អន្តរជាតិ
ក្រុម​វេជ្ជបណ្ឌិត​កេ​ន​យ៉ា​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ​និង​សម្រួល​លក្ខខណ្ឌ​ការងារ​
25, Dec 2020 , 7:59 pm        
រូបភាព
ដោយ: VOA
​បុគ្គលិក​ពេទ្យ​តវ៉ា​ប្រឆាំងនឹង​ការស្លាប់​របស់​វេជ្ជបណ្ឌិត​ដែល​បាន​ស្លាប់​ដោយ​កូ​វីដ​១៩ ហើយ​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ​នៅ​ទីក្រុង​ណៃ​រ៉ូ​ប៊ី ប្រទេស​កេ​ន​យ៉ា​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០​។ (AP)

 
​ក្រុម​វេជ្ជបណ្ឌិត​នៅក្នុង​ប្រទេស​កេ​ន​យ៉ា​កាលពី​ថ្ងៃ​ច័ន្ទ​ទី​២១ ខែធ្នូ បាន​ចូល​រួមជាមួយ​ក្រុមមន្ត្រី​គ្លីនិក​និង​គិលានុប្បដ្ឋាក​ធ្វើ​កូដកម្ម​នៅ​ទូទាំងប្រទេស ដែល​ការណ៍​នេះ​ទំនងជា​នឹង​បង្ក​ការលំបាក​កាន់តែខ្លាំង​សម្រាប់​អ្នកជំងឺ​ក្នុង​ការទទួល​បានការ​ព្យាបាល​។ ក្រុម​វេជ្ជបណ្ឌិត​បានធ្វើ​កូដកម្ម​បន្ទាប់ពី​បាន​ចរចា​ជាមួយ​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការតំឡើង​ប្រាក់ខែ​និង​ឧបករណ៍​ការពារ​វ៉ី​រុស​កូ​រ៉ូ​ណា​ត្រូវ​បរាជ័យ​។​
 
​មណ្ឌល​សុខភាព​នានា​ក្នុងប្រទេស​កេ​ន​យ៉ា​កំពុង​ប្រឈម​នឹង​វិបត្តិ​បន្ទាប់ពី​ក្រុម​វេជ្ជបណ្ឌិត​និង​មន្ត្រី​បម្រើការ​ខាង​សុខាភិបាល​ផ្សេងៗ​ទៀត​ទាមទារ​តំឡើង​ប្រាក់ខែ​ធានារ៉ាប់រង​សុខភាព​និង​ឧបករណ៍​ការពារ​ដើម្បី​ជួយ​ពួកគេ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត​វីរុស​កូ​រ៉ូ​ណា​។​
 
​លោក Chibanzi Mwachonda គឺជា​អគ្គលេខាធិការ​នៃ​សហជីព​ក្រុម​អ្នក​វេជ្ជសាស្ត្រ​ឱសថ​សាស្ត្រ​និង​ទន្តសាស្ត្រ​នៃ​ប្រទេស​កេ​ន​យ៉ា​។ កាលពី​ថ្ងៃទី​២១ ខែធ្នូ កន្លងទៅ លោក​បាន​ចូលរួម​ពិធី​បុណ្យសព​វេជ្ជបណ្ឌិត​ម្នាក់​ដែល​បាន​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​១៩ ដោយពេល​នោះ​លោក​បាន​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​នៅក្នុង​ស្រុក​ថា​រដ្ឋាភិបាល​មិនទាន់​យល់ព្រម​តាម​ការទាមទារ​របស់​ពួកគេ​នៅឡើយ​ទេ​។​
 
​លោក Mwachonda បាន​ថ្លែងថា​៖ «​ក្រុម​វេជ្ជបណ្ឌិត​នៅ​ទូទាំងប្រទេស​មិនអាច​រង់ចាំ​តទៅទៀត​បានទេ​។ យើង​នឹងមិន​ត្រឡប់​ទៅធ្វើ​ការ​ក្នុងស្ថានភាព​ដ៏​គ្រោះថ្នាក់​នេះ​ទេ​។ យើង​នឹងមិន​ធ្វើការ​ទេ​បើ​គ្មាន​ធានារ៉ាប់រង​សម្រាប់​ព្យាបាល​ពួកយើង​ធានារ៉ាប់រង​សងជំងឺចិត្ត​ដល់​គ្រួសារ​ដែល​វេជ្ជបណ្ឌិត​ភាគច្រើន​មាន និង​ធានារ៉ាប់រង​ការងារ​នោះ​។ វា​គ្មាន​ប្រយោជន៍​ទេ​ដែល​បណ្តុះបណ្តាល​វេជ្ជបណ្ឌិត​ហើយ​មិន​យក​ពួកគេ​មក​បម្រើ​ការងារ​នោះ​។ ដូច្នេះ​សហជីព​ចាប់ផ្តើម​ធ្វើ​កូដកម្ម​នៅថ្ងៃនេះ​ហើយ​យើង​នឹង​នៅតែ​ធ្វើ​កូដកម្ម​មិន​ត្រឡប់​ចូលធ្វើការ​វិញ​។ បន្ទាប់​ពីនេះ​យើង​សង្ឃឹមថា​នៅ​ថ្ងៃស្អែក​យើង​នឹង​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ទាំងនេះ​»​។​
 
​យោងតាម​ក្រុមមន្ត្រី​វេជ្ជបណ្ឌិត​ដែល​បាន​ស្លាប់​នោះ​គឺជា​សមាជិក​ទី​១៣​នៃ​សហជីព​ដែល​បាន​ស្លាប់​ដោយ​កូ​វីដ​១៩​។​
 
