ជាតិ
មរណភាពតារាភាពយន្ត សោម វណ្ណសូដានី ដែលមានការអះអាងផ្សេងគ្នា...
27, Dec 2020 , 3:34 pm        
រូបភាព
ភ្នំពេញ៖ លោក ថន ថារិទ្ធិ ដែលបានអះអាងថាខ្លួនគឺជាកូនប្រុសរបស់អ្នកស្រី សោម វណ្ណសូដានី ជាមួយលោក ជា យុទ្ធថន តារាសម្ដែងដ៏ល្បី ក្នុងទសវត្សរ៍ទី៦០ បានស្នើឱ្យក្រុមព្រះសុរិយា កែតម្រូវរឿងរ៉ាវមរណភាពម្ដាយរបស់ខ្លួនឡើងវិញ ដោយបញ្ជាក់ថា គាត់ស្លាប់ដោយសារពុល ឬទាស់ត្រកួនកន្ទែក មិនមែនត្រូវបានសម្លាប់ ក្រោយទាហានខ្មែរក្រហមអាយុ១៣ ឬ១៤ឆ្នាំ និង២៥ឆ្នាំ រំលោភនោះឡើយ។ ប្រធានក្រុមព្រះសូរិយា បានអះអាងពីការងារប្រកបដោយវិជ្ជាជីវៈរបស់ក្រុមការងារខ្លួន ហើយលោកស្វាគមន៍បើលោក ថារិទ្ធិ មានភស្តុតាងគ្រប់គ្រាន់។

 
បើតាមលោក ថន ថារិទ្ធិ ឈ្មោះដើមរបស់ម្ដាយលោកគឺ សោម វ័ណស៊ុក។ ពេលចូលសិល្បៈឈ្មោះ សោម វ័ណស៊ុកដានី ប៉ុន្តែសាធារណជននិយមហៅថា សោម វណ្ណសូដានី។ ចំណែកឈ្មោះឪពុករបស់លោក សរសេរថា ជា យុធថន ហើយមហាជន និយមសរសេរថា ជា យុទ្ធថន។
 
លោក ថន ថារិទ្ធិ បានផ្ដល់បទសម្ភាសដល់សារព័ត៌មានថ្មីៗថា លោកសុំឱ្យក្រុមព្រះសុរិយា កែតម្រូវខ្លឹមសារ ដែលក្រុមនេះបានផ្សាយពីមរណភាពម្ដាយរបស់ខ្លួន ដោយលោកថា វាមានភាពមិនពិត ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសព ហើយវាហាក់ដូចជាសម្លាប់លោកទាំងរស់។
 
កាលពីពេលកន្លងទៅ ក្រុមព្រះសុរិយា បានចេញផ្សាយពីមរណភាពរបស់អ្នកស្រី សោម វណ្ណសូដានី នៅលើយូធូប(YouTube) ដោយបង្ហាញថា អ្នកស្រីត្រូវបានយកទៅសម្លាប់ ក្រោយពេលខ្មែរក្រហម៧រូប ដែលភាគច្រើនមានអាយុ១៣ឬ១៤ឆ្នាំចាប់រំលោភរួច។ 

 លោក ថន ថារិទ្ធិ

ការចេញផ្សាយលើបណ្ដាញសង្គម YouTube កន្លងទៅ ក្រុមព្រះសុរិយា បានយោងសម្ដីរបស់លោក យូ ផល្លី ដែលបុរសរូបនោះ អះអាងថា ខ្លួនជាអតីតប្រជាជនរស់នៅក្នុងមូលដ្ឋានជាមួយអ្នកស្រី សោម វណ្ណសូដានី ថែមទាំងបានប្រាស្រ័យទាក់ទងជាមួយអ្នកស្រី យ៉ាងជិតស្និទ្ធ មុនពេលអ្នកស្រីត្រូវបានគេចាប់ទៅដាក់ក្នុងមន្ទីរកែប្រែ។ តាមការអត្ថាធិប្បាយរបស់ក្រុមព្រះសុរិយា យប់មួយលោក យូ ផល្លី បានឃើញគេយកអ្នកស្រី សោម វ័ណស៊ុកដានី ទៅសម្លាប់ចោល តាមរយៈកូនម្នាក់របស់មេកង បានប្រាប់ឱ្យដឹង។
 
