អន្តរជាតិ
ទីបំផុត អង់គ្លេស និង EU សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្រាស់ពីរពាន់ទំព័រ
25, Dec 2020 , 10:59 pm        
រូបភាព
នាយករដ្ឋមន្ត្រីអង់គ្លេស លោកបូរីស ចនសុន ក្នុងសន្និសីទសារព័ត៌មានក្រោយសម្រេចបានកិច្ចព្រមព្រៀង។ រូបភាព៖AFP
នាយករដ្ឋមន្ត្រីអង់គ្លេស លោកបូរីស ចនសុន ក្នុងសន្និសីទសារព័ត៌មានក្រោយសម្រេចបានកិច្ចព្រមព្រៀង។ រូបភាព៖AFP
ដោយ:
នៅថ្ងៃទី២៤ ធ្នូ សហភាពអឺរ៉ុប និងចក្រភពអង់គ្លេសសម្រេចបានកិច្ចព្រមព្រៀងនឹងគ្របដណ្ដប់លើការដោះដូរពាណិជ្ជកម្មដែលមានតម្លៃជាង៩០០ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងដែលមានកម្រាស់ជាង២ពាន់ទំព័រនេះ ជាលទ្ធផលនៃការចរចារយៈពេលជាង៩ខែរវាងភាគីទាំងពីរ ហើយទើបតែសម្រេចបានមួយសប្តាហ៍មុនពេលកំណត់បញ្ចប់ការចរចាប៉ុណ្ណោះ។

 
ឆ្លងកាត់បញ្ហាលំបាកជាច្រើន ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀងមួយនៅថ្ងៃទី២៤ ខែធ្នូ ដើម្បីកំណត់ពីទំនាក់ទំនងពាណិជ្ជកម្មក្រោយការចាកចេញរបស់គ្លេសជាផ្លូវការនៅថ្ងៃទី១ ខែមករាឆ្នាំ២០២១ ។ អង់គ្លេសធ្វើប្រជាមតិចាកចេញពីសហភាពអឺរ៉ុបតាំងពីខែមិថុនា ឆ្នាំ២០១៦ ។
 
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ុឡា វ៉ុន ដឺ លៃអេន ( Ursula von der Leyen) ប្រៀបធៀបកិច្ចចរចាទៅនឹងផ្លូវមួយដែលវែង និងកាច់កុងច្រើន។ លោកស្រីសសើរកិច្ចព្រមព្រៀងនេះថា មានតុល្យភាព និងយុត្តិធម៌ ហើយថា អង់គ្លេសនៅតែបន្តជាដៃគូដ៏គួរឲ្យទុកចិត្តរបស់អឺរ៉ុប បើទោះបីជាប្រទេសនេះចាកចេញពីសហភាព និងមានកិច្ចព្រមព្រៀងថ្មីនេះក៏ដោយ។
 
ពីទីក្រុងឡុងដ៏ នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន ដែលពេញចិត្តពេញថ្លើមនឹងលទ្ធផលចរចានេះ ក៏ប្រកាសថា អង់គ្លេសនឹងនៅជាមិត្ត សម្ព័ន្ធមិត្ត អ្នកគាំទ្រអឺរ៉ុប  ហើយជាទីផ្សារចម្បងរបស់សហភាអឺរ៉ុបដដែល។ ពេលនេះអង់គ្លេស ជាប្រជាជាតិថ្មី និងមានឯករាជ្យពិតប្រាកដ។ លោក ចនសុន បន្តបែបនេះ ដោយសំដៅថា អង់គ្លេសលែងគោរពច្បាប់ និងបទបញ្ញត្តិរបស់សហភាពអឺរ៉ុបទៀតហើយ។
 
លោក ចនសុន និយាយថាកិច្ចព្រមព្រៀងខាងលើជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទីមួយដែលអង់គ្លេសសម្រេចបានដោយមិនកំណត់ពន្ធនាំចូល និងកូតាទំនិញ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ក្តោបលើបញ្ហាជាច្រើនដូចជាការជួញដូរទំនិញ សេវាហិរញ្ញវត្ថុ វិស័យកសិកម្ម ថាមពល ការនេសាទ ការអនុវត្តច្បាប់ អាកាសចរណ៍ និងចរាចរណ៍ លំហូរទិន្ន័យ និងការធ្វើដំណើរជាដើម។
 
