អន្តរជាតិ
ឥណ្ឌា និងវៀតណាម ធ្វើសមយុទ្ធរួមគ្នានៅក្នុងសមុទ្រចិនខាងត្បូង
26, Dec 2020 , 12:19 pm        
រូបភាព
កងនាវា INS Kilta របស់ឥណ្ឌា នៅក្នុងប្រទេសវៀតណាម។ រូបភាព៖ Twitter
កងនាវា INS Kilta របស់ឥណ្ឌា នៅក្នុងប្រទេសវៀតណាម។ រូបភាព៖ Twitter
ឥណ្ឌា និងវៀតណាម ត្រូវធ្វើសមយុទ្ធយោធារួមនៅចុងសប្តាហ៍នេះ នៅក្នុងសមុទ្រចិនខាងត្បូង។ នេះបើតាមការលើកឡើងរបស់កងទ័ពជើងទឹកឥណ្ឌា នៅថ្ងៃទី២៤ ខែធ្នូ។ សមយុទ្ធយោធានេះ ធ្វើឡើងស្របពេលប្រទេសទាំងពីរ កំពុងមានជម្លោះទឹកដីជាមួយចិន។



តាមសេចក្តីប្រកាសរបស់កងទ័ពជើងទឹកឥណ្ឌា នាវាឥណ្ឌា និងវៀតណាម ត្រូវធ្វើសមយុទ្ធរួមគ្នា នៅថ្ងៃទី២៦ និង ២៧ ខែធ្នូនេះ ក្នុងគោលបំណងធានាពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៅក្នុងពេលមានសង្រ្គាម និងក្រោមជំនួយមនុស្សធម៌។ យ៉ាងណាក៏ដោយ ភាគីឥណ្ឌា មិនបានបញ្ជាក់ឲ្យបានលម្អិតលើសមយុទ្ធនេះឡើយ។  
 
សមយុទ្ធពីរថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីនាវាចម្បាំងប្រឆាំងនាវាមុជទឹក និងស៊ើបការណ៍ INS Kiltan របស់ឥណ្ឌា ចូលចតនៅកំពង់ផែទីក្រុងហូជីមិញ ដើម្បីផ្តល់ជំនួយមនុស្សធម៌ចំនួន ១៥តោន សម្រាប់ប្រជាជននៅភូមិភាគកណ្តាលរបស់វៀតណាម ដែលរងគ្រោះដោយសារទឹកជំនន់ និងខ្យល់ព្យុះ។ 
 
មិនត្រឹមតែប៉ុណ្ណោះ សមយុទ្ធនេះ ត្រូវបានចាត់ទុកជាផ្នែកមួយ នៃការរឹតចំណងរវាងរដ្ឋាភិបាលក្រុងញូវដែលី និងរដ្ឋាភិបាលក្រុងហាណូយ ដែលកំពុងតែមានជម្លោះ និងបញ្ហាចម្រូងចម្រាសមួយចំនួន ជាមួយរដ្ឋាភិបាលក្រុងបេកាំង។ តាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post សមយុទ្ធនេះ អាចនឹងស្ថិតក្រោមការតាមដានរបស់ចិនយ៉ាងម៉ត់ចត់បំផុត។ 
 
តាមរយៈកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនាពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលវៀតណាម លោកង្វៀន ស៊ួនហ្វុក ជាមួយសមភាគីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី បានឯកភាពគ្នា ក្នុងការបង្កើនសកម្មភាពផ្តោះប្តូរផ្នែកយោធាតាមរយៈកងនាវា ការធ្វើសមយុទ្ធរួមគ្នា ការហ្វឹកហាត់ ការពង្រឹងសមត្ថភាពលើការល្បាតលើដែនសមុទ្រ និងកិច្ចសហប្រតិបត្តិការលើបញ្ហាផ្សេងទៀតជាដើម។ 
ក្រៅពីនេះ នាយករដ្ឋមន្រ្តីប្រទេសទាំងពីរ ក៏បាននិយាយពីការថែរក្សា «សន្តិភាព, ស្ថិរភាព, សន្តិសុខ, និងសេរីភាពនៃការធ្វើនាវាចរណ៍ និងហោះហើរ» ផងដែរ។
 
សូមបញ្ជាក់ថា ក្រៅពីឥណ្ឌា វៀតណាម បានពង្រឹងទំនាក់ទំនងជាមួយប្រទេសផ្សេងទៀត ដូចជាជប៉ុន និងអាមេរិកជាដើម ក្នុងគោលបំណងទប់ស្កាត់ឥទ្ធិពលចិននៅក្នុងតំបន់ ដែលកំពុងតែកើនឡើងយ៉ាងខ្លាំង៕ 
 

Tag:
 ឥណ្ឌា
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com