អន្តរជាតិ
ចិន ប្រឆាំង​អាមេរិក​ដែល​អនុម័ត​ច្បាប់​គាំទ្រ​ទី​បេ​ជ្រើសរើស​អ្នក​បន្តវេន​ពីស​ម្តេច​សង្ឃ​ដា​ឡៃ ឡា​ម៉ា​
24, Dec 2020 , 8:29 am        
រូបភាព
សម្តេចសង្ឃទីបេដាឡៃ ឡាម៉ា។រូបភាព៖AFP
សម្តេចសង្ឃទីបេដាឡៃ ឡាម៉ា។រូបភាព៖AFP
ដោយ:
​នៅ​ថ្ងៃទី​២២ ខែធ្នូ មេដឹកនាំ​ទី​បេ​ដែល​និរទេស​ខ្លួន បាន​សាទរ​ការអនុម័ត​ច្បាប់​មួយ​ដោយ​សភា​អាមេរិក ដែល​ទទួលស្គាល់​សិទ្ធិ​របស់​ជនជាតិ​ទី​បេ​ក្នុងការ​ជ្រើសរើស​អ្នក​ស្នង​តំណែង​ពីស​ម្តេច​សង្ឃ​ដា​ឡៃ ឡា​ម៉ា ។ ការអនុម័ត​ច្បាប់​របស់​អាមេរិក​នេះ ធ្វើ​ឲ្យ​ចិន​ខឹងសម្បារ ដោយសារតែ​ចិន​អះអាងថា មានតែ​រដ្ឋាភិបាល​ខ្លួន​ទេ​ដែលមាន​សិទ្ធិ​ក្នុងការ​ជ្រើសរើស​អ្នក​បន្តវេន​នេះ​។

 
​លោក Lobsang Sangya ប្រធាន​រដ្ឋបាលកណ្តាល​ទី​បេ ដែលជា​រដ្ឋាភិបាល​ទី​បេ​និរទេស​នៅ​ឥណ្ឌា និយាយថា ការអនុម័ត​ច្បាប់​គោលនយោបាយ និង​គាំទ្រ​ទី​បេ (TPSA)​ដោយ​សភា​តំណាង និង​ព្រឹទ្ធសភា​អាមេរិក ជា​រឿង​ប្រវត្តិសាស្ត្រ​។ ច្បាប់​នេះ​តម្រូវ​ឲ្យ​អាមេរិក បង្កើត​ស្ថាន​កុងស៊ុល​នៅ​ទីក្រុង​ឡា​សា នៃ​តំបន់​ទី​បេ ក៏ដូចជា​គាំទ្រ​សិទ្ធិ​របស់​ជនជាតិ​ទី​បេ​ក្នុងការ​ជ្រើសរើស​អ្នក​បន្តវេន​ពីស​ម្តេច​សង្ឃ​ដា​ឡៃ ឡា​ម៉ា ការជំរុញ​ឲ្យ​មាន​សន្ទនា​រវាង​រដ្ឋាភិបាល​ចិន និង​សម្តេច​សង្ឃ​ទី​បេ​ផង​។​
 
«​ជាមួយនឹង​ការអនុម័ត​ច្បាប់​នេះ សភា​អាមេរិក​បានបង្ហាញ​សារ​ថា ទី​បេ បន្ត​ជា​អាទិភាព​របស់​អាមេរិក ហើយ​អាមេរិក​នឹង​បន្ត​ការគាំទ្រ​ចំពោះ​សម្តេច​សង្ឃ​ដា​ឡៃ ឡា​ម៉ា និង​រដ្ឋបាលកណ្តាល​ទី​បេ​»​។ លោក​Sangay លើកឡើង​បែបនេះ ដោយ​បន្តថា នេះ​ជា​ជ័យជម្នះ​សម្រាប់​សេរីភាព​ជនជាតិ​ទី​បេ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ការអនុម័ត​ច្បាប់​ដោយ​សភា​អាមេរិក​ក្នុងការ​គាំទ្រ​សិទ្ធិ​ជនជាតិ​ទី​បេ​ក្នុងការ​ជ្រើសរើស​អ្នក​ស្នង​តំ​ណែ ធ្វើ​ឲ្យ​ចិន​ប្រតិកម្ម និង​ចោទ​អាមេរិក​ពី​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​។ តាំងពីដើម​មក ចាត់ទុក​សម្តេច​សង្ឃ​ដា​ឡៃ ឡា​ម៉ា បច្ចុប្បន្ន ជា​អ្នកបះបោរ​ដ៏​គ្រោះថ្នាក់​ក្នុងការ​ផ្តាច់​តំបន់​ទី​បេ​ពី​ចិន​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២២ ខែធ្នូ លោក Wang Wenbin អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បានស្នើ​ប្រធានាធិបតី​អាមេរិក​កុំ​ចុះហត្ថលេខា​លើ​ច្បាប់​នេះ​។​
 
