ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សុខ សូ​កាន លោក សុខ សូកេន និងលោក សុខ សង្វារ ឡើងតំណែង
18, Dec 2020 , 9:15 pm        
រូបភាព
លោក សុខ សូកាន (ឆ្វេង) លោក សុខ សូកេន និងលោក សុខ សង្វារ
លោក សុខ សូកាន (ឆ្វេង) លោក សុខ សូកេន និងលោក សុខ សង្វារ
ដោយ: រួបរួម
​យោងតាម​ព្រះរាជក្រឹត្យ​បី​ដាច់ដោយឡែក លោក សុខ សូ​កាន ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សុខ សូកេន ឡើងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រីឯ​លោក សុខ សង្វារ ត្រូវ​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​។ លោក​ទាំងបីជា​កូនប្រុស​សម្តេច សុខ អាន អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

 
​ក្នុង​អណ​ត្តិ​ទី​៥ លោក សុខ សូ​កាន បាន​ក្លាយជា​តំណាងរាស្ត្រ​ដែលមាន​វ័យក្មេង​ជាងគេ បន្ទាប់ពី​លោក​ត្រូវបាន​រដ្ឋសភា​អនុម័ត​ជ្រើសរើស​សម្រាប់​មណ្ឌល​តាកែ​វ ជំនួស​លោក សូរ ឃុន ដែល​បានទទួល​មរណភាព​។ បច្ចុប្បន្ន​វ័យ​៣៧​ឆ្នាំ លោក សូ​កាន បាន​ក្លាយជា​រដ្ឋលេខាធិកា​រ​ក្រសួង​រៀបចំ​ដែនដី តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​១៦ ខែធ្នូ​។​
 
​កាលពីថ្ងៃទី១៥ ខែធ្នូ ព្រះករុណា ព្រះមហាក្សត្រ ក៏​បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង លោក សុខ សង្វារ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ជា​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ផងដែរ បន្ទាប់ពី​មាន​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន​។​

នៅថ្ងៃទី១៨ ខែធ្នូ លោក សុខ សូកេន ក៏ត្រូវបាន​តែងតាំងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផងដែរ បន្ទាប់ពីលោកកាន់តំណែងជាអនុរដ្ឋលេខាធិការ​ក្នុងក្រសួងនេះ ចាប់តាំងពី​ឆ្នាំ​២០១៦មក។
 
​លោក សុខ សូ​កាន ជា​កូន​ទី​៣ លោក សុខ សូកេន ជាកូនទី៤ និង​លោក សុខ សង្វារ ជា​កូនពៅ របស់​សម្តេច សុខ អាន ក្នុងចំណោម​កូន​ទាំង​៥​នាក់ (​កូនស្រី​ច្បង​)​។ លោក សុខ ពុទ្ធិ​វុ​ធ ដែលជា​កូន​ទី​២ បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍៕
 

Tag:
 សុខ សូ​កាន​
  សុខ សង្វារ
© រក្សាសិទ្ធិដោយ thmeythmey.com