ជាតិ
យុវជនច្រៀងបទរ៉េប ២នាក់ ត្រូវបានតុលាការខេត្តសៀមរាប កាត់ទោសជាប់ពន្ធនាគារពី៥ខែទៅ១ឆ្នាំ
22, Dec 2020 , 12:06 pm        
រូបភាព
​សៀមរាប​៖ តុលាការ​ខេត្តសៀមរាប បានសម្រេច​ផ្តន្ទាទោស​យុវជន​២​នាក់ ដែល​ច្រៀង​ចម្រៀង​រ៉េ​ប បែប​រិះគន់​ពី​សង្គម​ខ្មែរ​នោះ ឲ្យ​ជាប់ពន្ធនាគារ​ពី​៥​ខែ ទៅ​១​ឆ្នាំ និង​៦​ខែ នៅ​ព្រឹក​ថ្ងៃទី​២២ ធ្នូ​នេះ​។ ពួកគេ​ទាំងពីរ​នេះ ជាប់ចោទ​ពីបទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​។​


 
​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តសៀមរាប លោក នូ វាសនា បានសម្រេច​ឲ្យ​យុវជន គា សុគន្ធ ម្ចាស់​បទ​ចម្រៀង​រ៉ែ​ប «​ដី​ខ្មែរ​» ជាប់ពន្ធនាគារ​១​ឆ្នាំ និង​៦​ខែ ។ ប៉ុន្តែ​យុវជន​រូបនេះ ត្រូវអនុវត្ត​ទោស​១​ឆ្នាំ ហើយ​នៅសល់​៦​ខែ ព្យួរទោស​។ ចំណែក​យុវជន ឡុង ពុទ្ធា​រ៉ា ដែលជា​ដៃគូ​ចម្រៀង ជាមួយ គា សុគន្ធ វិញ ត្រូវបាន​តុលាការ​សម្រេច​ឲ្យ​ជាប់ពន្ធនាគារ​៥​ខែ ដោយសារតែ​ជា​អ​និតិ​ជន​។ លោក នូ វាសនា សម្រេច​ឲ្យ ឡុង ពុទ្ធា​រ៉ា អនុវត្ត​ទោស​៣​ខែ នៅសល់​២​ខែ​ទៀត ព្យួរទោស​។​
 
​លោកស្រី គា ផា​រី ជា​បងស្រី​ទី​២​របស់​យុវជន គា សុគន្ធ ចាត់ទុក​ការសម្រេច​របស់​តុលាការ​នេះ​ថា ជា​រឿង​អយុត្តិធម៌​ណាស់ សម្រាប់​ប្អូនប្រុស​ខ្លួន​។ លោកស្រី ផា​រី ដែល​អះអាងថា ប្អូនប្រុស​ខ្លួន​គ្មាន​ចេតនា​ញុះញង់​ដូច​បទ​ចោទ​នោះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោកស្រី នឹង​ពិភាក្សា​ជាមួយ​មេធាវី ដើម្បី​ប្ដឹង​សារទុក្ខ​ទៅ​សាលាឧទ្ធរណ៍​ទៀត ចំពោះ​ករណី​សម្រេច​ផ្ដន្ទាទោស​លើ​ប្អូនប្រុស​ខ្លួន គា សុគន្ធ នេះ​។ 
 
​មន្ត្រីជាន់ខ្ពស់​នៃ​សមាគម​អាដហុក លោក សឹង សែន​ករុណា ចាត់ទុក​ការសម្រេច​របស់​តុលាការ​នេះ ជាការ​រឹតត្បិត​សិទ្ធិមនុស្ស ជាពិសេស​សិទ្ធិសេរីភាព​បញ្ចេញមតិ​ក្នុងសង្គម​។ មន្ត្រីជាន់ខ្ពស់​អាដហុក​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ក្នុងករណីនេះ​យើង​បានដាក់​ពាក្យ​ការពារ​ក្តី​ឲ្យ​គាត់​(​គា សុគន្ធ​)​ទៅតាម​នីតិវិធី​ផ្លូវច្បាប់​។ ហើយ​យើង​មានការ​សោកស្ដាយ​នៃ​ការសម្រេចសេចក្តី ឲ្យ​មានការ​ទទួលទោស ដោយសារ​ការបញ្ចេញមតិ​របស់គាត់​ហ្នឹង​។ ហើយ​យើង​ចង់ឃើញ​ការសម្រេច​នោះ ចង់​ឲ្យ​មានការ​ទម្លាក់​នូវ​បទចោទប្រកាន់​មកលើ​រូបគាត់​ហ្នឹង​»​។​
 