«​យើង​ទទូច​ឲ្យ​ភាគី​អាមេរិក ឈប់​លូកលាន់​ចូល​កិច្ចការ​ផ្ទៃក្នុង​ចិន និង​ចៀសវាង​ការចុះហត្ថលេខា​អនុម័ត​ច្បាប់​នេះ ដើម្បី​បញ្ចៀស​ការប៉ះពាល់​លើ​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ទ្វេភាគី​»​។ នេះ​ជាការ​លើកឡើង​របស់លោក Wang ។​
 
 
​សូមបញ្ជាក់ថា នៅ​ឆ្នាំ​១៩៥០ ចិន​បាន​បញ្ជូន​កងទ័ព​ទៅកាន់​កាប់​ទី​បេ ដោយ​អះអាងថា ជាការ​រំដោះ​ដោយ​សន្តិភាព​។ ចាប់ពីពេលនោះ​មក ទី​បេ​ក្លាយជា​តំបន់​ដែល​មានការ​រឹតត្បិត​ជាងគេ និង​រសើប​បំផុត​ក្នុងប្រទេស​ចិន​។ ចំណែក​សម្តេច​សង្ឃ​ដា​ឡៃ ឡា​ម៉ា បាន​និរទេស​ចេញពី​ទី​បេ​ក្នុង​ឆ្នាំ​១៩៥៩ ក្រោយ​បរាជ័យ​ក្នុងការ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​ចិន​។​
 
​ការជ្រើសរើស​សម្ដេច​ស​ង្ឃ​ដា​ឡៃ ឡា​ម៉ា ថ្មី ជា​រឿងចម្រូងចម្រាស​មួយ​។ កន្លងទៅ​ចិន ធ្លាប់បាន​អះអាងថា រដ្ឋាភិបាល​របស់ខ្លួន​មាន​សិទ្ធិ​ក្នុងការ​យល់ព្រម​លើ​សំណើ​ក្នុងការ​តែងតាំង​អ្នក​ស្នង​តំណែង​ពីស​ម្តេច​សង្ឃ​ដា​ឡៃ ឡា​ម៉ា ដែល​ស្នើ​ដោយ​សម្ដេច​សង្ឃ ប៉ាន​ឈិន ឡា​ម៉ា ។ ប៉ាន​ឈិន ឡា​ម៉ា ជា​បុគ្គលិក​មាន​ឥទ្ធិពល​ទី​ពីរ​នៅ​ទី​បេ និង​ជា​អ្នកកំណត់​បេក្ខភាព​សម្ដេច​សង្ឃ​ដា​ឡៃ ឡា​ម៉ា ថ្មី​ដែរ​។ 
 
​ប៉ុន្តែ​ប៉ាន​ឈិន ឡា​ម៉ា ពិតប្រាកដ​ត្រូវ​ឃុំខ្លួន​ដោយ​អាជ្ញាធរ​ចិន ហើយក៏​តែងតាំង​អ្នកថ្មី ដែល​បច្ចុប្បន្ន​ជា​សមាជិក​ជាន់ខ្ពស់​បក្ស​កុម្មុយនីស្ត​ចិន​ផង​។ ប្រជាជន​ទី​បេ ពិសេស​អ្នក​និរទេស​ខ្លួន មិន​ទទួលស្គាល់​ប៉ាន​ឈិន ឡា​ម៉ា ដែល​តែងតាំង​ដោយ​រដ្ឋាភិបាល​ចិន​ឡើយ ហើយ​ទាមទារ​ឲ្យ​ចិន​ដោះលែង​ប៉ាន​ឈិន ឡា​ម៉ា ពិតប្រាកដ​វិញ​៕
 
 

Tag:
 ទី​បេ​
 ​ចិន​
 ​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com