COVID-19
ជាតិ
កម្ពុជា​នៅសល់​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​១៧​នាក់​ទៀត​ប៉ុណ្ណោះ​
19, Dec 2020 , 8:05 am        
រូបភាព
ភ្នំពេញ៖ ​មនុស្ស​ចំនួន​៤​នាក់​ទៀតហើយ បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ ដែល​នាំ​ឲ្យ​កម្ពុជា​នៅសល់​អ្នកជំងឺ​តែ​១៧​នាក់​ទៀត​ប៉ុណ្ណោះ​។ កម្ពុជា ក៏​មិនមាន​រកឃើញ​ករណី​ឆ្លង​ថ្មី​ទៀត​ដែរ នៅ​ថ្ងៃ​តី​១៨ ធ្នូ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ ក្រសួងសុខាភិបាល ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​១៩ ធ្នូ​នេះ​។

 
​បើតាម​ក្រសួងសុខាភិបាល ក្នុងចំណោម​អ្នក​សះស្បើយ​ទាំង​៤​នាក់ មាន​២​នាក់​ជា​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា គឺ​ស្ត្រី​អាយុ​២៤​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ដែល​ស្វាមី​ធ្វើការ​នៅ​នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​ក្រសួងមហាផ្ទៃ  និង​ក្មេង​អាយុ​១​ឆ្នាំ ដែល​ឆ្លង​ពី​ឪពុកម្តាយ​រស់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​
 
​ចំណែក​អ្នក​សះស្បើយ​២​នាក់​ទៀត​ជា​ករណី​នាំចូល គឺជា​បុរស​អាយុ​៤៦​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល ដែល​ធ្វើដំណើរ​ពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៨ វិច្ឆិកា​។ បុរស​អាយុ​៣២​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សណ្ឋាគារ​មួយ​នៅ​ភ្នំពេញ ដែល​ធ្វើដំនើរ​ពី​ប្រ​តេស​ម៉ាលី បន្ត​ជើងហោះហើរ​នៅ​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១១ ធ្នូ​។   នេះ​បើតាម​ក្រសួងសុខាភិបាល ដែល​បន្ត​បញ្ជាក់ថា​នៅ​ថ្ងៃទី​១៨ ធ្នូ មិនមាន​ករណី​ឆ្លង​ថ្មី​នោះទេ​។ 
 
​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​១៩​ធ្នូ កម្ពុ​ជាមាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប ៣៦២​ករណី ក្នុងនោះ​សះស្បើយ​អស់ ៣៤៥​នាក់​ហើយ​។ បច្ចុប្បន្ន មាន​អ្នកជំងឺ ១៣​នាក់​កំពុង​សម្រាក់​ព្យាបា​ន​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ២​នាក់ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ និង​២​នាក់ ទៀត នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង និង​ហង់​សិន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com