COVID-19
អន្តរជាតិ
ជប៉ុន ផ្អាកទទួលជនបរទេសចូលក្នុងប្រទេស បន្ទាប់ពីរកឃើញទម្រង់ថ្មីនៃកូវីដ-១៩
27, Dec 2020 , 11:59 am        
រូបភាព
ប្រជាជនជប៉ុន ពាក់ម៉ាស់ នៅកន្លែងមានមនុស្សច្រើន នៅក្នុងទីក្រុងតូក្យូ។ រូបភាព៖ Kyodo
ប្រជាជនជប៉ុន ពាក់ម៉ាស់ នៅកន្លែងមានមនុស្សច្រើន នៅក្នុងទីក្រុងតូក្យូ។ រូបភាព៖ Kyodo
រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៦ ខែធ្នូ បានសម្រេច មិនអនុញ្ញាតឲ្យជនបរទេស ដែលមិនរស់នៅ ឬស្នាក់ជប៉ុន ចូលមកក្នុងប្រទេសមួយរយៈ ដើម្បីទប់ស្កាត់ការរាតត្បាតនៃកូវីដ-១៩។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលជប៉ុន បានរកឃើញទម្រង់កូរ៉ូណាវីរុសថ្មី ដែលទាក់ទិននឹងអង់គ្លេស។



ថ្មីៗនេះ ជប៉ុន បានអះអាងថា ខ្លួនបានរកឃើញទម្រង់ថ្មីនៃកូរ៉ូណាវីរុស លើអ្នកជំងឺកូវីដ-១៩ ដែលត្រលប់មកពីអង់គ្លេសចំនួន ៥ករណី ជាលើកដំបូង។ បញ្ហានេះ អ្នកជំនាញជំងឺឆ្លង បានលើកឡើងពីការបារម្ភមួយចំនួន ដែលទម្រង់ថ្មីនេះ អាចឆ្លងចូលទៅក្នុងសង្គមរបស់ជប៉ុន ដែលអាចធ្វើឲ្យករណីឆ្លងនៅជប៉ុនហក់ឡើងខ្លាំងជាងមុន។ 
 
ដើម្បីទប់ស្កាត់ និងបង្ការទម្រង់ថ្មី នៃកូរ៉ូណាវីរុសនេះ រដ្ឋាភិបាលជប៉ុន បានសម្រេច ហាមឃាត់ជនបរទេស ដែលមិនស្នាក់នៅជប៉ុនមួយរយៈ។ ចំណែកប្រជាជនដែលរស់នៅជប៉ុន, ជនបរទេស, អ្នកជំនួញ និងអ្នកតំណាងរបស់ប្រទេសនីមួយៗ អាចចូលប្រទេសបាន ប៉ុន្តែត្រូវមានប័ណ្ណបញ្ជាក់សុខភាព ថាគ្មានផ្ទុកកូរ៉ូណាវីរុសចំនួន ៧២ម៉ោង និងត្រូវដាក់ចត្តាឡីស័ករយៈពេល ១៤ថ្ងៃបន្ថែមទៀត។ 
 
តាមរយៈសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល ការហាមឃាត់នេះ នឹងមានសុពលភាពចាប់ពីថ្ងៃទី ២៨ ខែធ្នូ រហូតដល់ដំណាច់ខែមករា ឆ្នាំ២០២១។ 
 
ជប៉ុន នៅថ្ងៃទី២៦ ខែធ្នូ បានរកឃើញថា មានករណីឆ្លងនៅក្នុងប្រទេស ៣៥៦៧ករណី និងអ្នកស្លាប់មានចំនួន ៥០នាក់។ តួលេខសរុបនៃកូវីដ-១៩ របស់ជប៉ុន កើនដល់ ២១៣៥៤៧ករណី និងអ្នកស្លាប់មានចំនួន ៣១៥៥នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ១៨០១៨៨នាក់។
 
សូមបញ្ជាក់ថា អង់គ្លេសបានរកឃើញទម្រង់ថ្មីនៃកូរ៉ូណាវីរុស (VUI–202012/01) ឬអំបូរនៃកូរ៉ូណាវីរុសB.1.1.7។ ទម្រង់នេះ ត្រូវបានរដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសអះអាងថា អាចឆ្លងខ្លាំងជាងទម្រង់ចាស់របស់កូរ៉ូណាវីរុសរហូតដល់ ៧០ភាគរយឯណោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com