ម៉ិ​ក​ស៊ិ​ក កូ​ស្ដា​រី​កា និង​ស៊ី​លី ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ មុនគេ​នៅ​តំបន់​អាមេរិក​ឡាទីន​
COVID-19
អន្តរជាតិ
ម៉ិ​ក​ស៊ិ​ក កូ​ស្ដា​រី​កា និង​ស៊ី​លី ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ មុនគេ​នៅ​តំបន់​អាមេរិក​ឡាទីន​
25, Dec 2020 , 8:29 pm        
រូបភាព
គិលានុបដ្ឋាក អ្នកស្រី Maria Irene Ramirez ជាមនុស្សទីមួយក្នុងប្រទេសម៉ិកស៊ិកដែលចាក់វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃទី ២៤ ខែធ្នូ ។ រូបពី AFP
គិលានុបដ្ឋាក អ្នកស្រី Maria Irene Ramirez ជាមនុស្សទីមួយក្នុងប្រទេសម៉ិកស៊ិកដែលចាក់វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃទី ២៤ ខែធ្នូ ។ រូបពី AFP
​បុគ្គលិក​សុខាភិបាល​ជួរមុខ​នៅ​ម៉ិ​ក​ស៊ិ​ក និង​ស៊ី​លី ស្ថិត​ក្នុងចំណោម​ក្រុមមនុស្ស​ដំបូង ដែល​ទទួល​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ នៅ​ថ្ងៃទី ២៤ ខែធ្នូ ។ កូ​ស្ដា​រី​កា ក៏បាន​ចាប់ផ្ដើម​កម្មវិធី​ចាក់​វ៉ាក់សាំង ខណៈ​ប្រទេស​មួយចំនួនទៀត​ក្នុង​តំបន់​អាមេរិក​ឡាទីន​នេះ កំពុង​រៀបចំ​ចាត់ចែង​ទិញ​វ៉ាក់សាំង​ផងដែរ​។

 
«​វា​ជា​អំណោយ​ដ៏​ល្អ​បំផុត ដែល​ខ្ញុំ​អាច​ទទួលបាន​ក្នុង​ឆ្នាំ​២០២០» ។ គិលានុបដ្ឋាក​ជនជាតិ​ម៉ិ​ក​ស៊ិ​ក អ្នកស្រី Maria Irene Ramirez និយាយ​បែបនេះ ខណៈ​អ្នកស្រី​បាន​ចាក់​វ៉ាក់សាំង​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​រដ្ឋធានី ម៉ិ​ក​ស៊ី​កូ នៅ​មួយ​ថ្ងៃមុន​បុណ្យ​ណូអែល​។ គិលានុបដ្ឋាយិកា​វ័យ​៥៩​ឆ្នាំ​រូបនេះ បញ្ជាក់ទៀតថា ការចាក់​សាំង​នេះ ធ្វើ​ឲ្យ​អ្នកស្រី​មាន​សុវត្ថិភាព​ជាង​មុន និង​មាន​កម្លាំង​ជាង​មុន ដើម្បី​បន្ត​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ប្រឆាំង​សត្រូវ​អរូបី​។ 
 
​ការចាក់​វ៉ាក់សាំង​កូ​វីដ​-19 របស់​ម៉ិ​ក​ស៊ិ​ក ដែល​ក៏មាន​ចាក់ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ផង​នោះ ធ្វើឡើង​មួយថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​វ៉ាក់សាំង​៣០០០​ដូ​ស​ដំបូង​របស់​ក្រុមហ៊ុន​អាមេរិក​-​អាល្លឺម៉ង់ Pfizer-BioNTech ត្រូវបាន​ដឹក​តាមរយៈ​យន្តហោះ​ពី​បែលហ្ស៊ិក​។ គិត​ត្រឹម​ថ្ងៃទី ២៥ ខែធ្នូ ម៉ិ​ក​ស៊ិ​ក មាន​អ្នកស្លាប់​ដោយសារ​កូ​វីដ​-១៩​សរុប​១២​ម៉ឺន​នាក់​ហើយ ដែល​ខ្ពស់បំផុត​លំដាប់​ទី​៤​លើ​ពិភពលោក បន្ទាប់ពី​សហរដ្ឋអាមេរិក ប្រេ​ស៊ី​ល និង​ឥណ្ឌា ។ 
 
​នៅ​ស៊ី​លី​វិញ ជំនួយការ​គិលានុបដ្ឋាក អ្នកស្រី Zulema Riquelme ជា​មនុស្ស​ដំបូង​ដែល​ចាក់​វ៉ាក់សាំង​មុនគេ​ក្នុងប្រទេស​អ្នកស្រី ពោលគឺ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer-BioNTech ១​ម៉ឺន​ដូ​ស​ដំបូង បាន​ដឹក​ទៅដល់​ប្រទេស​នេះ​តាម​យន្តហោះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
«​ខ្ញុំ​មាន​អារម្មណ៍​រំភើប​ផង និង​ភ័យ​ផង​»​។ ស្ត្រី​វ័យ​៤៦​ឆ្នាំ​រូបនេះ បញ្ជាក់​បែបនេះ ក្រោយ​ចាក់​វ៉ាក់សាំង​រួច​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​រដ្ឋធានី សាន់ត្យាហ្គោ ដោយមាន​វត្តមាន​រប​ស់​ប្រធានាធិបតី Sebastian Pinera ផងដែរ​។ លោក​ប្រធានាធិបតី Pinera ប្រាប់​អ្នកស្រី Riquelme ថា អ្នកស្រី​ជា​ក្តីសង្ឃឹម​របស់​មនុស្ស​រា​ល់​គ្នា​។ 
 
