អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ ទាត់ចោល​សេចក្តីស្នើច្បាប់​ការពារជាតិ​ឆ្នាំ​២០២១
24, Dec 2020 , 3:39 pm        
រូបភាព
លោក ដូណាល់ ត្រាំ ប្រធានាធិបតីជិតផុតអាណត្តិអាមេរិក ។ រូបពី AFP
លោក ដូណាល់ ត្រាំ ប្រធានាធិបតីជិតផុតអាណត្តិអាមេរិក ។ រូបពី AFP
ដោយ:
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ច្រានចោល​សេចក្តីស្នើច្បាប់​កញ្ចប់​ថវិកា​ការពារជាតិ​ឆ្នាំ​២០២១ ទំហំ​៧៤០​ពាន់​លាន​ដុល្លារ​ដែល​អនុម័ត​ដោយ​សភា​។ លោក​ចោទថា កញ្ចប់​ថវិកា​នេះ នឹង​ជួយ​រុស្ស៊ី និង​ចិន  ហើយ​លោក​ក៏​ប្រឆាំង​ផែនការ​ផ្លាស់ប្តូរ​ឈ្មោះ​មូលដ្ឋានទ័ព​ដែលមាន​ចែង​ក្នុង​សេចក្ដីស្នើច្បាប់​នេះ​។ ការ​វ៉េតូ​របស់លោក ត្រាំ ទំនងជា​មិនបាន​ផល​ឡើយ ខណៈ​សភា​មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​បដិសេធ​វ៉េតូ​នេះ​។​

 
​លោក ដូ​ណា​ល់ ត្រាំ បាន​រិះគន់​ច្បាប់​ការពារជាតិ​អាមេរិក (NDAA) ប្រចាំឆ្នាំ​២០២១ ថា មិន​ឆ្លើយតប​នឹង​ការទាមទារ​លោក​ទាក់ទង​មាត្រា​២៣០ ។ បើ​គ្មាន​ការផ្លាស់ប្តូរ មាត្រា ២៣០ ទេនោះ លោក ត្រាំ អះអាងថា ច្បាប់​ថវិកា​យោធា​ឆ្នាំ​២០២១ គឺជា អំណោយ​សម្រាប់​ចិន និង​រុស្ស៊ី ។ 
 
​មាត្រា ២៣០ ដែល​លោក ត្រាំ សំដៅ​នោះ មាន​ចែងថា ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ទទួល​សិទ្ធិ​ការពារ​តាមផ្លូវ​ច្បាប់​ចំពោះ​មាតិកា​ស្ទើរតែ​ទាំងអស់​ដែល​បង្ហោះ​ដោយ​អ្នកប្រើប្រាស់​ខ្លួន​។ ក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី​២៣ ខែធ្នូ លោក​ត្រាំ លើកឡើងថា មាត្រា ២៣០ ជួយ​សម្រួល​ដល់​ការរីក​រាលដាល​នៃ​ព័ត៌មាន​ក្លែងក្លាយ​តាម​អន​ឡាញ​ពី​បរទេស ដែល​បង្ក​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ ហើយ​លោក​ទាមទារ​ឲ្យ​កែប្រែ​ចំណុច​នេះ​។ 
 
​មែនទែនទៅ ការកែប្រែ​មាត្រា ២៣០ បាន​ក្លាយជា​កម្មវត្ថុ​អាទិភាព​សម្រាប់​រដ្ឋបាល​លោក​ត្រាំ ក្នុងពេល​២​ឬ​៣​ខែ​ចុងក្រោយ​។ ជាក់ស្តែង លោក ត្រាំ កាលពី​ខែឧសភា បាន​ចុះហត្ថលេខា​លើ​បញ្ជា​ប្រតិបត្តិ​មួយ ដោយ​ទទូច​ឲ្យ​គណៈកម្មការ​គមនាគមន៍​សហព័ន្ធ​បកស្រាយ​ច្បាប់​នេះ​ឡើងវិញ​។ 
 
​បញ្ជា​របស់លោក​ប្រធានាធិបតី​នេះដែរ ធ្វើឡើង​ដើម្បី​ឆ្លើយតប​ចំណាត់ការ​ត្រួតពិនិត្យ​ការពិត (fact-checking) របស់​ក្រុមហ៊ុន Twitter លើ​ការ​បង្ហោះ​របស់លោក​ពាក់​ព័ន្ធ​នឹង​ការអះអាង​មិន​ត្រឹ​ត្រូវ​ទាក់ទង​ការចោទប្រកាន់ថា មាន​កេង​បន្លំ​ការបោះឆ្នោត​។ 
 