ការអត្ថាធិប្បាយបន្ថែមថា បុរសឈ្មោះ យូ ផល្លី បញ្ជាក់ថា នាម៉ោងប្រហែល១២យប់ ខ្មែរក្រហមចំនួន៧នាក់ បានយកអ្នកស្រី សោម វណ្ណសូដានី ទៅដាក់នៅក្រោមផ្ទះក្បឿងមួយខ្នង ទល់មុខវិហារវត្តប្រឡាយ។ ខ្មែរក្រហមទាំងនោះ មានអាយុប្រមាណ១៣ឬ១៤ឆ្នាំ និងមានម្នាក់អាយុ២៥ឆ្នាំ។ មុនពេលយកអ្នកស្រី សោម វណ្ណសូដានី ទៅសម្លាប់ ពួកគេបានចាប់រំលោភអ្នកស្រីម្នាក់ម្ដងៗ រួចទើបយកទៅសម្លាប់ចោល ដោយពុះយកថ្លើមនិងប្រមាត់របស់អ្នកស្រី យកទៅឆាទទួលទានក្លែមស្រាផង។ 
 
ព័ត៌មានខាងលើ ត្រូវបានស្រង់ចេញពីការផ្សាយរបស់ក្រុមព្រះសុរិយា លើបណ្ដាញសង្គមយូធូប (YouTube) កាលពីពេលកន្លងទៅ។
 
ត្រង់ចំណុចរំលោភមុនសម្លាប់នេះហើយ ដែលធ្វើឱ្យលោក ថន ថារិទ្ធិ ដែលបានអះអាងថា ត្រូវជាកូនប្រុសតែម្នាក់របស់អ្នកស្រី សោម វណ្ណសូដានី ឈ្មោះដើម សោម វ័ណស៊ុក ជាមួយលោក ជា យុធថន មានការមិនពេញចិត្ត។ លោក ថន ថារិទ្ធិ អះអាងថា ប្រពន្ធដើមឪពុករបស់លោក គឺអ្នកស្រី អោម ភូមី បានប្រាប់ថា ម្ដាយរបស់លោក គឺអ្នកស្រី សោម វណ្ណសូដានី ស្លាប់ដោយសារទាស់ត្រកួនកន្ទែក។ លោកបន្ថែមថា លោកយាយមួយរូបទៀតឈ្មោះ តូច ទូច ដែលរស់នៅក្បែរអ្នកស្រី សោម វណ្ណសូដានី កាលក្នុងជំនាន់ប៉ុលពត ក៏និយាយដូចគ្នាចំពោះមរណភាពនេះដែរ។ 

 លោក ថន ថារិទ្ធិ ពាក់​អាវ​ក្រហម​ ហើយ​ស្ត្រី​ចំណាស់សក់​ស​កាត់​ខ្លី គឺ​អ្នក​ស្រី អោម ភូមី ប្រពន្ធ​ដើម​លោក ជា យុធថន(រូប​ផ្ដល់​ឱ្យ​)

លោក ថន ថារិទ្ធ បញ្ជាក់បន្ថែម៖«ប្រពន្ធដើមឪពុកខ្ញុំ(អោម ភូមី) គាត់មកពីអាមេរិក គាត់មានប្រសាសន៍ថា អ្នកម្ដាយរបស់ខ្ញុំ ច្រឡំយកត្រកួនកន្ទែក មកលាយជាមួយបបរ គាត់ហូបទៅក៏រាក ហើយគាត់ក៏ស្លាប់។ លោកយាយ ទូច តា អ៊ុក ក៏គាត់មានប្រសាសន៍ដូចគ្នាអ៊ីចឹងដែរ។ តើកាលសម័យប៉ុលពត លោកយាយ ទូច នៅក្បែរអ្នកស្រី សោម វណ្ណសូដានីទេ? គាត់នៅជាមួយតែម្ដង។ ប្រពន្ធដើមឪពុកខ្ញុំ គាត់ថាផ្ទះគេនៅក្បែរៗគ្នា ធ្វើពីឫស្សី។ តើលោកបានឮផ្ទាល់ពីលោកយាយ ឬឮតពីគេ? ខ្ញុំបានឮផ្ទាល់ពីលោកយាយ»។
 
សូមស្ដាប់សំឡេងរបស់លោក ថន ថារិទ្ធ បន្ថែម៖
 


 
 