​ម៉ិ​ក​ស៊ិ​ក ជា​ប្រទេស​ទីមួយ​ក្នុង​តំបន់​អាមេរិក​កណ្ដាល និង​ឡាទីន ដែល​ទទួល​វ៉ាក់សាំង​កូ​វីដ​-១៩​របស់​ក្រុមហ៊ុន Pfizer-BioNTech ហើយ​តាម​ពីក្រោយ​ដោយ​ស៊ី​លី ក៏ដូចជា កូ​ស្ដា​រី​កា ដែល​ក៏បាន​ចាប់ផ្ដើម​កម្មវិធី​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃទី ២៤ ខែធ្នូ​។ «​វា​ប្រហែលជា​ការចាប់ផ្ដើម​នៃ​អវសាន​របស់​ជំងឺ​រាតត្បាត​សកល​នេះហើយ​» ។ ប្រធានាធិបតី​កូ​ស្ដា​រី​កា លោក Carlos Alvarado បញ្ជាក់​បែបនេះ​។​
 
​ប្រេ​ស៊ី​ល ដែលមាន​អ្នកស្លាប់​ដោយសារ​កូ​វីដ​-១៩​សរុប ១៩​ម៉ឺន​នាក់ នៅតែ​បន្ត​ចរចា​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន​៣៥០​លាន​ដូ​ស សម្រាប់​ឆ្នាំ​២០២១​។ ការចាក់​វ៉ាក់សាំង ត្រូវបាន​ទាញ​ធ្វើជា​រឿង​នយោបាយ ហើយ​ប្រធានាធិបតី​ស្ដាំនិយម ជែ បុល​សូ​ណា​រ៉ូ ម្ដង​ហើយ​ម្ដងទៀត បាន​និយាយថា លោក​នឹង​អត់​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ឡើយ​។ 
 
​ចំណែក អា​ហ្ស​ង់​ទីន បានទទួល​វ៉ាក់សាំង ៣០​ម៉ឺន​ដូ​ស​ដំបូង​របស់​ក្រុមហ៊ុន​រុស្ស៊ី Sputnik V នៅ​ថ្ងៃទី ២៤ ខែធ្នូ តាមរយៈ​ជើងហោះហើរ​ពិសេស​មួយ​ពី​ទីក្រុង​មូ​ស្គូ ។ មកទល់​បច្ចុប្បន្ន អា​ហ្ស​ង់​ទីន ជា​ប្រទេស​ក្នុង​តំបន់​អាមេរិក​ឡាទីន​តែមួយគត់ ដែល​បានអនុម័ត​លើ​ការប្រើ​វ៉ាក់សាំង​របស់​រុស្ស៊ី ដែល​ប្រឈម​ការរិះគន់ ព្រោះតែ​វ៉ាក់សាំង​នេះ​ត្រូវបាន​ចុះបញ្ជី មុនពេល​ចាប់ផ្ដើម​ការពិសោធ​ដំណាក់កាល​ចុងក្រោយ​។ អា​ហ្ស​ង់​ទីន និង​ម៉ិ​ក​ស៊ិ​ក ក៏មាន​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ឱសថ​អង់គ្លេស AstraZeneca ដើម្បី​ផ្គត់ផ្គង់​វ៉ាក់សាំង​ផងដែរ​។​
 
​ក្រសួងការបរទេស​ម៉ិ​ក​ស៊ិ​ក អះអាងថា វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer-BioNTech ១,៤​លាន​ដូ​ស ទៀត​នឹង​ដឹក​ទៅដល់​ប្រទេស​ខ្លួន​នា​ថ្ងៃទី​៣១ ខែមករា ។ ចំនួន​នេះ ជា​ផ្នែក​មួយ​នៃ​វ៉ាក់សាំង​សរុប ៣៤,៤​លាន​ដូ​ស ដែល​ក្រុមហ៊ុន​អាមេរិក​បាន​ព្រម​លក់​ឲ្យ​ម៉ិ​ក​ស៊ិ​ក​។  ចំណែក ស៊ី​លី វិញ បាន​បញ្ជា​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ ៣០​លាន​ដូ​ស ដែល​គ្រប់គ្រាន់​សម្រាប់​ចាក់​មនុស្ស​១៥​លាន​ក្នុងចំណោម​ពលរដ្ឋ​សរុប ១៨​លាន​នាក់ ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២១៕  

Tag:
 ម៉ិ​ក​ស៊ិ​ក​
  ស៊ី​លី
  អាមេរិក​ឡាទីន​
  វ៉ាក់សាំង​កូ​វី​ឌ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com