អន្តរជាតិ
ជិត​មួយឆ្នាំ​នៃ​ឃាតកម្ម​ឧ​ត្ត​ម​សេនីយ៍ Soleimani៖ អាមេរិក ថា​នឹង​តប​វិញ បើ​អ៊ីរ៉ង់​ហ៊ាន​សងសឹក​
21, Dec 2020 , 10:29 pm        
រូបភាព
ឧត្តមសេនីយ៍Kenneth Mckenzie។ រូបភាព៖AFP
ឧត្តមសេនីយ៍Kenneth Mckenzie។ រូបភាព៖AFP
ដោយ:
​អាមេរិក​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​វាយតប​វិញ បើសិនជា​អ៊ីរ៉ង់​ហ៊ាន​បើក​ការវាយប្រហារ​សងសឹក​លើ​អាមេរិក​ក្នុង​ខួប​គម្រប់​មួយឆ្នាំ​នៃ​ការសម្លាប់​ឧ​ត្ត​ម​សេនីយ៍​អ៊ីរ៉ង់​ដ៏​មាន​ឥទ្ធិពល Qasem Soleimani ។ នេះ​ជាការ​ព្រមាន​ទុក​របស់​មេបញ្ជាការ​កង​ទ័ព​អាមេរិក​ប្រចាំ​មជ្ឈិមបូព៌ា​។ ថ្នាក់ដឹកនាំ​កងទ័ព​អាមេរិក បង្ហាញ​សេចក្តី​បារម្ភ​ពី​ចេតនា​របស់​អ៊ីរ៉ង់​មកលើ​ខ្លួន​ស្របពេល​ការស្លាប់​របស់លោក Soleimani នៅតែ​ដក់​ក្នុង​ចិត្ត​របស់​អ៊ីរ៉ង់​ន​ឡ​។​

 
​ឧ​ត្ត​ម​សេនីយ៍ Qasem Soleimani ប្រមុខ​កងកម្លាំង Qud នៃ​កង​ឆ្មាំ​បដិវត្តន៍ ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​ផ្លូវអាកាស​របស់​អាមេរិក​នៅ​ព្រលានយន្តហោះ​ទីក្រុង​បា​ក់ដាដ​កាលពីដើម​ខែមករា ឆ្នាំ​២០២០ ។ អ៊ីរ៉ង់​ធ្លាប់បាន​ព្រមាន​ថា ខ្លួន​នឹង​សងសឹក​ចំពោះ​ការសម្លាប់​មេដឹកនាំ​យោធា​ដ៏​មាន​ឥទ្ធិពល​របស់ខ្លួន​នេះ​។ ជិត​ដល់​ខួប​នៃ​ការស្លាប់​នេះ មេទ័ព​អាមេរិក ក៏​ចេញ​សារ​គំរាម​អ៊ីរ៉ង់​ទុក​។ 
 
«​យើង​ត្រៀមខ្លួន​រួចហើយ​ដើម្បី​ការពារ​ខ្លួន សម្ព័ន្ធមិត្ត និង​ដៃគូ​ក្នុ​តំបន់​។ យើង​បាន​ប្រុងប្រៀប​តបត​បើសិនជា​ចាំបាច់​»​។ ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ស្រង់​សម្ដី​លោក ឧ​ត្ត​ម​សេនីយ៍ Kenneth McKenzie ប្រមុខ​ទីបញ្ជាការដ្ឋាន​កណ្តាល​ប្រាប់​ទៅ​អ្នកសារព័ត៌មាន​បែបនេះ​នៅ​ថ្ងៃទី​២០ ខែធ្នូ ក្រោយ​បញ្ចប់​ទស្សនកិច្ច​ក្នុង​តំបន់​មជ្ឈិមបូព៌ា​។​
 
​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៤​រូបនេះ វាយតម្លៃថា អាមេរិក​ស្ថិតក្នុង​ជំហរ​ដ៏​ល្អ​មួយ ហើយ​បាន​ត្រៀម​រួចរាល់​ហើយ​ចំពោះ​អ្វីដែល​អ៊ីរ៉ង់ និង​បក្សពួក​អាចធ្វើ​មកលើ​អាមេរិក​។ លោក​ប្រាប់​ទៅកាន់​អ្នកសារព័ត៌មាន​មួយក្រុម​តូច​តាមរយៈ​ទូរ​សព្ទ តែ​មិន​ប្រាប់​ទីតាំង​របស់លោក​ឡើយ​។ 
 
​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ទីក្រុង​បា​ក់ដាដ លោក​បាន​ជួប​ជាមួយ​ក្រុម​សម្ព័ន្ធមិត្ត​ដែល​ប្រឆាំង​និង​ពួក​ជី​ហាដ មេទ័ព​អាមេរិក​នៅ​អ៊ីរ៉ាក់ និង​ឧ​ត្ត​ម​សេនីយ Abdul Amir Yarallah នាយសេនាធិការ​កងទ័ព​អ៊ីរ៉ង់​។ លោក​ក៏បាន​ទៅ​ជួប​កងកម្លាំង​អាមេរិក​នៅ​ស៊ី​រី ដែល​នៅ​ការពារ​ព្រំដែន​ជាមួយ​អ៊ីរ៉ាក់ និង​ហ្ស៊​កដា​នី​ផងដែរ​។​
 
​ក្នុង​រយៈពេល​ថ្មីៗ​នេះ ថ្នាក់ដឹកនាំ​កងទ័ព​អាមេរិក​បានបង្ហាញ​ពី​ការបារម្ភ​ចំពោះ​ចេតនា​របស់​អ៊ីរ៉ង់ ក្រោយ​ខ្លួន​បានសម្លាប់​ឧ​ត្ត​ម​សេនីយ៍ Soleimani ។ ជាក់ស្តែង​ដំណើរ​ទស្សនកិច្ច​របស់​ឧ​ត្ត​ម​សេនីយ៍ McKenzie នៅ​តំបន់​មជ្ឈិម​បូ​ពា៍​ក៏​ពុំបាន​ប្រកាស​ជាមុន​ដែរ​។ ដូចគ្នានេះដែរ ទស្សនកិច្ច​របស់​ឧ​ត្ត​ម​សេនីយ៍ Mark Milley អគ្គសេនាធិការ​ចម្រុះ​ទៅ​កាតា អា​រ៉ា​ប៊ី​សា​អូឌីត និង​អេ​មី​រ៉ាត់​អារ៉ាប់​រួម​ត្រូវបាន​រក្សា​ជាការ​សម្ងាត់​រហូតដល់​លោក​បញ្ចប់​ដំណើរ​ទស្សនកិច្ច​។​
 
​សូម​រំឭកថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ទើបបាន​បញ្ជា​ឲ្យ​រក្សា​វត្តមាន​កងទ័ព​អាមេរិក​ត្រឹមតែ​២,៥០០​នាក់​តែប៉ុណ្ណោះ​នៅ​អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្កា​នី​ស្ថាន​៕

Tag:
 ​អាមេរិក​
  អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com