សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
រុស្ស៊ី​ចុះ​កិច្ចព្រមព្រៀង​បន្ថែម​ជាមួយ​ឥណ្ឌា​ដើម្បី​ផលិត​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន​៣០០​លាន​ដូ​ស​
20, Dec 2020 , 11:10 am        
រូបភាព
វ៉ាក់សាំង Sputnik V របស់រុស្ស៊ី។ រូបភាព Xinhua
វ៉ាក់សាំង Sputnik V របស់រុស្ស៊ី។ រូបភាព Xinhua
ដោយ៖ កង ម៉េងហុង

ឥណ្ឌា នឹង​ផលិត​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ Sputnik V របស់​រុស្ស៊ី ចំនួន ៣០០ លាន​ដូ​ស នៅ​ឆ្នាំក្រោយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​រុស្ស៊ី​។ តួលេខ​នេះ ជា​ចំនួន​ច្រើនជាង​ជិត​៣​ដង​នៃ​ចំនួន​វ៉ាក់សាំង​ដែល​ឥណ្ឌា​ត្រូវ​ផលិត​ក្រោម​កិច្ចព្រមព្រៀង​ត្រូវបាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ឯទៀត​។​

 
​ឥណ្ឌា ជា​ប្រទេសមួយ​ដែល​រុស្ស៊ី​ជ្រើសរើស​ឲ្យ​ផលិត​វ៉ាក់សាំង Sputnik V របស់ខ្លួន​។ ស្ថានទូត​រុស្ស៊ី​លើកឡើង​បែបនេះ​នៅលើ​បណ្ដាញ​សង្គម Twitter នៅ​ថ្ងៃទី​១៨ ខែធ្នូ ដោយ​អម​ជាមួយ​ការ​ស្រង់​សម្ដី​លោក Kirill Dmitriev មន្ត្រី​ទទួលបន្ទុក​វ៉ាក់សាំង​របស់​រុស្ស៊ី​ផ្ទាល់​។ រុស្ស៊ី ក៏បាន​ធ្វើតេស្ត​គំរូ​វ៉ាកសាំង Sputnik V ដែល​ផលិត​នៅ​ឥណ្ឌា​រួចហើយ​ដែរ​។​
 
​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី TASS លោក Dmitriev ដែលជា​ប្រធាន​មូលនិធិ​វិនិយោគ​ផ្ទាល់​រុស្ស៊ី (RDIF) បាន​ប្រាប់​ទូរទស្សន៍​រុស្ស៊ី Rossiya 24 ថា នៅក្នុង​ប្រទេស​ឥណ្ឌា រុស្ស៊ី​មាន​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផលិត​ធំៗ​ចំនួន​បួន​។ លោក​បាន​បន្តថា ក្រោម​កិច្ចព្រមព្រៀង​នេះ ឥណ្ឌា​នឹង​ផលិត​វ៉ាក់សាំង​ប្រហែល​៣០០​លាន​ដូ​ស ឬ ច្រើនជាង​នេះ​សម្រាប់​រុស្ស៊ី​នៅ​ឆ្នាំក្រោយ​។​
 
​ដូច​ដឹង​ស្រាប់​ហើយ ឥណ្ឌា ជា​ប្រទេស​ដែលមាន​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​។ ឧស្សាហកម្ម​ឱសថ​របស់​ឥណ្ឌា​កំពុង​បង្កើន​សមត្ថភាព និង បង្កើន​ការវិនិយោគ​នៅ​មុនពេល​ការប្រញាប់​ប្រញាល​សម្រាប់​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជាស​កល​។ ក្រុមហ៊ុន Hetero Biopharma របស់​ឥណ្ឌា​បានប្រកាស​រួចហើយ​ពី​កិច្ចព្រមព្រៀង​ជាមួយ RDIF ដើម្បី​ផលិត​វ៉ាក់សាំង Sputnik V ចំនួន​១០០​លាន​ដូ​ស​។ ប្រសិទ្ធភាព​របស់​វ៉ាក់សាំង Sputnik V ត្រូវបាន​រកឃើញថា​មាន​ច្រើនជាង​៩១​ភាគរយ​នៅក្នុង​ការសាកល្បង​ដែល​ធ្វើឡើង​នៅ​ខាងក្រៅ​ឥណ្ឌា​។​
 
​យ៉ាងណាមិញ គេ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា តើ​ក្រុមហ៊ុន​ឥណ្ឌា​ណាខ្លះ​នឹង​ផលិត​វ៉ាក់សាំង Sputnik V នោះទេ​។ បច្ចុប្បន្ន មន្ទីរពិសោធន៍ Dr. Reddy កំពុង​សាកល្បង​វ៉ាក់សាំង​នេះ​នៅក្នុង​ឥណ្ឌា ហើយ​ត្រៀម​ចែកចាយ​វ៉ាក់សាំង​ដែល​បាន​សាកល្បង​ចប់សព្វគ្រប់​ផងដែរ​។​
 
​ឥណ្ឌា​ឈរ​លំដាប់់​ទី​ពីរ​ជា​ប្រទេស​មាន​ករណី​ឆ្លង​ច្រើនជាងគេ​បន្ទាប់ពី​អាមេរិក ជាមួយនឹង​ករណី​ឆ្លង​លើស​១០​លាន​នាក់​ទៅហើយ​។ មន្ត្រី​ឥណ្ឌា​បាន​និយាយថា ឥណ្ឌា​អាច​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​មួយចំនួន​ជាបន្ទាន់​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​។ រហូតមកដល់​ពេលនេះ វ៉ាក់សាំង​ចំនួន​បី​ប៉ុណ្ណោះ​របស់​ក្រុម​ហ៊ុម AstraZeneca, Pfizer-BioNTech និង​ក្រុមហ៊ុន​ឥណ្ឌា Bharat Biotech ដែល​បានដាក់​ពាក្យស្នើសុំ​ការយល់ព្រម​ជាបន្ទាន់​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com