លោក ថន ថារិទ្ធ ថែមទាំងបញ្ជាក់ទៀតថា រឿងរ៉ាវម្ដាយរបស់លោកត្រូវបានជម្លៀសចេញទៅផ្លូវជាតិលេខ៣ គឺជាការពិត។ ប៉ុន្តែក្រោយមកឪពុករបស់លោក គឺលោក ជា យុទ្ធថន បានពឹងប្អូនប្រុសធម៌ ដែលធ្វើជាមេកងខ្មែរក្រហមឱ្យស៊ើបសួរដំណឹង អ្នកស្រី សោម វណ្ណសូដានី។ ក្រោយរកឃើញ មេកងនោះ បាននាំអ្នកស្រី សោម វ័ណស៊ុក មករស់នៅជិតលោក ជា យុទ្ធថន វិញ គឺនៅខេត្តបាត់ដំបងក្នុងស្រុកមោងឫស្សី។ លោក ថន ថារិទ្ធ ថារឿងរ៉ាវទាំងអស់នេះ គឺអ្នកស្រី អោម ភូមី ត្រូវជាប្រពន្ធដើមរបស់លោក ជា យុទ្ធថន ប្រាប់លោកដោយផ្ទាល់។
 
 «ប្រពន្ធដើមឪពុកខ្ញុំឈ្មោះ អោម ភូមី គាត់មកលេងស្រុកខ្មែរក្នុងឆ្នាំ១៩៩៧ ហើយ អ៊ំ យ៉ាន(ឈ្មោះ យ៉ាន ត្រូវជាប្អូនអ្នកស្រី អោម ភូមី) គាត់ប្រាប់បងស្រីគាត់ថា មានកូន វ័ណស៊ុក មួយនៅរស់។ ប្រពន្ធដើមរបស់ឪពុកខ្ញុំថា បើកូន វ័ណស៊ុក គឺកូនប្ដីគាត់ ហៅវាមកជួបមក។ ពេលខ្ញុំមកជួប គាត់ក៏ប្រាប់ពីប្រវត្តិតាំងពីដើមទីទាំងអស់។ គាត់បានប្រាប់ថា ម៉ាក់ខ្ញុំពីដើមចេញទៅផ្លូវជាតិលេខ៣ ទាំងក្រុមគ្រួសារខាងម្ដាយខ្ញុំ មានប៉ាអ៊ំ ម៉ាក់ខ្ញុំ ពូខ្ញុំ និងសាច់ថ្លៃទាំងអស់ ព្រមទាំងលោកយាយខ្ញុំ ព្រាប ម៉ុច និងលោកតាខ្ញុំ សោម ផន ទាំងម្ដាយមីងខ្ញុំឈ្មោះ អ៊ំ បុប្ផា សព្វថ្ងៃគាត់រស់នៅប្រទេសកាណាដា។ ប្រពន្ធដើមឪពុកខ្ញុំថា គ្រួសារខាងម្ដាយខ្ញុំចេញទៅដល់ខេត្តកំពត។ ម្ដាយខ្ញុំ(ប្រពន្ធដើមឪពុក) អះអាងថា នៅពេលគាត់ទៅដល់មោងឫស្សី ឪពុកខ្ញុំគាត់ខំស្រាវជ្រាវរកម្ដាយខ្ញុំ។ 
 
ឪពុកខ្ញុំគាត់ហ៊ានស្រាវជ្រាវ ដោយសារគាត់មានកូនចិញ្ចឹមមួយឈ្មោះ ផាត ជាមេខ្មែរក្រហម កាលពីជំនាន់នោះ។ ម៉ាក់ ភូមី បន្តថា ពេលបានដឹងដំណឹង បងផាតក៏បានទៅយកម្ដាយខ្ញុំពីភូមិកូនសត្វហ្នឹងមក ហើយមិនមែនយកមកតែគាត់ទេ គឺយកគ្រួសារនិងសាច់ញាតិគាត់មកទាំងអស់។ ប៉ុន្តែបង ផាត ថាមិនអាចដាក់ក្នុងសហករណ៍តែមួយជាមួយគ្នាទេ ឱ្យនៅម្ខាងស្ទឹងម្នាក់អាចឆ្លងមកមើលគ្នាបាន»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ថន ថារិទ្ធិ»។
 
