ជាតិ
សង្គមជាតិ
គ្មាន​ការប្រគំ​តន្ត្រី ការរៀបចំ​ស្តង់​លក់​ផលិតផល​នាឱកាស​បុណ្យ​ណូអែល និង​ចូលឆ្នាំ​សកល​ឡើយ​
24, Dec 2020 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ​ហាម​ការរៀបចំ​ប្រគំ​តន្ត្រី និង​ការរៀបចំ​ស្តង់​លក់​ផលិត​ផ្សេងៗ​នៅតាម​ទីសាធារណៈ​នានា រួមទាំង​មានការ​ជួបជុំគ្នា​លើសពី​២០​នាក់​ឡើងទៅ នា​ថ្ងៃបុណ្យ​ណូអែល និង​បុណ្យចូលឆ្នាំ​សកល​ខាងមុខនេះ​។ បម្រាម​របស់​សាលាក្រុង​នេះ​គឺធ្វើឡើង​ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។

 
​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នា​ថ្ងៃទី​២៣ ខែធ្នូ​ថា នា​ថ្ងៃបុណ្យ​ណូអែល និង​បុណ្យចូលឆ្នាំ​សកល​ខាងមុខនេះ សាលា​រាជធានី​ភ្នំពេញ​បាន​បង្គាប់​ឲ្យ​អាជ្ញាធរ​គ្រប់​ខណ្ឌ​ទាំង​១៤​ក្នុង​រាជធានី​ភ្នំពេញ​ត្រៀម​ត្រួត​ពិនិត្យមើល​ស្ថានភាព​នៅ​គ្រប់​មូលដ្ឋាន និង​ណែនាំ​ដល់​ពលរដ្ឋ​កុំ​មានការ​ជួបជុំគ្នា​លើសពី​២០​នាក់​ឡើងទៅ​។ 
«​ខ្ញុំ​បាន​ផ្សព្វផ្សាយ​ទៅតាម​បណ្តា​ខណ្ឌ​ទាំង​១៤​ហើយ​ឲ្យ​អនុវត្តតាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល ឲ្យ​ពួកគាត់​ហាម​ពលរដ្ឋ​ដែលមាន​ការជួបជុំ ដូចជា​ការប្រគំ​តន្ត្រី និង​ពិធី​ធំៗ​នៅតាម​សាធារណៈ​ដែល​យើង​មើលទៅ​មាន​ហានិភ័យ​ឆ្លង​វីរុស​កូ​វីដ​-១៩ ដែលមាន​មនុស្ស​លើស​២០​នាក់​ឡើងទៅ ដោយ​គ្មាន​រក្សា​គម្លាត​សុវត្ថិភាព​។ នេះ​ជាការ​លើកឡើង​របស់​អភិបាល​រាជធានី​ភ្នំពេញ​ដែល​បញ្ជាក់ថា​ពលរដ្ឋ​អាច​ជួបជុំ​ក្នុង​លក្ខណៈ​គ្រួសារ​។ ប៉ុន្តែ​ត្រូវគោរព​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​។  
 
​លោក ឡុង ប៉ុណ្ណា​សិរី​រត្ន អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏បាន​បញ្ជាក់ថា​ក្រសួង​វប្បធម៌​នៅតែ​ណែនាំ​ដល់​ពលរដ្ឋ​បន្ត​ផ្អាក​ការរៀបចំ​ពិធីបុណ្យ​ប្រពៃណី​ផ្សេងៗ​ដូចជា ពិធី​រៀប​អាពាហ៍ពិពាហ៍ ពិធីជប់លៀង ឬ​កម្មវិធី​ផ្សេងៗ​ដែល​ប្រមូលផ្តុំ​ដោយ​មនុស្ស​ច្រើន តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ផងដែរ​។ 
 

 
​នា​ថ្ងៃទី​១៥ ខែធ្នូ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​សារ​ណែនាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ត្រូវ​បន្ត​រស់នៅ​បែប​គន្លង​ថ្មី ដោយ​មិនត្រូវ​មានការ​ជួបជុំគ្នា​ច្រើន​ឡើយ​។ រាជរដ្ឋាភិបាល​ហាម​ពលរដ្ឋ​ឲ្យ​មានការ​ជួបជុំ​មនុស្ស​កុះករ ដោយ​យល់ថា​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​អាច​គ្រប់គ្រង​បាន ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​មិនទាន់​បញ្ចប់​ទាំងស្រុង​ឡើយ​។  ខណៈ​កម្ពុជា​កំពុង​គ្រប់គ្រង​លើ​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ ដោយសារ​ក្នុង​ខេត្ត​សាមុត​សា​ខន​នៃ​ប្រទេស​ថៃ​កំពុង​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។​
 
