កីឡាអន្តរជាតិ
អន្តរជាតិ
Lewandowski សារភាពថា ធ្លាប់​ចង់ទៅ Man Utd មុន​ទៅលេង​ឲ្យ Bayern
23, Dec 2020 , 9:29 pm        
រូបភាព
ដោយ៖​ជា យូ​គៀង
 
​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប៉ូឡូញ Robert Lewandowski ដែលជា​តារាបាល់ទាត់​ឆ្នើម​លើ​ពិភពលោក​ប្រចាំ​ក្រុម​អាល្លឺម៉ង់ Bayern Munich សារភាពថា រូបគេ​ត្រៀមខ្លួន​រួចហើយ​ដើម្បី​ទៅលេង​ឲ្យ​ក្រុម​អង់គ្លេស Manchester United កាលពី​ឆ្នាំ​២០១២ ។ ប៉ុន្តែ​ការផ្ទេរ​រូបគេ​ទៅ​អង់គ្លេស​មិនអាច​កើត​បាន​ដោយសារ Dortmund មិន​ព្រម​។

 
​ខ្សែប្រយុទ្ធ​របស់​ក្រុម Bayern Munich Robert Lewandowski បាន​ប្រាប់ France Football ថា រូបគេ​បាន​ធ្លាប់​ជជែក​ជាមួយ​លោក Sir Alex Ferguson ពី​ការផ្ទេរ​ទៅកាន់​ទឹកដី Old Trafford ក្នុង​ឆ្នាំ ២០១២​។ កាល​ឆ្នាំ​នោះ កីឡាករ​សញ្ជាតិ​ប៉ូឡូញ​រូបនេះ មាន​ដំណឹង​លេចឮ​មិន​ដាច់​ទាក់ទង​ក្នុងការ​ផ្លាស់​ទៅ​ទឹកដី​អង់គ្លេស ខណៈពេលដែល​កំពុង​លេង​នៅ​ក្លឹប Borussia Dortmund ។ 
 
​ទោះជា​យ៉ាងណា ការផ្ទេរ​ត្រូវបាន​បរាជ័យ ហើយ Lewandowski ក៏​ទៅ​ចូលរួម​ជាមួយ​ក្លិប Bayern Munich ជាមួយនឹង​ការផ្ទេរ​ដោយ​គ្មាន​ត​ម្លែ​ខ្លួន​ក្នុង​ឆ្នាំ​២០១៤​។ រូបគេ​រកបាន​គ្រាប់​បាល់​ដោយ​ស៊ុត​បាល់​បញ្ចូល​ទី ២៦៦ គ្រាប់ នៅក្នុង​ការបង្ហាញ​ខ្លួន ៣០៧ ប្រកួត​សំរាប់​ក្រុម Bayern Munich​។​
Lewandowski ក៏​ជា​បប់​ឈ្មោះ​ជា​កីឡាករ​ឆ្នើម FIFA man’s Player of 2020 ដែរ​។ 
 
Lewandowski ប្រាប់ France Football ទៀតថា អាជីព​របស់គេ​ក៏​អាច​នឹង​ខុសពី​បច្ចុប្បន្ន ប្រសិនបើ Dortmund មិន​រារាំង​ការផ្ទេរ​ទៅ Premier League ទេនោះ​។ រូបគេ​និយាយថា​៖ «​បន្ទាប់ពី​នៅ​ជាមួយ Dortmund រយៈពេល​២​ឆ្នាំ ខ្ញុំ​បាន​ជជែក​គ្នា​ជាមួយ​លោក Sir Alex Ferguson​។ គាត់​ចង់បាន​ខ្ញុំ​ទៅ​ចូលរួម​ជាមួយ Manchester United»​។ 
 
​កីឡាករ​រូបនេះ បាន​សារភាពថា រូបគេ​ក៏​ចាប់អារម្មណ៍ ហើយ​ត្រៀមខ្លួន​រួចរាល់​ហើយ​ដែរ​។ ប៉ុន្តែ Dortmund មិន​ព្រម​ឲ្យ​រូបគេ​ទៅ​ឡើយ​។ សម្រាប់ Lewandowski វា​ក៏​មិនមែនជា​រឿង​ដែល​ត្រូវ​សោកស្តាយ​នោះទេ ព្រោះ​គ្រប់យ៉ាង​ជាមួយ Dortmund ក៏​ល្អ​ដែរ​។​
 
​ទីបំផុត លោក Ferguson បាន​ចុះ​កុងត្រា​យក Robin van Persie ពី​ក្លឹប Arsenal នៅក្នុង​រដូវ​កាល ២០១២-២០១៣ ហើយ​បាន​ជួយ​ឲ្យ​បិសាច​ក្រហម​ឈ្នះ​ពានរង្វាន់ Premier League នៅ​រដូវ​កាល​ដឹកនាំ​ចុងក្រោយ​ក្នុងការ​ដឹកនាំ​ដ៏​អស្ចារ្យ​របស់​អ្នកចាត់ការ​ទូរ​ទៅ​រូបនេះ​។ ចំណែក Lewandowski ក៏​ទៅ​លេខ​ឲ្យ Bayern Munich នៅ​ឆ្នាំ​២០១៤ ៕
 

Tag:
 Robert Lewandowski
© រក្សាសិទ្ធិដោយ thmeythmey.com