ជាតិ
លោក ញឹម សាវុធ ចំណេញបានមួយខែ ៣លានរៀលពីការដាំតាសក់ទ្រើង
20, Dec 2020 , 10:29 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ញឹម សាវុធ ជាកសិករដំាតាសក់ទ្រើងមួយរូប នៅភូមិគគីជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។ កសិកររូបនេះ បានចាប់ផ្ដើមដំាតាសក់រយៈពេលជិតមួយឆ្នាំមកហើយ ក្រោមជំនួយបច្ចេកទេសពីគម្រោង «ស្ទៀរ-STEER»។ លោក ញឹម សាវុធ បានប្រាប់សារព័ត៌មាន Thmey Thmey25 តាមទូរសព្ទថា រូបលោក អាចរកប្រាក់ចំណេញប្រមាណ ៣លានរៀល ក្នុងមួយខែ ពីការលក់តាសក់នេះ។


 
ដំណាំតាសក់មានទីផ្សារណាស់ ហើយសឹងតែផ្គត់ផ្គង់មិនទាន់តម្រូវការផង។ នេះជាការលើកឡើងរបស់ លោក ញឹម សាវុធ កសិករដាំតាសក់នៅស្រុកថ្មបាំង ខេត្តកោះកុង។ តាម លោក សាវុធ នៅពេលដែលតាសក់ដល់ពេលប្រមូលផល លោកបានបេះបាន មួយថ្ងៃៗ ពី៦០ ទៅ ៨០គីឡូក្រាម ពីដំណាំតាសក់៦រង ដែលលោកដាំលើដី បណ្ដោយ ៦៥ម៉ែត្រ។ តាសក់មួយគីឡូក្រាម លោក ញឹម សារុធ អាចលក់បានពី ២,០០០រៀល ទៅ ២,៥០០រៀល។ បើតាម កសិកររូបនេះ តាសក់អាចប្រមូលបាន ១ខែ មុននឹងរៀបចំដីដាំដុះម្តងទៀត។ 
 
លោក ញឹម សាវុធ បានប្រាប់សារព័ត៌មានThmeythmey25 ថា នៅអំឡុងពេលប្រមូលផល លោកអាចមានប្រាក់ចំណេញប្រមាណ៣លានរៀលក្នុងមួយខែ ហើយចំណូលពីការដាំតាសក់ ក៏បានជួយឲ្យគ្រួសារលោក ធូរធារជាងមុនដែរ។
 
លោក សាវុធ លើកទឹកចិត្តដល់កសិករដទៃទៀត ដំាដុះតាសក់ ក៏ដូចជាបន្លែផ្សេងទៀត ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម  ទទួលបានបន្លែសុវត្ថិភាពបរិភោគ និងអាចកាត់បន្ថយចំណាកស្រុកផងដែរ។
 
សព្វថ្ងៃរូបលោក គឺជាកសិករដាំតាសក់គំរូមួយរូប ដែលតែងជួយដល់កសិករផ្សេងៗទៀត ទាំងជំនួយបច្ចេកទេសដំាដុះ និងការប្រើប្រាស់ជី-ថ្នាំសុវត្តិភាពជាដើម។ លោកបានបន្តបន្ថែមទៀតថា៖« មុនពេលដែលរូបខ្ញុំដំាតាសក់តាមបច្ចេកទេសនេះ ខ្ញុំដំាបន្លែប៉ុន្តែកាលហ្នុង ហាក់បីដូចជាមិនសូវហុចផល ដោយសារយើងកង្វះបច្ចេកទេសដាំ  ថែរក្សា»។
 
ក្រៅពីដំាតាសក់ លោក ញឹម សាវុធ ក៏ដំាបន្លែផ្សេងៗ និងដំណាំចម្រុះដូចជា ទុរេន មង្ឃុត សាវម៉ាវ ប័រ និងចេកជាដើម៕













Tag:
 ញឹម សាវុធ
  Thmey Thmey25
  តាសក់ទ្រើង
  ថ្មបាំង
© រក្សាសិទ្ធិដោយ thmeythmey.com