សូមស្ដាប់សំឡេងរបស់លោក ថន ថារិទ្ធិ បន្ថែម៖


 
ចំណែកលោក តូច ច័ន្ទថន ដែលបានអះអាងថា លោកត្រូវជាប្អូនជីដូនមួយខាងម្ដាយ ជាមួយលោក ជា យុទ្ធថន ក៏បានបញ្ជាក់ដែរថាអ្នកស្រី សោម វណ្ណសូដានី ពិតជាបានទៅរស់នៅក្បែរលោក ជា យុធថន និងប្រពន្ធដើម នៅខេត្តបាត់ដំបងប្រាកដមែន។ 

 លោក តូច ច័ន្ទថន (ស្ដាំដៃ)ពាក់​អាវ​ពេទ្យ​ពណ៌​សដៃ​វែង ដែល​អះ​អាង​ថា​ជា​ប្អូន​ជីដូន​មួយ​ខាង​ម្ដាយ​ ជា​មួយ​លោក ជា យុធថន(រូប​ផ្ដល់​ឱ្យ​)

«គេដាក់នៅរ៉ាជិតមោង ហួសមោងបន្តិចគេមានដាក់រ៉ាកោះចា រ៉ាគោកត្រំ ហើយគេដេញឱ្យទៅនៅតាមដំបូក។ ក្រោយមកបងប្រុសនិងបងស្រីខ្ញុំគាត់ទៅកាប់អុស គាត់ថាម៉ាក់ៗ ខ្ញុំឃើញបងថន ហើយប្រពន្ធដើមគាត់ កូនគាត់មកដែរ ប៉ុន្តែឃើញបង សោម វណ្ណសូដានី នៅផ្សេង ដូចជាគាត់ត្រូវគ្នាទាំងអស់វិញហើយ ទាំងប្រពន្ធដើមគាត់ ដូចមិនឃើញឈ្លោះគ្នា។ ម៉ាក់ថាកុំមាត់ បើជួបវា ប្រាប់វាឱ្យដាក់ប្រវត្តិរូបកុំថាតួកុន ដាក់ថាអាពុកធាក់ស៊ីក្លូ ម្ដាយមេផ្ទះ ហើយវាសាច់ដុំធំៗអ៊ីចឹង ថាវាស៊ីឈ្នួលពុះអុសលក់»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក តូច ច័ន្ទថន។
 
សូមស្ដាប់សំឡេងរបស់លោក តូច ច័ន្ទថន បន្ថែម៖


 
ឆ្លើយតបទៅលោក ថន ថារិទ្ធិ វិញ ប្រធានក្រុមព្រះសុរិយាលោក យាង វណ្ឌី ថាប្រសិនបើលោក ថន ថារិទ្ធិ មានភស្តុតាងត្រឹមត្រូវ នោះក្រុមព្រះសុរិយានឹងកែតម្រូវតាម ប៉ុន្តែប្រសិនបើលោក ថន ថារិទ្ធិ គ្រាន់តែនិយាយ ដោយមិនមានភស្ដុតាងច្បាស់លាស់ទេ នោះការកែប្រែមិនអាចទៅរួចឡើយ។
 
លោក យាង វណ្ឌី បានបញ្ជាក់បន្ថែមដូច្នេះ៖«ក្នុងករណីហ្នឹងពួកយើងមិនអាចកែតម្រូវបានទេ ដោយសារតែពួកយើងធ្វើការងារតាមវិជ្ជាជីវៈ បានន័យថាពួកយើងជាអ្នកស្រាវជ្រាវឯករាជ យើងធ្វើការងារដូចជាអ្នកស៊ើបអង្កេតអ៊ីចឹង គឺពួកយើងធ្វើការងារផ្អែកលើភស្តុតាង។ 
 