ការដោះស្រាយវិវាទពាណិជ្ជកម្ម
 
ចំពោះការជួញដូរទំនិញ ថ្វីត្បិតតែមិនមានការកំណត់ពន្ធ និងកូតាក៏ដោយ ការនាំចេញរបស់អង់គ្លេស ប្រឈមនឹងបទបញ្ញត្តិរបស់អឺរ៉ុបដែលធ្វើអាចឲ្យទំនិញថ្លៃជាងមុន ព្រោះត្រូវគោរពតាមវិធានពន្ធគយដូចជាការប្រកាសប្រភពទំនិញ អាជ្ញាប័ណ្ណសុខភាព និងសុវត្ថិភាពជាដើម។ សម្រាប់ការដោះស្រាយបញ្ហាដែលកើតចេញលើការនាំចេញនាំចូល ភាគីទាំងសងខាងនឹងដោះស្រាយនៅអង្គការពាណិជ្ជកម្មអន្តរជាតិ (WTO) ។
 
អង់គ្លេសនិង សហភាពអឺរ៉ុប យល់ព្រមលើប្រកួតប្រជែងក្នុងបទដ្ឋានមួយស្មើគ្នាលើវិស័យការងារ បរិស្ថាន សង្គម និងតម្លាភាពក្នុងការបង់ពន្ធ។ ភាគីទាំងពីរ ក៏ឯកភាពក្នុងការបង្ហាញពីតម្លាភាពស្តីពីឧបត្ថម្ភធនដល់ក្រុមហ៊ុន ហើយអាជ្ញាធរមួយនឹងត្រូវបង្កើតដើម្បីពិនិត្យលើបញ្ហានេះ។
 
កិច្ចព្រមព្រៀងនេះ ក៏ចែងពីបញ្ញតិស្តីពីការចចារឡើងវិញដែរ ក្នុងករណីមិនអាចដោះស្រាយជម្លោះ ឬចង់កែប្រែផ្នែកណាមួយនៃកិច្ចព្រមព្រៀង។ ក្នុងករណីដែលមានជម្លោះ ភាគីទាំងពីរអាចនាំបញ្ហាទៅដោះស្រាយតាមរយៈមជ្ឈតកម្ម ដែលឯករាជ្យពីតុលាការយុត្តិធម៌អឺរ៉ុប។ ភាគីទាំងពីរ ក៏អាចចរចាឡើងវិញជំពូកណាមួយនៃកិច្ចព្រមព្រៀងដែលមានជម្លោះ ឬរំលាយកិច្ចព្រមព្រៀងទាំងស្រុងតែម្តង។ ក្នុងករណីកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រូវបានរំលាយ កិច្ចព្រមព្រៀងសន្តិសុខ នឹងរក្សានៅដដែល។
 
ចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀង៖ នេសាទ, ពន្ធគយ, អាកាសចរណ៍...
 
បញ្ហានេសាទ ជាបញ្ហាចម្រូងចម្រាស់ និងចុងក្រោយបង្អស់ក្នុងការចរចា។ ក្រោមកិច្ចព្រមព្រៀង អង់គ្លេស អនុញ្ញាតឲ្យ សមាជិកសហភាពអឺរ៉ុប ចូលនេសាទក្នុងដែនទឹករបស់ខ្លួនដើម្បីប្រមូលផលត្រឹមតែ២៥ភាគរយនៃទិន្នផលសរុបមុនការចាកចេញ ហើយចំនួននេះ នឹងថយបន្តិចម្តងៗក្នុងរយៈពេល៥ឆ្នាំ។ ៥ឆ្នាំក្រោយ អង់គ្លេសអាចចរចាជាថ្មីដើម្បីកំណត់ទិន្នផលនេសាទរបស់សហភាពអឺរ៉ុប មកត្រឹមតែ២០ភាគរយ។
 
ចំពោះពន្ធគយវិញ ភាគីទាំងពីរសន្យាកាត់បន្ថយពន្ធមិនចាំបាច់ និងអនុវត្តតាមបទដ្ឋានអន្តរជាតិដើម្បីកាត់បន្ថយតម្លៃពន្ធគយសម្រាប់ការធ្វើពាណិជ្ជកម្ម។ យ៉ាងណាក្តី EU នឹងមានការសម្របសម្រួលជាក់លាក់ជាមួយអង់គ្លេសសម្រាប់ទំនិញដូចជាស្រា ផលិតផលសរីរាង្គ គ្រឿងបន្លាស់យានយន្ត សារធាតុគីមី និងឱសថជាដើម។ ចំណែកការបង់ពន្ធ ភាគីទាំងពីរសន្យាអនុវត្តតាមបទដ្ឋានអន្តរជាតិស្តីពីតម្លាភាពពន្ធដារ និងរួមគ្នាប្រឆាំងនឹងការគេចពន្ធ។
 