​បន្ថែម​ពីលើ​ចំណុច​ខាងលើ លោក ត្រាំ ក៏​ប្រឆាំង​ផែន​ការប្តូរឈ្មោះ​មូលដ្ឋានទ័ព​ដែលមាន​ឈ្មោះ​ឧ​ត្ត​ម​សេនីយ៍​ពី​ក្រុម​ធ្វើ​អបគមន៍ អំឡុង​សង្គ្រាមស៊ីវិល​អាមេរិក​ចន្លោះ​ឆ្នាំ ១៨៦១-១៨៦៥​ផងដែរ​។ លើសពីនោះ លោក ត្រាំ ក៏​ប្រឆាំង​បញ្ញត្តិ​ក្នុង​ច្បាប់ NDAA ដែល​អាច​ប៉ះពាល់​ដល់​ការសម្រេចចិត្ត​កាត់បន្ថយ​កងទ័ព​អាមេរិក​ក្នុងប្រទេស​អាល្លឺម៉ង់ អា​ហ្វ​ហ្កា​នី​ស្ថាន និង​ប្រទេស​ផ្សេងទៀត​។ 
 
«​ច្បាប់ NDAA បរាជ័យ​ក្នុងការ​ដាក់បញ្ចូល​វិធានការ​សន្តិសុខ​ជាតិ​សំខាន់ រួមមាន បញ្ញត្តិ​ដែល​មិន​គោរព​ទា​ហារ​ជើងចាស់ និង​ប្រវត្តិសាស្ត្រ​យោធា និង​ធ្វើឡើង​ដោយ​ផ្ទុយ​នឹង​កិច្ចប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​ដែល​ផ្ដល់​អាទិភាព​ឲ្យ​អាមេរិក​ជា​ចម្បង​ក្នុង​វិស័យ​សន្តិសុខ​ជាតិ ក៏ដូចជា សកម្មភាព​គោលនយោបាយ​ការបរទេស​»​។ លោក ត្រាំ អះអាង​បែបនេះ ក្នុង​សេចក្តីថ្លែងការណ៍​ដដែល​។ 
 
​ប្រធានសភា​តំណាង​អាមេរិក អ្នកស្រី ណាន​ស៊ី ផេ​ឡូ​ស៊ី បានចាត់ទុក​ការ​វ៉េតូ​របស់លោក ត្រាំ ជា​ទង្វើ​ព្រហើនកោងកាច ដែល​បង្ក​គ្រោះថ្នាក់​កងទ័ព​អាមេរិក សន្តិសុខ​ជាតិ ក៏ដូចជា​មើលស្រាល​ឆន្ទៈ​របស់​សភា​ទាំងពីរ​។ ទាំង​សភា​តំណាង និង​ព្រឹទ្ធសភា នឹង​កំណត់​ពេលវេលា​ដើម្បី​បោះឆ្នោត​ទាត់ចោល​វ៉េតូ របស់លោក ត្រាំ ។ សភា​ទាំងពីរ​ត្រូវការ​សំឡេង​ពីរភាគបី​នៃ​សមាជិក​រៀងៗ​ខ្លួន​ដើម្បី​ច្រានចោល​វ៉េតូ​ប្រធានាធិបតី​។ 
 
​ការធ្វើ​វេតូ​លើ​សេចក្តីស្នើច្បាប់​ការពារជាតិ​ទំហំ​៧៤០​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០២១ កើតឡើង​មួយថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​លោក ត្រាំ បាន​គំរាម​រាំងខ្ទប់​សេចក្តីស្នើច្បាប់​ជំនួយ​កូ​វីដ​-១៩ ទំហំ​៩០០​ពាន់់​លាន​ដុល្លារ ។ លោក ត្រាំ ចង់​ឲ្យ​សភា​បង្កើន​លុយ​ដែល​ចែក​ឲ្យ​ពលរដ្ឋ​ម្នាក់ៗ​ឲ្យ​ដល់​២​ពាន់​ដុល្លា ខណៈ​ការស្នើ​របស់​សភា​មក​លោក​មាន​ត្រឹម ៦០០​ដុល្លារ​ប៉ុណ្ណោះ​។ 
 
​ម្យ៉ាងវិញទៀត ការចំណាយ​រដ្ឋាភិបាល​សហព័ន្ធ​ទំហំ​១,៤​ទ្រី​លាន​ដុល្លារ​ដែល​ស្ថិតក្នុង​កញ្ចប់​ថវិកាជាតិ​ឆ្នាំ​២០២១ កំពុង​រង់ចាំ​លោក ត្រាំ យល់ព្រម​ដែរ​។ បើ​គ្មាន​ការយល់ព្រម ឬ​យល់ព្រម​ដោយ​យឺតយ៉ាវ មួយផ្នែកធំ​នៃ​រដ្ឋាភិបាល​អាមេរិក អាច​ត្រូវ​បិទ​ចោល​នា​សប្ដាហ៍​ក្រោយ ដោយសារ​ខ្វះខាត​លុយ​។ លោក ត្រាំ បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​បិទទ្វារ​រហូត​ដល់​៣៥​ថ្ងៃ កាលពី​២​ឆ្នាំមុន នៅពេល​លោក​ទាត់ចោល​សេចក្តីស្នើច្បាប់​ការចំណាយ​សហព័ន្ធ ដោយ​លើក​ហេតុផល​ថា លុយ​នេះ​មិន​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ការសាងសង់​ជញ្ជាំង​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​៕ 

Tag:
 ដូ​ណា​ល់ ត្រាំ​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com