​កាលពី​ខែកញ្ញា​កន្លងមក យុវជន គា សុគន្ធ ម្ចាស់​បទ​ចម្រៀង​រ៉េ​ប «​ដី​ខ្មែរ​» ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​បញ្ជូនទៅ​តុលាការ ដោយ​សម្រេច​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​នេះ ក្រោយពី​យុវជន​រូបនេះ ច្រៀង​បង្ហោះ​តាម​បណ្ដាញ​សង្គម​រិះគន់​បញ្ហា​សង្គម និង​បញ្ហា​ព្រំដែន​។ ក្រោយមក​អាជ្ញាធរ ក៏​បន្ត​ឃាត់ខ្លួន​យុវជន ឡុង ពុទ្ធា​រ៉ា ដែលជា​ដៃគូ​ចម្រៀង​របស់​យុវជន គា សុគន្ធ ក្រោម​ហេតុផល​ដូចគ្នា​ថា ពួកគេ​ទាំងពីរ​តែង​ច្រៀង​បទ​រ៉េ​ប ដែល​បង្ក​ការ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ នៅតាម​បណ្ដាញ​យូ​ធូប​។ 
 
​ក្រៅ​ពីបទ «​ដី​ខ្មែរ​» យុវជន​ទាំងពីរ​នេះ បាន​ច្រៀង​រួមគ្នា​ជា​ចង្វាក់​រ៉េ​ប នូវ​បទ​ជាច្រើន​ទៀត ដូចជា បទ​ខ្មែរ​អើយ , ទឹកភ្នែក​រាស្ត្រ ជាដើម​។ បទ​ចម្រៀង​បែប​រិះគន់​សង្គម​របស់​យុវជន​ទាំងពីរ​នេះ បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាង​១​ឆ្នាំ​មកហើយ ពោលគឺ​តាំងពី​ឆ្នាំ​២០១៨​មក ប៉ុន្តែ​រដ្ឋាភិបាល​ទើបតែ​អនុវត្ត​ច្បាប់​។​
 
​សម្រាប់​លោក សឹង សែន​ករុណា ការឃាត់ខ្លួន និង​ចោទប្រកាន់​ពលរដ្ឋ ដែល​បញ្ចេញមតិ​តាម​រូបភាព​ផ្សេងៗ ពី​សំណាក់​អាជ្ញាធរ​នេះ វា​ជា​ដំណើរការ​នៃ​ការ​រឹតត្បិត​សិទ្ធិសេរីភាព​បញ្ចេញមតិ​នៅក្នុង​សង្គម​។ «​យើង​ឃើញថា មួយរយៈ​ចុងក្រោយ​នេះ រដ្ឋាភិបាល ហាក់ដូចជា​មានការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​ដែល​ប្រើប្រាស់​នូវ​បណ្ដាញ​សង្គម ក្នុងការ​បញ្ចេញមតិ​ហ្នឹង ដោយសារ​មាន​ស្ថានភាព​តានតឹង​មែនទែន រហូត​មានការ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដែល​ធ្វើ​ឲ្យ​អ្នក​ដែលមាន​ទឹកចិត្ត​ចង់​ចូលរួម​ធ្វើការ​រិះគន់​សង្គម ឬក៏​រិះគន់​ទៅលើ​រដ្ឋាភិបាល​ហ្នឹង គឺ​ចាប់ផ្ដើម​មានការ​ថមថយ មានការ​ភ័យខ្លាច ដោយសារ​ការចាត់វិធានកា​រ​ជា​បន្តបន្ទាប់ ពី​រដ្ឋាភិបាល​នេះឯង​»​។ នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​អាដហុក​។​
 
អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា លោក ជិន ម៉ា​លីន ធ្លាប់​អះអាងថា អាជ្ញាធរ​អនុវត្ត​លើ​អ្នកប្រព្រឹត្ត​ខុសច្បាប់ ដោយ​មិន​ប្រកាន់​និន្នាការ​ឡើយ​។​«​ការឃាត់ខ្លួន ការចោទប្រកាន់​(​សកម្មជន​សិទ្ធិមនុស្ស​) មិនមែន​ដោយសារ​ពួកគាត់​ធ្វើ​សកម្មភាព​ការពារ​សិទ្ធិមនុស្ស​ទេ គឺ​ដោយ​ការធ្វើ​បំពាន​ច្បាប់ មាន​មូលដ្ឋាន បង្កើត​ទៅជា​បទល្មើស​»​។ នេះ​ជាការ​អះអាង​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​។​
 