កន្លងមកយើងមានច្រើន តាមរយៈសាក្សីរស់ តាមរយៈទស្សនាវដ្ដីដែលគេបានចុះកាលពីឆ្នាំ៩០ជាង សំខាន់មែនទែនគឺសាក្សីរស់ ដែលពួកគាត់នៅសេសសល់ ហើយគាត់ផ្ដល់ភស្ដុតាងឱ្យពួកយើងថា លោក ស្រី សោម វណ្ឌសូដានី គាត់មានកូនប៉ុន្មាននាក់ កូនគាត់នៅទីណាខ្លះ ហើយគាត់នៅរស់របៀបម៉េចគឺយើងមានទាំងអស់។ យើងមិនអាចកែតម្រូវទៅតាមបុគ្គលណាម្នាក់ ប្រសិនបើគាត់មានភស្ដុតាគ្រប់គ្រាន់ គាត់ផ្ដល់ឱ្យក្រុមព្រះសុរិយា យើងនឹងកែតម្រូវតាម។ ប៉ុន្តែក្នុងករណីដែលគាត់និយាយតែមាត់ គាត់មិនមានភស្ដុតាងទេ យើងមិនអាចកែតម្រូវ»។
 
សូមស្ដាប់សំឡេងលោក យាង វណ្ឌីបន្ថែម៖


 
ទោះជាយ៉ាងណា ក្រុមព្រះសុរិយា ក៏បានចេញផ្សាយព័ត៌មានមួយទៀត លើបណ្ដាញសង្គមយូធូប ដោយបានបញ្ជាក់ថា អ្នកស្រី សោម វណ្ណសូដានី និងលោក ជា យុទ្ធថន ពិតជាមានស្នេហាជាមួយគ្នាក្រៅភាពយន្តពិតមែន ប៉ុន្តែតារាសម្ដែងពោរពេញដោយទេពកោសល្យទាំងពីររូបនេះ មិនមានកូនជាមួយគ្នាឡើយ។ 
 
ក្រុមព្រះសុរិយា បានអះអាងថា ខ្លួនបានរកឃើញសម្ដីរបស់អ្នកស្រី ភួង ភូមី ភរិយា ដើមរបស់លោក ជា យុទ្ធថន បានទទួលស្គាល់ពីទំនាក់ទំនងស្នេហារបស់អ្នកស្រី សោម វណ្ណសូដានី ជាមួយប្ដីរបស់អ្នកស្រីមែន ប៉ុន្តែអ្នកស្រី បញ្ជាក់ថា អ្នកទាំងពីរមិនមានកូនជាមួយគ្នាឡើយ។ នេះគឺជាការស្រង់ខ្លឹមសារខ្លះៗ ចេញពីការផ្សាយរបស់ក្រុមព្រះសុរិយាលើបណ្ដាញយូធូប។
សូមបញ្ជាក់ថា លោក ថន ថារិទ្ធិ ដែលបានអះអាងថា ខ្លួនជាកូនប្រុសតែម្នាក់របស់អ្នកស្រី សោម វណ្ណសូដានី បញ្ជាក់ថាប្រពន្ធដើមឪពុករបស់ខ្លួន មានឈ្មោះ អោម ភូមី(អោម វ័ណភូមី)។ ប៉ុន្តែក្រុមព្រះសុរិយា បានផ្សាយថា ប្រពន្ធដើមរបស់លោក ជា យុទ្ធថន ឈ្មោះ ភួង ភូមី។ 

  លោក ជា យុធថន តារា​ភាពយន្ត​ទសវត្សរ៍៦០

ពាក់ព័ន្ធនឹងរឿងកូនប្រុសអ្នកស្រី សោម វ័ណស៊ុក ឬ សោម វណ្ណសូដានីនេះ លោក តូច ចាន់ថន ដែលមានស្រុកកំណើតនៅរាជធានីភ្នំពេញ ហើយបច្ចុប្បន្នលោកទៅរស់នៅខេត្តបន្ទាយមានជ័យ បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា លោក ថន ថារិទ្ធ ពិតជាកូនប្រុសអ្នកស្រី សោម វណ្ណសូដានី ជាមួយលោក ជា យុទ្ធថន ប្រាកដមែន។ លោក តូច ច័ន្ទថន បញ្ជាក់ថា ដ្បិតតែពេលនោះលោកនៅមានអាយុតិចក្ដី ប៉ុន្តែលោកនៅចាំរឿងរ៉ាវទាំងអស់ ពាក់ព័ន្ធនឹងទំនាក់ទំនងស្នេហ៍របស់តារាសម្ដែងទាំងពីរនាក់នេះ។
 