ចំពោះវិស័យអាកាសចរណ៍សហភាពអឺរ៉ុប ឈប់ទទួលស្គាល់ជាស្វ័យប្រវត្តិចំពោះការរចនា និងផលិតផលអាកាសចរណ៍អង់គ្លេសសម្រាប់ទីផ្សារអឺរ៉ុប។ ប៉ុន្តែអឺរ៉ុប នឹងទទួលស្គាល់ជាស្វ័យប្រវត្តិវិញចំពោះការរចនារបស់អង់គ្លេសវិញ នៅពេលខ្លួនទុកចិត្តថា អង់គ្លេសមានសមត្ថភាពគ្រប់គ្រាន់។ ដើម្បីសម្រួលលំហូរនៃទំនិញ ភាគីទាំងសងខាងនឹងសម្រួលការចេញទិដ្ឋាការសម្រាប់អ្នកបើករថយន្តដឹកទំនិញ ដូចជាការចូល និងស្នាក់នៅ ។ បារាំង ជាច្រកចូលអឺរ៉ុបសំខាន់សម្រាប់រថយន្តដឹកទំនិញពីអង់គ្លេស។
 
ការទទួលស្គាល់ក្នុងការប្រកបវិជ្ជាជីវៈការងារ ក៏មានប្រែប្រួលដែរក្នុងកិច្ចព្រមព្រៀងនេះ។ ភាគីទាំងពីរលែងទទួលស្គាល់ជាស្វ័យប្រវត្តិទៀតហើយចំពោះវិជ្ជាជីវៈការងារមួយចំនួន។ វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ទន្តបណ្ឌិត ពេទ្យសត្វ វិស្វករ ឬស្ថាបត្យករ ចាំបាច់ត្រូវមានការទទួលស្គាល់វិជ្ជាជីវៈមុនអាចប្រកបការងារបាន។ ភាគីទាំងពីរ នឹងចេញបទដ្ឋានក្នុងការទទួលស្គាល់វិជ្ជាជីវៈនីមួយៗ។
 
ចំពោះការធ្វើដំណើរបែបពាណិជ្ជកម្មរយៈពេលខ្លី ពលរដ្ឋអង់គ្លេសអាចស្នាក់នៅក្នុងទឹកដីអឺរ៉ុបចំនួន៩០ថ្ងៃ សម្រាប់ទិដ្ឋាការដែលមានសុពលភាព១៨០ថ្ងៃ។ ភាគីទាំងសងខាង សន្យាមិនតម្រូវឲ្យមានប័ណ្ណការងារក្នុងការធ្វើដំណើរបែបពាណិជ្ជកម្មរយៈពេលខ្លីនេះឡើយ លើកលែងការស្នាក់នៅយូរជាងនេះ ឬគោលដៅធ្វើពាណិជ្ជកម្ម។ 
 
ចំពោះវិស័យកសិកម្ម កសិផលអង់គ្លេស ត្រូវមានលិខិតបញ្ជាក់ពីសុខភាព និងឆ្លងកាត់ការពិនិត្យសុខភាព និងគុណភាពនៅប៉ុស្តិ៍ត្រួតពិនិត្យតាមប្រទេសអឺរ៉ុបនីមួយៗ។ អង់គ្លេស និងអឺរ៉ុបអះអាង ថាភាគីនីមួយៗមានសិទ្ធិក្នុងការបន្តអនុវត្តបទដ្ឋានសុខភាពរៀងៗខ្លួន។
 
លើវិស័យថាមពល អង់គ្លេសនឹងលែងអាចចូលទីផ្សាររួមអឺរ៉ុបដូចមុនទៀតហើយ។ ប៉ុន្តែភាគីទាំងពីរនឹងមានកិច្ចព្រមព្រៀងបន្ថែមលើវិស័យនេះ ក្នុងឆ្នាំ២០២២ ដើម្បីធានាដោយរលូននូវការជួញដូរ និងតភ្ជាប់បណ្តាញថាមពល។ បច្ចុប្បន្ន អង់គ្លេស នាំចូលថាមពលអគ្គីសនី៨ភាគរយពីសហភាពអឺរ៉ុប។ អង់គ្លេស និងអឺរ៉ុបក៏យល់ព្រមផងដែរក្នុងការវិនិយោគថាមពលកើតឡើងវិញ ក៏ដូចជាកំណត់តម្លៃលើការបញ្ចេញឧស្ម័នកាបូនិក។ 
 
