ជាតិ
វីដេអូ
អាជ្ញាធរជាតិអប្សរា លើកឡើងពីកិច្ចការពារ និងអភិរក្សអង្គរ ក្រោយចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
20, Dec 2020 , 10:59 pm        
រូបភាព
សៀមរាប៖ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ គឺជាខួបទី២៨ឆ្នាំ ដែលរមណីយដ្ឋានអង្គរ ត្រូវបានអង្គការយូណេស្កូ សម្រេចបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ២៨ឆ្នាំមកនេះ និងក្រោយមក អង្គរនៅតែត្រូវបានការការពារ ថែរក្សា និងអភិរក្សបានយ៉ាងល្អប្រសើរ ពីស្ថាប័នជំនាញគ្រប់ផ្នែក។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការងារថែរក្សាបេតិកភណ្ឌតំបន់រមណីយដ្ឋានអង្គរ គឺមានការរីកចម្រើនជាខ្លាំង និងទទួលបានសមិទ្ធផលគួរជាទីមោទក ចាប់តាំងពីឆ្នាំ១៩៩៣មកនោះ។

 
 
ដោយការខិតខំប្រឹងប្រែងពីស្ថាប័នជំនាញនានា រមណីយដ្ឋានអង្គរត្រូវបានអភិរក្ស និងលើកតម្លៃឡើងវិញជាបន្តបន្ទាប់ និងលេចជាសមិទ្ធផលជាច្រើន។ ការណ៍នេះ អនុញ្ញាតឱ្យស្ថាប័នអន្ដរជាតិជាច្រើន បានចូលរួមអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។ លើសពីនេះ វត្តមានរមណីយដ្ឋានអង្គរបានទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទី។
 
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ចាប់ពីឆ្នាំ១៩៩៣មក ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា  គោលនយោបាយវប្បធម៌ ការថែរក្សាអត្ដសញ្ញាណជាតិដែលជាបេតិកភណ្ឌពិភពលោក គឺមានភាពរឹងមាំ។ លោកបន្ថែមថា ក្នុងន័យនេះការងារថែរក្សាបេតិកភណ្ឌតំបន់រមណីយដ្ឋានអង្គរ គឺមានការរីកចម្រើនជាខ្លាំង និងទទួលបានសមិទ្ធផលគួរជាទីមោទក។ 
 
ជាមួយគ្នានេះ ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានរំឭកដល់អតីតកាល គឺនៅពេលដែលអង្គការយូណេស្កូ ព្រមទទួលចុះបញ្ជីរមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ពេលនោះ ដោយសារមានភាពចាំបាច់ និងពិសេស អង្គការអន្ដរជាតិមួយនេះ បានសម្រេចចុះបញ្ជីរមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលប្រឈមនឹងគ្រោះថ្នាក់ ហើយបានដាក់លក្ខខណ្ឌមួយចំនួន ឱ្យកម្ពុជាត្រូវបំពេញឱ្យបាន។ ជាលទ្ធផល ក្នុងរយៈពេល១០ឆ្នាំបន្ទាប់មក គឺនៅឆ្នាំ ២០០៤ អង្គការយូណេស្កូ សម្រេចដូរពីបេតិកភណ្ឌដែលប្រឈមនឹងគ្រោះថ្នាក់ មកជាបេតិកភណ្ឌធម្មតាវិញ និងផ្តល់ការគាំទ្រជាច្រើនដល់កម្ពុជា ដើម្បីអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានមួយនេះ។
 
ក្នុងនាមជាស្ថាប័នជំនាញ អាជ្ញាធរជាតិអប្សរា បានខិតខំបំពេញការងារយ៉ាងល្អប្រសើរ និងសម្រេចជាសមិទ្ធផលគួរជាទីក្រៃលែង។ ទន្ទឹមនឹងនោះ រមណីយដ្ឋានអង្គរ បានក្លាយជាគោលដៅទេសចរណ៍ ដ៏ពេញនិយមរបស់ពិភពលោក ដែលទាក់ទាញទេសចររាប់លាននាក់ ជារៀងរាល់ឆ្នាំ និងបានបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋ៕



Tag:
 ទេសចរណ៍
  អង្គរ
 រមណីយដ្ឋានអង្គរ
  ខួប២៨ឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com