កីឡាជាតិ
ជាតិ
ទោះបី​ចាញ់ កីឡាករ ចាន់ រតនា នៅតែ​ទទួលបាន​ការគាំទ្រ និង​លើកទឹកចិត្ត​ពី​អ្នកគាំទ្រ​
19, Dec 2020 , 11:07 am        
រូបភាព
ដោយ:
ភ្នំពេញ៖ អ្នកលេង​គុន​ចម្រុះ​ជួរមុខ​កម្ពុជា​កីឡាករ ចាន់ រតនា នៅតែ​ទទួលបាន​ការគាំទ្រ​និង​លើកទឹកចិត្ត​ពី​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​អ្នកគាំទ្រ​វិស័យ​កីឡាប្រដាល់ និង​គុន​ចម្រុះ ទោះបី​រូបគេ​មិន​ទទួលបាន​លទ្ធផល​ល្អ​ក៏ដោយ​។ រតនា បាន​ចាញ់​ក្រោម​ថ្វីដៃ Xie Wei ក្នុង​ទឹក​ទី​៣ នា​ការប្រកួត​គុន​ចម្រុះ ONE: Collision Course នៅ​យប់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០ នា​ប្រទេស​សិង្ហ​បុរី​។

 
​កីឡាករ ចាន់ រតនា បាន​ផ្ញើ​សារ​សុំទោស​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​អ្នកគាំទ្រ​វិស័យ​កីឡាប្រដាល់ ក្រោយ​រង​បរាជ័យ​ក្នុងការ​ប្រកួត​គុន​ចម្រុះ​ក្នុង​ព្រឹត្តិការណ៍ ONE: Collisions Course​។ នា​ការប្រកួត​ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន Singapore Indoor Stadium នៅ​ប្រទេស​សិង្ហ​បុរី កាលពី​យប់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០ អ្នកលេង​គុន​ចម្រុះ​កម្ពុជា​រូបនេះ ត្រូវបាន​អាជ្ញាកណ្តាល​បញ្ឈប់​ការប្រកួត​ក្នុង​ទឹក​ទី​៣ ក្រោយ​កីឡាករ​ចិន Xie Wei វាយ​ឲ្យ​បាត់បង់​ការគ្រប់គ្រង​។ 
 
 
​ទោះបី​មិនអាច​នាំ​ជ័យជម្នះ​ពី​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី​ជូន​ជាតិ​ក៏ដោយ កីឡាករ ចាន់ រតនា នៅតែ​ទទួលបាន​សារ​គាំទ្រ និង​លើកទឹកចិត្ត​ពី​អ្នកគាំទ្រ​។ ព្រោះ​ពួកគេ​យល់ថា ការប្រកួត​កីឡា​តែងតែមាន​ចាញ់​មាន​ឈ្នះ​ជា​រឿង​ធម្មតា អ្វីដែល​សំខាន់​គឺ​ការចេះ​សិក្សា​ពី​ចំណុចខ្សោយ ហើយ​យកមក​អភិវឌ្ឍន៍ ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​ជ័យជម្នះ​នៅលើ​ក​ក្រោយ​។  
 
​អ្នកគាំទ្រ​ជាច្រើន​យល់ថា ទោះបី​កីឡាករ ចាន់ រតនា ចាញ់​ក៏ពិតមែន តែ​រូបគេ​ធ្វើ​បានល្អ និង​អស់ពី​សមត្ថភាព​។ លើសពីនេះ​ពួកគេ​លើកទឹកចិត្ត រតនា កុំ​ឲ្យ​បាក់​ទឹកចិត្ត​និង​បន្ត​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​សម្រេច​គោលដៅ​ក្នុងការ​ឈានទៅ​ដណ្តើម​ខ្សែក្រវាត់​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ ហើយ ពួកគេ ជឿជាក់ថា រតនា អាចធ្វើ​បាន​។​
 
​ជាមួយគ្នានេះ មាន​អ្នកគាំទ្រ​ខ្លះ​បានផ្តល់​ជា​គំនិត​ថា កីឡាករ​វ័យ​៣៤​ឆ្នាំ​រូបនេះ គួរ​ឡើង​សង្វៀន​ប្រដាល់​ក្នុងស្រុក​ឲ្យ​បាន​ច្រើន​។ ព្រោះ​ពួកគេ​សង្កេតឃើញថា ក្នុងការ​ប្រកួត​ជាមួយ​កីឡាករ​ចិន Xie Wei ម្ចាស់​ក្លិប​ក្បាច់គុន​«​សិល្បៈ​»​រូបនេះ ហាក់​គាំង​ក្បាច់​មិន​ដូច​ការប្រកួត​កន្លងមក​។ ពួកគេ​ជឿជាក់ថា បញ្ហា​នេះ​អាច​បណ្តាលមកពី​រូបគេ​ខកខាន​ការប្រកួត​យូរពេក​។ 
 
​នេះ​ជា​លើក​ទី​៣​ហើយ សម្រាប់​កីឡាករ ចាន់ រតនា ដែល​បាន​រង​បរាជ័យ​ក្រោម​ថ្វីដៃ​កីឡាករ​ចិន​។ រតនា បាន​ប្រកួត​ចាញ់​កីឡាករ Ma Haobin ដោយ​ពិន្ទុ​ក្នុង​ព្រឹត្តិការណ៍ ONE Heroes of The World នៅ​ទីកោះ​ម៉ា​កាវ ប្រទេស​ចិន កាលពី​ឆ្នាំ​២០១៦ និង​ចាញ់​កីឡាករ Xie Bin ក្នុង​ព្រឹត្តិការណ៍ ONE: Kings of Destiny នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នៅ​ឆ្នាំ​២០១៧ ដោយ​កាលនោះ​រូបគេ​គោះ​សុំ​ចុះចាញ់​ត្រឹម​ទឹក​ទី​២៕ 
 
 
 
 
 
 
 
 

Tag:
 ប្រដាល់​គុន​ខ្មែរ​
  MMA
  ONE Championship
© រក្សាសិទ្ធិដោយ thmeythmey.com