​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ដូច្នេះ​ថា​៖«​ក្នុងនាម​ជា​រាជរដ្ឋាភិបាល សុំ​ការយោគយល់​ពី​ព្រះសង្ឃ ពី​ប្រជាពលរដ្ឋ ដើម្បី​សុំ​រក្សា​ស្ថានភាព​ដូច​សព្វ​ថ្ងៃមួយ​រយៈពេល​ទៀត ដើម្បី​ធានា​ឲ្យ​ប្រាកដថា​ជំងឺ​កូ​វីដ​-១៩​ដែល​បាន​ឆ្លង​ចូលក្នុង​សហគមន៍​២៨​វិច្ឆិកា​បាន​ផុតរលត់​ពិតប្រាកដ​ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​គ្រប់គ្នា​។ ពេលនេះ​ជា​ពេលដែល​យើង​ត្រូវ​ជ្រើសរើស​ហើយ​វ​វាង​ការឆ្លង​មកលើ​ខ្លួន​យើង ជាមួយនឹង​ការកម្សាន្ត​នៅ​ថ្ងៃបុណ្យ​ណូអែល និង​បុណ្យចូលឆ្នាំ​សកល​»​។ 
 
​លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ទាំងអស់​បន្ត​អនុវត្ត​នូវ​វិធានការ ៣​ការពារ គឺ​ពាក់​ម៉ាស់ លាងដៃ និង​រក្សា​គម្លាត និង​៣​កុំ គឺ​កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន កុំទៅ​កន្លែង​ដែល​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល និង​កុំ​ប៉ះពាល់​គ្នា ជួបជុំ កុំ​ចាប់ដៃគ្នា កុំ​ឱប​គ្នា កុំ​កៀក​គ្នា​ដើម ដើម្បី​ជៀសផុត​ពី​ជំងឺ​កូ​វីដ​-១៩ នា​ថ្ងៃបុណ្យ​ណូអែល និង​បុណ្យចូលឆ្នាំ​សកល​ខាងមុខនេះ​។  
 
​រដ្ឋលេខាធិការ​នៃ​ក្រសួងសុខាភិបាល​រូបនេះ​បាន​ណែ​នាំទៅ​ពលរដ្ឋ​ដូច្នេះ​ថា​៖«​យើង​មិនត្រូវ​មើលស្រាល​លើ​លទ្ធភាព​នៃ​វីរុស​កូ​វីដ​-១៩ និង​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​នេះឡើយ ដែល​អាច​កើតឡើង​គ្រប់​កាលៈទេសៈ គ្រប់ពេលវេលា គ្រប់​ទីកន្លែង លើ​បុគ្គល​ដែល​មិនបាន​ការពារ​ខ្លួន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​សម្តេច​នាយករដ្ឋមន្ត្រី និង​ក្រសួងសុខាភិបាល​។ ការធ្វេសប្រហែស​របស់​បុគ្គល​នឹង​អាច​នាំមក​នូវ​ការចម្លង​វីរុស​កូ​វីដ​-១៩  ក្នុង​គ្រួសារ  និង​ក្នុង​សហគម​ន៌​ដោយ​មិនដឹង​ខ្លួន​»​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២៣ ខែធ្នូ​នេះ អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ ដែលជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា មាន​ចំនួន​៣២​នាក់​ហើយ ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ចំនួន​៤១​នាក់ នៅសល់តែ​អ្នកជំងឺ​៩​នាក់​ទៀត កំពុង​បន្ត​ការព្យាបាល​។ 
 
​បច្ចុប្បន្ន​កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​៣៦៣​នាក់ ក្នុងនោះ​ជាសះស្បើយ ៣៤៩​នាក់ ។ ចំណែក​អ្នកជំងឺ​នៅសល់​១០​នាក់​ទៀត កំពុង​បន្ត​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត , រីឯ​១​នាក់​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ និង​៣​នាក់​ទៀត​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង និង​ហង់​សិន​៕ 
 

Tag:
 បុណ្យ​ណូអែល​
 ​ចូលឆ្នាំ​សកល
© រក្សាសិទ្ធិដោយ thmeythmey.com