ជាតិ
រថយន្ត
លោក SHARAF សប្បាយចិត្តដែលខ្លួនមានរថយន្តចាស់ម៉ាក CITROËN ដែលមានតែ២គ្រឿងគត់នៅកម្ពុជា
21, Dec 2020 , 8:19 pm        
រូបភាព
ភ្នំពេញ៖ លោក SHARAF Rami បានទិញ និងធ្វើទំនើបកម្មរថយន្ដចំណាស់មួយគ្រឿង ម៉ាក CITROËN (ស៊ីត្រូអ៊ែន) ប្រភេទ 2 Chevaux Vapeur ផលិតឆ្នាំ១៩៦៥។ គឺជារថយន្តដ៏កម្រនៅកម្ពុជា ខណៈដែលទូទាំងប្រទេសកម្ពុជា ទំនងមានរថយន្តប្រភេទនេះតែ ២គ្រឿងប៉ុណ្ណោះ។ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកសប្បាយចិត្តណាស់ ដែលបានអួតគេឯងថាខ្លួនជាម្ចាស់រថយន្តមួយគ្រឿងផលិតឆ្នាំ១៩៦៥។

 
សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក SHARAF Rami ម្ចាស់រថយន្ត ម៉ាក CITROËN ប្រភេទ 2 Chevaux Vapeur ដូចតទៅ៖
 
 
 
ក្រុមហ៊ុនផលិតរថយន្ត ម៉ាក CITROËN បានដំឡើងរថយន្ដ CITROËN បាប្រភេទ 2 Chevaux ពីឆ្នាំ១៩៥៨ រហូតដល់ឆ្នាំ១៩៦២ នៅខេត្តព្រះស៊ីហនុប្រទេសកម្ពុជា ដោយសហការជាមួយក្រុមហ៊ុនខ្មែរផលិតរថយន្ត ហៅកាត់ថា SKMA (Société Khmère de Montage Automobile) និងក្រោមការគ្រប់គ្រងរបស់លោក DESRUES Georges។ ទោះយ៉ាងណា ក្រោយសង្គ្រាម មិនមានសេសសល់រថយន្ត ម៉ាក CITROËN ដែលដំឡើងនៅកម្ពុជានោះទេ។ 
 
ពេលនោះ ទីតាំងចែកចាយរថយន្ត ម៉ាក CITROËN នេះ ក៏ត្រូវបានសាងសង់ឡើងដែរ ប៉ុន្តែគឺនៅរាជធានីភ្នំពេញ ពោលគឺលើវិថីព្រះវិហារ (ផ្លូវ៨២) សង្កាត់ស្រះចក ខណ្ឌដូនពេញ ដ្បិតសព្វថ្ងៃនេះ គេនៅឃើញឈ្មោះ CITROËN នៅជាប់នឹងអគារនេះនៅឡើយ ប៉ុន្តែវាបានក្លាយជាទៅជាហាងកាហ្វេ និងបន្ទប់ជួលសម្រាប់ពលរដ្ឋវិញ។ 
ក្រុមហ៊ុន CITROËN ក៏បានផ្ដល់ម៉ាស៊ីនសម្រាប់រថយន្ដម៉ាក Angkor ផលិតមុនសង្គ្រាម នៅខេត្តបាត់ដំបងដែរ។ ក្រុមហ៊ុន CITROËN ត្រូវបានបង្កើតឡើងនាឆ្នាំ១៩១៩ នៅប្រទេសបារាំង ដោយលោក CITROËN André។ សព្វថ្ងៃនេះ គឺជាកម្មសិទ្ធិរបស់ក្រុម PSA។
 
សូមបញ្ជាក់ថាឆ្នាំ១៩៥៩ លោក BAUDOT Jean-Claude និងលោក SEGUELA Jacques បានចាកចេញពីប្រទេសបារាំង ជិះរថយន្ដ CITROËN 2CV ជុំវិញពិភពលោក ដោយឆ្លងកាត់តាមប្រទេសកម្ពុជា។ ឯលោក SHARAF Rami វិញ គាត់បានជួប លោក SEGUELA Jacques ផ្ទាល់ខ្លួនឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ៕












 

Tag:
 រថយន្តបុរាណ
 យានយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com