​កូដកម្ម​ដំបូង​ឡើង​គ្រោង​ចាប់ផ្តើម​តាំងពី​ពីរ​សប្តាហ៍​មុន​ប៉ុន្តែ​សហជីព​បាន​ពន្យារពេល បន្ទាប់ពី​មាន​អន្តរាគមន៍​ពី​គណៈកម្មាធិការ​សភា​ទទួល​បន្ទុក​ផ្នែក​សុខាភិបាល ដែល​បាន​ជំរុញ​ឲ្យ​មាន​ពេលវេលា​បន្ថែមទៀត​ដើម្បី​ចរចា​។​
 
​សហជីព​វេជ្ជបណ្ឌិត​និង​ទន្តពេទ្យ​បាន​ចូលរួម​ជាមួយ​មន្ត្រី​គ្លីនិក​និង​ក្រុម​គិលានុប្បដ្ឋាក​ដែល​បានចាប់ផ្តើម​ធ្វើ​កូដកម្ម​កាលពី​ពីរ​សប្តាហ៍​មុន​។​
 
​ក្រសួងសុខាភិបាល​បាន​គំរាម​បណ្តេញ​បុគ្គលិក​សុខាភិបាល​ចេញពី​ការងារ ប្រសិនបើ​នៅ​បន្តធ្វើ​កូដកម្ម​។​
 
​លោក Wycliffe Oparanya គឺជា​អភិបាលស្រុក Kakamega និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ស្រុក​។ លោក​បាន​និយាយថា​វា​មិន​យុត្តិធម៌​ទេ​ដែល​ក្រុម​វេជ្ជបណ្ឌិត​ធ្វើ​កូដកម្ម​នៅ​អំឡុងពេល​ការ​រាតត្បាត​ដូច្នេះហើយ​ថា​នឹងមាន​វិធានការ​សមរម្យ​ដើម្បី​ប្រឆាំងនឹង​គ្រូពេទ្យ​ដែល​ធ្វើ​កូដកម្ម​ទាំងនេះ​។​
 
​លោក Oparanya បាន​ថ្លែងថា​៖ «​ប្រសិនបើ​ពួកគេ​នៅ​បន្តធ្វើ​កូដកម្ម​យើង​នឹង​ចាត់វិធានការ​ខ្លាំង​ប្រឆាំងនឹង​ពួកគេ​។ យើង​នឹង​បណ្តេញ​ពួកគេ​ចេញពី​ការងារ​។ ខ្ញុំ​បាន​បញ្ជា​ឲ្យ​ជ្រើសរើស​គិលានុប្បដ្ឋាក​ផ្សេង​ទៀតហើយ​»​។​
 
​លោក Mwachonda ថា​ដំណោះស្រាយ​តែមួយគត់​ដែល​ធ្វើ​ឲ្យ​ពួកគេ​ត្រឡប់​ទៅធ្វើ​ការ​វិញ​គឺ​លុះត្រាតែ​រដ្ឋាភិបាល​ទទួល​យក​សំណើ​របស់​ពួកគេ​។​
 
​លោក Mwachonda និយាយថា​៖ «​មិន​ថា​មានការ​គំរាមកំហែង​ខ្លាំង​ប៉ុណ្ណា​យើង​នឹងមិន​ត្រឡប់​ទៅធ្វើ​ការ​វិញ​ជាដាច់ខាត​។ ខ្ញុំ​នឹង​នៅតែ​និយាយ​ដដែលៗ​។ បញ្ជា​តុលាការ​នឹងមិន​បញ្ឈប់​ការទាមទារ​ទាំងនេះ​ទេ បញ្ជា​តុលាការ​នឹងមិន​បញ្ឈប់​ការស្លាប់​របស់​គ្រូពេទ្យ​ទេ បញ្ជា​តុលាការ​នឹងមិន​បញ្ឈប់​ការឆ្លង​ឬ​បន្ថយ​ការឆ្លង​ក្នុងចំណោម​ក្រុម​វេជ្ជបណ្ឌិត​ទេ​។ វា​ជា​ជីវិត​របស់​យើង​ហើយ​យើង​ត្រូវបាន​គេ​រុញ​ដល់​ចំណុច​ទាល់ច្រក​ហើយ​។ យើង​បាន​ឲ្យ​ពេល​ពួកគេ​២១​ថ្ងៃ​និង​បាន​ពន្យារពេល​១៤​ថ្ងៃ​ទៀត​សរុប​៣៥​ថ្ងៃ​ដើម្បី​ឲ្យ​ពួកគេ​ធ្វើការ​សម្រេចចិត្ត​លើ​សំណើ​ទាំងនេះ​»​។​
 
​សហជីព​មន្ត្រី​គ្លីនិក​បាន​ចរចា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​កូដកម្ម​នេះ​។​
 
​ប្រធាន​សហជីព លោក Peterson Wachira និយាយថា​វា​គ្មាន​សុវត្ថិភាព​សម្រាប់​ពួកគេ​ត្រឡប់​ទៅធ្វើ​ការ​វិញ​ទេ​។​
 
​កាលពី​ឆ្នាំ​២០១៧ កូដកម្ម​មួយ​របស់​ក្រុម​វេជ្ជបណ្ឌិត​បានធ្វើ​ឡើង​អស់​១០០​ថ្ងៃ​មុននឹង​ឈានដល់​ការព្រមព្រៀង​គ្នា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com