COVID-19
អន្តរជាតិ
អឺរ៉ុប អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​កូ​វីដ​-19 របស់​ក្រុមហ៊ុន Pfizer
22, Dec 2020 , 2:07 pm        
រូបភាព
ទីភ្នាក់ងារឱសថអឺរ៉ុប ដែលមានទីស្នាក់ការនៅក្នុងទីក្រុងអាំស្ទែដាំ ប្រទេសហូឡង់។ រូបភាព៖ Reuters
ទីភ្នាក់ងារឱសថអឺរ៉ុប ដែលមានទីស្នាក់ការនៅក្នុងទីក្រុងអាំស្ទែដាំ ប្រទេសហូឡង់។ រូបភាព៖ Reuters
​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​២១ ខែធ្នូ បានអនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន​ឱសថ Pfizer ដែល​សហការ​ជាមួយ​ក្រុមហ៊ុន BioNTech  ស្របពេល​ប្រទេស​អឺរ៉ុប​មួយចំនួន កំពុងមាន​ករណី​ឆ្លង​កើនឡើង​។ បើតាម​ផែនការ អឺរ៉ុប​គ្រោង​នឹង​ចាក់​វ៉ាក់សាំង​លើ​ប្រជាជន​របស់ខ្លួន​ទាំងអស់ ដែលមាន​ប្រមាណ ៤៥០​លាន​នាក់​។

 
​បន្ទាប់ពី​មានការ​ផ្តល់​ភ្លើង​បៃតង​ពី​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប (EMA) សហភាព​អឺរ៉ុប បានផ្តល់​ការយល់ព្រម​ចុងក្រោយ​ក្នុងការ​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer និង​ដៃគូ​សហការ BioNTech ។ បើសិន​បើ​គ្មាន​ការប្រែប្រួល​ទេ ប្រទេស​អឺរ៉ុប​មួយចំនួន ដូចជា​អាល្លឺម៉ង់ បារាំង អូទ្រីស និង​អ៊ីតាលី នឹង​ចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅក្នុង​ប្រទេស​នៅ​ថ្ងៃទី​២៧ ខែធ្នូ ខាងមុខ បន្ទាប់ពី​បុណ្យ​ណូអែល​។ 
 
​ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី អឺ​ស៊ុ​ឡា វ៉ុ​ន ដឹ លៃ​អេ​ន បាន​លើកឡើងថា វ៉ាក់សាំង នឹងមាន​សម្រាប់​គ្រប់​ប្រទេស​អឺរ៉ុប​ទាំងអស់ និង​គ្រប់​លក្ខខណ្ឌ​។ «​យើង​បានដាក់​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង ដែលមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ដំបូង​ប្រឆាំង​កូ​វីដ​-១៩​។ វ៉ាក់សាំង​ជាច្រើន នឹង​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ​»​។ ប្រធាន​គណៈកម្មការ​អឺរ៉ុប បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា នេះ​ជា​ជោគជ័យ​មួយទៀត​របស់​អឺរ៉ុប​។ 
 
​ចំណែក​រដ្ឋមន្ត្រី​សុខាភិបាល​អ៊ីតាលី លោក Roberto Speranza ក៏បាន​សាទរ​ការអនុញ្ញាត​រប​ស់​សហភាព​អឺរ៉ុប​ដែរ ដោយ​ចាត់ទុក​ដំណឹង​មួយ​នេះ ជា​អ្វីដែល​ប្រទេស​មួយចំនួន​រង់ចាំ ហើយ​វា​ជា​ដំណាក់កាល​ថ្មី​មួយ ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​រាតត្បាត​សកល​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន BioNTech បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ក្នុងការ​ដឹកជញ្ជូន​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ នៅ​ដំណាក់កាល​ដំបូង​។ បើតាម​ការបញ្ជា​ក់រប​ស់​ក្រុមហ៊ុន​ទាំងពីរ វ៉ាក់សាំង​សម្រាប់​អឺរ៉ុប នឹង​ផលិត​នៅក្នុង​ទីតាំង​ពីរ​ផ្សេងគ្នា ដោយ​ក្រុមហ៊ុន BioNTech ផលិត​វ៉ាក់សាំង​នៅ​អាល្លឺម៉ង់ និង​ក្រុមហ៊ុន Pfizer នឹង​ផលិត​វ៉ាក់សាំង​នៅ​បែលហ្ស៊ិក​។​
 
​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​នេះ ធ្វើឡើង​ស្របពេល អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ក្រុម​កូ​រ៉ូ​ណាវី​រុស​ថ្មី ដែល​ឆ្លង​ខ្លាំង​ជាង​មុន​រហូតដល់ ៧០​ភាគរយ នៅ​អង់គ្លេស​។ ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី EMA បាន​បញ្ជាក់ថា វ៉ាក់សាំង​ទំនងជា​មាន​ប្រសិទ្ធភាព​ខ្ពស់​ដដែល ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ​ក្រុម​កូ​រ៉ូ​ណា​វីរុស​ថ្មី​។ តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Sky News មេរោគ​ទម្រង់​ថ្មី បាន​រាតត្បាត​ដល់​ដា​ណឺ​ម៉ាក​, អ៊ីតាលី​, កោះ​ហ្ស៊ី​ប្រា​ល់តា​, ហូ​ឡង់ និង​អូស្ត្រាលី​។ 
 
​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ ក្រុមគ្រូពេទ្យ​ថែទាំ​អ្នកជំងឺ​កូ​វីដ​-១៩ និង​ប្រជាជន​វ័យ​ចំណាស់ នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​មុន​។ កន្លងមក អឺរ៉ុប បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន Pfizer ចំនួន ២០០​លាន​ដូ​ស សម្រាប់​ចាក់​លើ​មនុស្ស​ចំនួន ១០០​លាន​នាក់​សិន ដោយ​មួយ​ដូ​សត​ម្លៃ ១៨,៩០​ដុល្លារ​។ បន្ថែម​ពីនេះ ចំនួន​វ៉ាក់សាំង​ផ្សេងទៀត កំពុងស្ថិត​ក្រោម​ការចរចា​។​
 
​សូមបញ្ជាក់ថា ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​របស់​អឺរ៉ុប​នេះ ធ្វើឡើង​ក្រោយពេល អង់គ្លេស និង​អាមេរិក បានដាក់​ចេញ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅក្នុង​ប្រទេស​៕ 

Tag:
 អឺរ៉ុប​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com