អ្វីដែលគួរឲ្យកត់សម្គាល់គឺ ភាគីទាំងពីរយល់ព្រមព្យួរផ្នែកខ្លះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ បើសិនជាភាគីណាមួយបំពានកាតព្វកិច្ចដែលចែងក្នុងកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ២០១៥។
 
ក្នុងការអនុវត្តច្បាប់វិញ អង់គ្លេស និងអឺរ៉ុបយល់ព្រមសហការជាមួយគ្នាក្នុងការស៊ើបអង្កេតលើវិស័យភេរវកម្ម និងបទល្មើសធ្ងន់ធ្ងរ ដោយរួមមានការចែករំលែកព័ត៌មាន DNA ក្រយៅដៃ និងព័ត៌មានស្តីពីការហោះហើរបស់អ្នកដំណើរ។ ប៉ុន្តែ អង់គ្លេសបាត់បង់សមាជិកភាពពីស្ថាប័នប៉ូលិសអឺរ៉ុប(Europol) និងភ្នាក់ងារព្រហ្មទណ្ឌអឺរ៉ុប (Eurojust) និងការធ្វើបត្យាប័ន។
 
ចំពោះការដោះស្រាយកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងមូលនេះវិញ អង់គ្លេស និងអឺរ៉ុបជ្រើសយកការចរចា ហើយតុលាការអឺរ៉ុបគ្មានតួនាទីក្នុងការដោះស្រាយទំនាស់ឡើយ។ អង្គភាពមជ្ឈតកម្មមួយ (អាជ្ញាកណ្តាល) នឹងត្រូវបង្កើតឡើងក្នុងការដោះស្រាយបញ្ហាមួយចំនួន និងបញ្ជាឲ្យភាគីដែលធ្វើខុសដោះស្រាយបញ្ហា ឬសងប្រាក់។ បើមិនអនុវត្តតាមបញ្ជានេះទេ ភាគីម្ខាងទៀតអាចនឹងព្យួរការអនុវត្តកិច្ចព្រមព្រៀង ដោយឈានដល់ការរាំងខ្ទប់ និងផ្អាកកិច្ចសហប្រតិបត្តិការតែម្ដង។
 
ដំណាក់កាលបន្ទាប់
 
កិច្ចព្រមព្រៀងកម្រាស់២ពាន់ទំព័រនេះ នឹងត្រូវឆ្លងកាត់ការយល់ព្រមពីប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៧ សភាអឺរ៉ុប និងសភាទាំង២ថ្នាក់របស់អង់គ្លេសផងដែរ។ ភាគីទាំងពីរ ប្ដេជ្ញាចិត្តដូចគ្នា ដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះឲ្យបានលឿនបំផុតដើម្បីបញ្ចៀសផលប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃ។
 
លោក David Sassoli ប្រធានសភាអឺរ៉ុបនិយាយថា សភាអឺរ៉ុបនឹងចាប់ផ្តើមវិភាគកិច្ចព្រមព្រៀងនេះយ៉ាងល្អិតល្អន់មុននឹងផ្តល់សច្ចាប័នក្នុងដើមឆ្នាំថ្មី២០២១។ ទោះការផ្ដល់សច្ចាប័នធ្វើឡើងក្រោយថ្ងៃទី១ ខែមករា អឺរ៉ុបនៅតែអនុវត្តកិច្ចព្រមព្រៀងនេះដដែលក្រោមលក្ខខណ្ឌអន្តរកាល។ 
 
នៅអង់គ្លេស បក្សពលករ ដែលជាបក្សប្រឆាំងវិញប្រកាសថា ខ្លួននឹងចូលរួមបោះឆ្នោតគាំទ្រការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ ទោះជាមិនសូវពេញចិត្តក្ដី។ បក្សនេះអះអាងថា កិច្ចព្រមព្រៀងនេះមិនបានផ្តល់ការការពារគ្រប់គ្រាន់ដល់វិស័យផលិតកម្ម ហិរញ្ញវត្ថុ ឬសិទ្ធិការងារឡើយ ប៉ុន្តែគេយល់ឃើញថា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រសើរជាងគ្មាន ដ្បិតគ្មានពេលទៀតឡើយក្នុងការចរចាជាថ្មី៕
 

Tag:
 សហភាពអឺរ៉ុប
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com