោះ​ដែល​លាតសន្ធឹង​ជិត​ដល់​ហ្វីលីពីន និង​ជា​របាំង​ទប់​ទៅនឹង​ការពង្រីក​សកម្មភាព​យោធា​របស់​ចិន​។ យ៉ាងណាក្តី ក្រសួងការពារជាតិ​ជប៉ុន​មិនបាន​បង្ហាញ​ពី​រយៈ​ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ​ដែល​មី​ស៊ី​ល​នេះ​មាន​សមត្ថភាព ឬ​ពេលវេលា​នៃ​ការដាក់​មី​ស៊ី​ល​នេះ​។ 
 
​ជុំវិញ​រឿង​មី​ស៊ី​ល​នេះ លោក Zack Cooper អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន American Enterprise និយាយថា ការការពារ​ភាគ​និរតី​នៃ​ដែន​កោះ​ជប៉ុន ចាំបាច់​ត្រូវការ​ប្រព័ន្ធ​ដែលមាន​រយៈ​ចម្ងាយ​ឆ្ងាយ​ដោយសារ​ដែន​កោះ​នោះ​គ្របដណ្តប់​ផ្ទៃក្រឡា​យ៉ាង​ធំ​។ 
 
​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជប៉ុន​កាន់តែ​បារម្ភ​ពី​សកម្មភាព​របស់​ចិន ដែល​បើក​នាវា​ចូល​ដែនទឹក​ជម្លោះ​នៅក្នុង​សមុទ្រ​ចិន​ភាគ​ខាងកើត​។ ចិន និង​ជប៉ុន​មាន​ជម្លោះ​ដណ្តើម​កម្មសិទ្ធិ​ប្រជុំ​កោះត​ទាវ​យូ (Diaoyu) ជា​ភាសា​ចិន និង ស៊ិន​កា​គូ (Senkaku)​ជា​ភាសា​ជប៉ុន ក្នុង​សមុទ្រ​ចិន​ភាគខាងត្បូង​នេះ​។​
 
​សូមបញ្ជាក់ថា ក្រោយ​លោក ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ ឡើង​កាន់តែ​តំណែង​ជា​នាយករដ្ឋមន្ត្រី ជប៉ុន​បាន​ទិញ​មី​ស៊ី​លបាញ់​ពី​អាកាស​ដែលមាន​សមត្ថភាព​ក្នុងការ​កម្ទេច​មី​ស៊ី​ល​ផ្លោង​របស់​កូរ៉េខាងជើង​។ បន្ថែម​ពីនេះ ជប៉ុន​ក៏​កំពុង​ពិចារណា​ក្នុង​ការទិញ​មី​ស៊ី​ល​ប្រដេញ​ដែលមាន​សមត្ថភាព​វាយប្រហារ​ដល់​ប្រទេស​ចិន​ផងដែរ​។​
 
​កាលពី​ខែ​ថ្ងៃទី​៧ ធ្នូ សារព័ត៌មាន​ក្នុងស្រុក​ក៏បាន​ចុះផ្សាយ​ថា ទីក្រុង​តូ​ក្យូ មាន​គម្រោង​នឹង​បំពាក់​ប្រព័ន្ធ​រ៉ា​ដា Aegis ជំនាន់​ថ្មី​លើ​នាវាចម្បាំង​ថ្មី​ចំនួន​២ ដែលមាន​សមត្ថភាព​លើស​ប្រព័ន្ធ​រ៉ា​ដា​ចាស់​៣​ដង​។ ការបំពាក់​រ៉ា​ដា​ជំនាន់​ថ្មី នឹង​បង្កើន​ការការពារ​ពី​មី​ស៊ី​ល​ផ្លោង​របស់​កូរ៉េខាងជើង​ដែរ ប៉ុន្តែ​ត្រូវ​ចំណាយ​ប្រាក់​ច្រើនជាង​រ៉ា​ដា​លើដី​ទ្វេដង និង​ចំណាយពេល​៣​ឆ្នាំ​បន្ថែមទៀត​។ គម្រោង​នេះ ធ្វើឡើង​ក្រោយ​រដ្ឋាភិបាល​ជប៉ុន​បាន​លុបចោល​ផែនការ​ដាក់ពង្រាយ​ប្រព័ន្ធ​រ៉ា​ដា​ប្រភេទ​នេះ​នៅ​មូលដ្ឋាន​យោធា​ចំនួន​២​ទីតាំង​៕
 
 
 
 
 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com