ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
រយៈពេល១១ខែ ខេត្តតាកែវ នាំចេញស្រូវប្រមាណ១៣ម៉ឺនតោន ទៅវៀតណាម
× គិតត្រឹមថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២០ ផលស្រូវប្រមាណជាង ១៣ម៉ឺនតោន ត្រូវបាននាំចេញ ទៅប្រទេសវៀតណាម តាមច្រកភ្នំដិន។ កាលពីឆ្នាំ ២០១៩ ចំនួនស្រូវនាំចេញច្រើនព្រោះ មានការនាំចេញតាមច្រក បួនផ្សេងទៀត មានច្រកកំពង់ទូកអង្គរបុរី ច្រកកំពង់អំពិល ច្រកដើមដូង និងប្រឡាយ ៩២ជាដើម។ នេះបើតាមលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម ខេត្តតាកែវ ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទ។
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម ខេត្តតាកែវ បានពន្យល់ថា ៖«តាមពិត ការនាំចេញស្រូវ មិនមានការខុសគ្នាប៉ុន្មាននោះទេ ប៉ុន្តែឆ្នាំនេះ ការនាំចេញស្រូវ ពីខេត្តតាកែវ ទៅវៀតណាមផ្ទាល់ មានតែតាមច្រកភ្នំដិន ព្រោះច្រកផ្សេងទៀត ភាគីវៀតណាម ត្រូវបានផ្អាក ដូច្នេះបរិមាណស្រូវ ១៣ម៉ឺនតោន គិតតែច្រកភ្នំដិនមួយទេ»។ លោក ញ៉ិប ស្រ៊ន បានបន្ថែមថា ក្រៅពីនាំស្រូវចេញ តាមច្រកភ្នំដិន ខេត្តតាកែវក៏បាននាំទៅខេត្តកណ្ដាល និងខេត្តកំពតដែរ។
ជាខេត្តជាប់ចំណាត់ថ្នាក់លេខ២ ដែលមានសក្តានុពលលើផលិតកម្មដំណាំស្រូវ បច្ចុប្បន្នខេត្តតាកែវ បានសម្រេចការងារបង្កបង្កើនផលស្រូវវស្សា ១០០ភាគរយ លើផ្ទៃដីប្រមាណ ២០ម៉ឺនហិកតា ដែលជាមធ្យមទទួលបានទិន្នផល ៣,៤តោន ក្នុងមួយហិកតា។ ដោយឡែកសម្រាប់ការបង្កបង្កើនស្រូវប្រាំងវិញ បានសម្រេច ១០០ភាគរយដែរ លើផ្ទៃដីប្រមាណ ១០ម៉ឺនហិកតា ហើយជាមធ្យម ទទួលបានទិន្នផល ៤,៨តោន ក្នុងមួយហិកតា។ រីឯការងារប្រមូលផលស្រូវវស្សាវិញ ខេត្តទាំងមូល បានសម្រេចប្រមាណ ៩០ភាគរយ និងទទួលបានទិន្នផលជាមធ្យម ៣,៤តោន ក្នុងមួយហិកតា។
ការប្រមូលផលស្រូវវស្សា ក្នុងខេត្តតាកែវ (រូបភាពពីលោក វេង សាខុន)
បើតាមរបាយការណ៍ របស់មន្ទីរកសិកម្មខេត្តតាកែវ នៅឆ្នាំ២០១៩ ខេត្តតាកែវ ទទួលបានទិន្នផលស្រូវវស្សាប្រមាណ ៧១ម៉ឺនតោន។ តាមការប៉ាន់ប្រមាណ ក្នុងឆ្នាំ២០២០នេះ បរិមាណស្រូវវស្សា ក៏ប្រហាក់ប្រហែលគ្នាដែរ បើទោះបីកន្លងមក ធ្លាប់ការប៉ះពាល់ ដោយទឹកជំនន់ តែក្រោយទឹកស្រកទៅវិញ ដាំំណាំស្រូវ ហាក់មានភាពប្រសើរឡើងវិញ ដែលជាហេតុមិនបានប៉ះពាល់ដល់ទិន្នផលស្រូវ។ នេះបើតាមលោកប្រធានមន្ទីរកសិកម្មខេត្តតាកែវ៕
© រក្សាសិទ្ធិដោយ thmeythmey.com