COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
សេ​អ៊ូ​ល ហាម​ការជួបជុំ​ចាប់ពី​៥​នាក់​ឡើង ស្របពេល​ករណី​ឆ្លង​កូ​វីដ​-១៩ ហក់​ឡើង​ខ្លាំង​
21, Dec 2020 , 11:29 pm        
រូបភាព
ពលរដ្ឋកូរ៉េខាងត្បូង ដើរតាមផ្លូវសាធារណៈ នៅថ្ងៃទី ១២ ខែធ្នូ ។ រូបពី AFP
ពលរដ្ឋកូរ៉េខាងត្បូង ដើរតាមផ្លូវសាធារណៈ នៅថ្ងៃទី ១២ ខែធ្នូ ។ រូបពី AFP
ដោយ:
​រដ្ឋធានី​សេ​អ៊ូ​ល និង​តំបន់​ជុំវិញ បានដាក់​ចេញ​បម្រាម​ការជួបជុំ​មនុស្ស​ចាប់ពី​៥​នាក់​ឡើង​ទៀត អំឡុងពេល​បុណ្យ​ណូអែល និង​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ខាងមុខ​។ ការសម្រេច​នេះ ធ្វើឡើង​ខណៈដែល​ប្រទេស​កូរ៉េខាងត្បូង បាន​រកឃើញ​ករណី​ស្លាប់​ប្រចាំថ្ងៃ​ដោយសារ​ជំងឺ​កូ​វីដ​-១៩​ខ្ពស់បំផុត​របស់ខ្លួន នៅ​ថ្ងៃទី ២១ ខែធ្នូ ជាមួយនឹង​ករណី​ឆ្លង​ប្រចាំថ្ងៃ​នៅតែ​ខ្ពស់​ដដែល​។

 
​ខណៈ​រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​បដិសេធ​ចេញ​បញ្ជា​ឲ្យ​បិទ​ប្រទេស​ដូច​ដែលមាន​នៅតាម​ប្រទេស​ខ្លះ អាជ្ញាធរ​ក្រុង សេ​អ៊ូ​ល ខេត្ត Gyeonggi និង​ទីក្រុង Incheon បានសម្រេច​ដាក់ចេញ​បញ្ជាការ​រឹតបន្តឹង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​លើ​ការជួបជុំ​ចាប់ពី​ថ្ងៃទី ២៣ ដល់​ថ្ងៃទី ៣ ខែមករា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
«​យើង​ពុំ​អាច​យកជ័យ​ជម្នះ​វិបត្តិ​បច្ចុប្បន្ននេះ​បានឡើយ បើ​គ្មាន​ការកាត់បន្ថយ​ករណី​ឆ្លង​ជា​ចង្កោម ដែល​ផ្ទុះ​រាលរាល​តាមរយៈ​ការជួបជុំ​លក្ខណៈ​ឯកជន​ជាមួយ​ក្រុមគ្រួសារ មិត្តភក្តិ និង​មិត្ត​រួមការ​ងារ​»​។ អភិបាល​ស្ដីទី​រដ្ឋធានី​សេ​អ៊ូ​ល លោក Seo Jung-hyup  បញ្ជាក់​បែបនេះ នៅក្នុង​សន្និសីទ​ព័ត៌មាន​មួយ មុននឹង​សង្កត់ធ្ងន់ថា នេះ​ជា​ឱកាស​ចុងក្រោយ​ដើម្បី​បំបែក​ការឆ្លង​រាលដាល​នេះ​។ 
 
​បម្រាម​លើ​ការប្រមូល​ផ្ដុំគ្នា​នេះ អនុវត្ត​ទាំង​ក្នុងផ្ទះ និង​ទីសាធារណៈ លើកលែងតែ​ពិធី​បុណ្យសព និង​រៀបការ​ប៉ុណ្ណោះ​។  បច្ចុប្បន្ន ការជួប​ជុំគ្នា​ចាប់ពី​៩​នាក់​ឡើងទៅ ត្រូវ​ហាមឃាត់​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​រួចហើយ​។ 
​ទីក្រុង​ទាំងពីរ​នេះ និង​បូក​ទាំង​ខេត្ត​មួយ​ផង​នោះ មាន​ប្រជាជន​រស់នៅ​សរុប​ជិត​ពាក់កណ្ដាល​នៃ​ប្រជាជន​សរុប​ទាំង​៥១​លាន​នាក់​របស់​កូរ៉េខាងត្បូង​។ ក្នុង​ទីក្រុង សេ​អ៊ូ​ល ទីតាំង​កម្សាន្ត និង​ភោជនីយដ្ឋាន ជា​មុខសញ្ញា​ធំ​នៃ​ការឆ្លង​កូ​វីដ​-១៩ ជា​ចង្កោម​។ តួយ៉ាង​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ប៉ូលិស​ក្រុង​សេ​អ៊ូ​ល បាន​ចុះ​ឆែកឆេរ​ទីតាំង​កម្សាន្ត​មួយចំនួន ហើយ​ចាប់បាន​ជនសង្ស័យ​ល្មើស​វិធានការ​គម្លាត​សុវត្ថិភាព រហូតដល់ ៣៥​នាក់​។ 
​គិត​ត្រឹម​ថ្ងៃទី ២១ ខែធ្នូ កូរ៉េខាងត្បូង មាន​អ្នកស្លាប់​ដោយសារ​កូ​វីដ​-១៩​សរុប ៦៩៨​នាក់​ហើយ ក្រោយ​រកឃើញ​អ្នកស្លាប់​ថ្មី ២៤​នាក់​។ នេះ​ជា​ចំនួន​ករណី​ស្លាប់​ប្រចាំថ្ងៃ​ខ្ពស់បំផុត​របស់​ប្រទេស​នេះ​។ ទន្ទឹមនេះ កូរ៉េខាងត្បូង បាន​រាយការណ៍​ករណី​ឆ្លង​ជាង​១០០០​ករណី ៥​ថ្ងៃ​ជាប់​គ្នា ក្នុងពេល​១​សប្ដាហ៍​ចុងក្រោយ ដោយ​ទើបតែ​ធ្លាក់​ក្រោម​១០០០​ករណី នៅ​ថ្ងៃទី​២០ ខែធ្នូ​ប៉ុណ្ណោះ​៕ 
 

Tag:
 កូរ៉េខាងត្បូង​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com