​ប៉ុន្តែ​យ៉ាងណា​លោក សឹង សែន​កុរ​ណា មើលឃើញថា ការបញ្ចេញមតិ ឬ​ការរិះគន់​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ វា​តែងតែ​កើតមាន តាម​គ្រប់​រូបភាព ដូច្នេះ​រដ្ឋាភិបាល ត្រូវតែ​បើក​ចិត្ត​ឲ្យ​ទូលាយ ទទួលយក​មតិ​ទាំងអស់នោះ​។​«​កាលណា​យើង​ប្រទេស​ប្រជាធិបតេយ្យ វា​ជាធម្មតា​ទេ វា​មិនមាន​អ្នក​ពេញចិត្ត​ចំពោះ​ការដឹកនាំ​គ្រប់ៗ​គ្នា​ទេ​។ ដូច្នេះ​ប្រទេស​យើង​មាន​ពលរដ្ឋ​ជាង​១០​លាន​នាក់​ឯណោះ អ៊ីចឹង​វា​ចៀស​មិន​ផុត​អី​ពី​អ្នកមាន​ប្រតិកម្ម មានការ​បញ្ចេញ​នូវ​ទស្សន មតិ​ផ្សេងៗ ។ អ៊ីចឹង​(​រដ្ឋាភិបាល​)​គួរតែមាន​ការបើក​ឲ្យ​ទូលំទូលាយ​នូវ​អ្វីដែល​អាច​ទទួលយកបាន យើង​ទទួល​យកទៅ ហើយ​បើ​ទទួលយក​មិនបាន​គួរតែមាន​ការអប់រំ និង​ធ្វើការ​បកស្រាយ​តាមរយៈ​សារព័ត៌មាន​វិញ​ទៅ ដោយ​យើង​កុំ​ប្រើប្រាស់​វិធានការ​ផ្លូវច្បាប់​ទៅ​ចាត់ការ​លើ​ពួកគេ​»​។ នេះ​ជាការ​លើកឡើង​របស់​ម​ន្ត្រី​អាដហុក​។​
 
​កន្លងមក​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ប្រកាស​ក្ដែ​ង​ថា ពលរដ្ឋ​គ្រប់រូប មាន​សិទ្ធិ​បញ្ចេញមតិ ប៉ុន្តែ​រាល់​ការបញ្ចេញមតិ​នោះ មិនត្រូវ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកដទៃ​ឡើយ​។ សម្ដេច ក៏​អះអាង​ទៀតថា រដ្ឋាភិបាល មិនបាន​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ​ឡើយ ហើយ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់ ទៅលើ​អ្នកប្រព្រឹត្តិ​ខុសច្បាប់​ប៉ុណ្ណោះ​។​
 
​កាលពីពេល​ថ្មី​នេះ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស ហៅ​កាត់​ថា​លីកាដូ បានចេញ​របាយការណ៍​មួយ​ថា គណបក្សកាន់អំណាច បាន​ប្រើប្រាស់​រដ្ឋសភា​និង​ព្រឹទ្ធសភា ដើម្បី​អនុម័ត​ឬ​រៀបចំ​ច្បាប់​ជាច្រើន ផ្ដល់​អំណាច​ស្ទើរតែ​គ្មាន​ដែន​កំណត់​ទៅ​រដ្ឋាភិបាល​។ លើសពីនេះ ក៏មាន​ការចាប់​និង​ឃុំខ្លួន អ្នក​ដែល​ហ៊ាន​ក្រោកឈរ​តស៊ូ​មតិ ដើម្បី​សិទ្ធិសេរីភាព​ទៀតផង​។

អត្ថបទទាក់ទង
 
 
​របាយការណ៍​៣​ឆ្នាំ​ចុង​ក្រោយនេះ អង្គការ​លីកាដូ សង្កេតឃើញ​អាជ្ញាធរ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកការពារ​សិទ្ធិមនុស្ស ,​តុលាការ​រំលាយ​គណបក្ស​ប្រឆាំង និង​រឹតត្បិត​សេរីភាព​សកម្មជន​កាន់តែខ្លាំង​។ ជាពិសេស នៅ​អំឡុងពេល​៦​ខែ​ចុង​ក្រោយនេះ ការបង្ក្រាប​សកម្មជន​ដែល​ក្រោកឈរ​តស៊ូ​មតិ​ជាមួយ​រដ្ឋាភិបាល កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ តែ​រដ្ឋាភិបាល ចាត់ទុក​របាយការណ៍​លីកាដូ ជាការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​៕

Tag:
 គា សុគន្ធ
  ឡុងពុទ្ធារ៉ា
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com