COVID-19
ជាតិ
សង្គមជាតិ
​ក្រសួង​ការងារ​ផ្អាក​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ថៃ​បណ្ដោះអាសន្ន ខណៈ​ខេត្ត​សាមុត​សា​ខន​កំពុង​ផ្ទុះ​កូ​វីដ​-១៩
21, Dec 2020 , 8:18 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រេច​ផ្អាក​បញ្ជូន​ពលករ MOU និង​ពលករ តាម​រដូវ​កាល ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ជា​បណ្តោះអាសន្ន ក្រោយ​នុង​រយៈពេល ២៤​ម៉ោង ថៃ​បាន​រកឃើញ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន​៣៨២​ករណី​។ ក្នុងចំណោម​នោះ មនុស្ស​ចំនួន ៣៦០​នាក់ គឺជា​កម្មករ​ចំណាកស្រុក​នៅក្នុង​ខេត្ត​សាមុត​សា​ខន​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ​២០២០​។​

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ បានដាក់​វិធានការ ការពារ​សុខភាព សុវត្ថិភាព និង​ជីវភាព របស់​បងប្អូន​ពលក​រ​ខ្មែរ ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ក្នុងអំឡុងពេល​មានការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ក្នុង​ខេត្ត​សាមុត​សា​ខន នៃ​ប្រទេស​ថៃ​។​
 
​ក្រសួង​ការងារ បាន​បញ្ជាក់ថា សម្រាប់​បងប្អូន​ពលក​រ ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ត្រូវ​រក្សា​ភាពនឹងនរ និង​ជឿជាក់ លើ​សមត្ថកិច្ច​ថៃ ក្នុងការ​គ្រប់គ្រង បង្ការ និង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​។ មិនត្រូវ ផ្លាស់ប្តូរ កន្លែង​ស្នាក់នៅ ឬ​កន្លែងធ្វើការ​ងារ ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដែល​ខុស​នឹង​បម្រាម​របស់​អាជ្ញាធរ​ថៃ​។​
 
​បន្ថែម​លើ​នោះ ត្រូវ​ចូលរួម​សហការ និង​គោរព​ឱ្យបាន នូវ​រាល់​បទបញ្ជា និង​វិធានការ សុខាភិបាល​ដែល​កំណត់ ដោយ​អាជ្ញាធរ មាន​សមត្ថកិច្ច​ថៃ និង​និយោជក​ថៃ​។ ត្រូវ​អនុវត្តតាម ការណែនាំ ឬ​សេចក្តីជូនដំណឹង របស់​ស្ថាន​ឯកអគ្គរាជទូត ឬ​អគ្គ​កុងស៊ុល ប្រចាំ​ប្រទេស​ថៃ ប្រសិន​ជាមាន​។ បងប្អូន​ត្រូវ​លាងដៃ​ជាមួយនឹង​សាប៊ូ ឬ​ដែល​ឱ្យបាន​ញឹកញាប់ ពាក់​ម៉ាស និង​រក្សា​អនាម័យ​ឱ្យបាន​ល្អ និង​ជាប្រចាំ​នៅ​កន្លែងធ្វើការ​ងារ និង​កន្លែង​ស្នាក់នៅ ព្រមទាំង​កុំ​ចេញទៅ​កន្លែង​សាធារណៈ​ដែលមាន​មនុស្ស​ច្រើន​។​
 
 
​ក្រសួង បន្ថែមថា ពលករ ដែល​ចាំបាច់​ត្រូវ​ត្រឡប់មក​ស្រុកកំណើត​វិញ ត្រូវ​ជ្រើសរើស​ច្រក​ណាមួយ ក្នុងចំណោម​ច្រក​អូ​ស្មាច់ ច្រក​ដូង និង​ច្រក​ប៉ោយប៉ែត ជាដាច់ខាត ដែល​នៅ​ទីនោះ​រាជរដ្ឋាភិបាល​មាន​រៀបចំ​ការត្រួតពិនិត្យ​សុខភាព ដើម្បី​ការពារ​សុខភាព ក៏ដូចជា​បង្ការ និង​ការពារ​សុខភាព​ក្រុមគ្រួសារ របស់​បងប្អូន ដែល​នៅ​ស្រុកកំណើត​។​
 
​ពលករ​ទាំងអស់ ត្រូវអនុវត្ត​វិធានការ ត្រួតពិនិត្យ​សុខភាព និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ ទៅតាម​ការកំណត់​រប​ស់​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​នៅតាម​ច្រកព្រំដែន និង​ត្រូវ​ប្រើប្រាស់ រថយន្ត​ដែល​កំណត់ដោយ​មណ្ឌល ច​ត្តា​ឡី​ស័ក ក្រោយពេល​បញ្ចប់ ការធ្វើ​ច​ត្តា​ឡី​ស័ក ត្រឡប់​ទៅ​ភូមិកំណើត​។ ជាមួយគ្នានេះ ពលករ​ទាំងអស់ ត្រូវ​ជូនដំណឹង​ដល់​អាជ្ញាធរ​ភូមិ ឃុំ និង​អ្នកជិតខាង​ថា ខ្លួន​ទើប​វិលត្រឡប់​មកពី​ប្រទេស​ថៃ​។​
 
​ក្រសួង បញ្ជាក់​បន្ថែមថា ការផ្អាក​បញ្ជូន​ពលក​រ MOU និង​ពលករ​តាម​រដូវ​កាល ទៅ​ប្រទេស​ថៃ​នេះ គឺ​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី និង​ត្រូវ​បន្ត​ទំនាក់ទំនង ជាមួយ​អាជ្ញាធរ​ថៃ ក៏ដូចជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា ដើម្បី​ជួយ​សម្រួល​ដល់ ពលករ ក្នុងករណី​ចាំបាច់ តាម​ការសម្រេច​របស់​រាជរដ្ឋាភិបាល​។​
 
​កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​៣៦៣​នាក់ ជាសះស្បើយ​៣៤៥​នាក់ និង​នៅសល់​១៨​នាក់​ទៀត កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត មណ្ឌល​សុខភាព​ចាក់អង្រែ និង​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង និង​ហង់​សិន​៕ 

Tag:
 កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com