លោក តូច ច័ន្ទថន ថាអ្នកស្រី សោម វណ្ណសូដានី និងលោក ជា យុទ្ធថន តែងចេញចូលផ្ទះប៉ារបស់លោក ដែលមានសក្ដិ៥ (ឋានន្តរសក្ដិក្នុងមន្ត្រីរាជការសម័យ លន់ នល់) ជាញឹកញាប់ ហើយទំនាក់ទំនងស្នេហ៍នេះ សាច់ញាតិរបស់លោកទាំងអស់បានដឹងគ្រប់គ្នា។ ក្រោយពីដឹងថា អ្នកស្រី សោម វណ្ណសូដានី មានផ្ទៃពោះជាមួយលោក ជា យុទ្ធថន ប្រពន្ធដើមគឺអ្នកស្រី អោម ភូមី ក៏បានទៅរករឿងអ្នកស្រី សោម វណ្ណសូដានី និងលោក ជា យុទ្ធថន ដល់ផ្ទះរបស់ប៉ាលោក តូច ច័ន្ទថន។
 
លោក តូច ច័ន្ទថន បញ្ជាក់បន្ថែមដូច្នេះ៖«ថាមានទម្ងន់ ខ្ញុំកើយភ្លៅម៉ាក់របស់ខ្ញុំណា ម៉ាក់ខ្ញុំថា បើមានទម្ងន់ហើយធ្វើយ៉ាងម៉េចទុកកូនទៅ កុំយកវាចេញវាជាដំណក់ឈាម។ តើខាងប្រពន្ធដើមគាត់មានការខឹង ឬជំទាស់ទេ? ខឹងតើ ពេលបង ជា យុទ្ធថន មកផ្ទះខ្ញុំគាត់ឱ្យគេស៊ើបដឹង ក៏គាត់មករករឿង។ ម៉ាក់ខ្ញុំគាត់មានទូរសព្ទរវៃដៃ គាត់តេទៅប៉ាថា ប៉ាអើយប្រពន្ធដើមអាថន គេនាំគ្នាមករករឿងផ្ទះយើងហើយ ប៉ាឯងឱ្យអ្នកណាមកពន្យល់វាបន្តិចមក។ ម៉ាក់ខ្ញុំថា ឪឡូវស្ងាត់បន្តិចទៅ រម្ងាប់អារម្មណ៍បន្តិចទៅ។ ប្រពន្ធដើមគាត់ កាលនោះចិត្តដាច់ណាស់ មិនសូវមកលេងផ្ទះខ្ញុំទេ គាត់ថាម៉ាក់ប៉ារបស់ខ្ញុំកាន់ជើង អ៊ីចឹងណា»។ 
 
សូមស្ដាប់សំឡេងរបស់លោក តូច ច័ន្ទថន បន្ថែម៖


 អ្នក​ស្រី សោម វណ្ណសូដានី និង​លោក ជា យុធថន តារាភាពយន្ត​ទសវត្សរ៍៦០

 លោក តូច ច័ន្ទថន បានឆ្លើយតបសំណួររបស់សារព័ត៌មានថ្មីៗថា៖«ដោយសារតែឆ្លងកាត់សម័យសង្គ្រាម ពេលដែលចូលដល់សម័យសង្គ្រាមហើយ អ្នកស្រី សោម វណ្ណសូដានី ក៏មិនទាន់សម្រាលកូនដែរ ដូច្នេះវត្តមានលោក ថន ថារិទ្ធិ ដែលថាត្រូវជាកូនរបស់គាត់ទាំងពី(លោក ជា យុទ្ធថន និងអ្នកស្រី សោម វណ្ណសូដានី) ហេតុដូចម្ដេចបានជាលោកជឿថាគាត់ជាកូន? លោកមិនខ្លាចគេបន្លំទេ? អត់ទេ ដូចមិនបន្លំទេ។ ម៉ាក់ធំខ្ញុំថា ជា យុទ្ធថន ហ្នឹងវាមានកូនជាមួយ សោម វណ្ណសូដានីមួយ ឥឡូវបានជួបវាហើយឱ្យវានៅជាមួយ តែវាថាវាចង់នៅវត្ត ដើម្បីធ្វើបុណ្យសន្សំកុសលឱ្យម៉ាក់ប៉ាវា។ ខ្ញុំឮម៉ាក់ធំប្រាប់អ៊ីចឹង»។
 
សូមស្ដាប់សំឡេងលោក តូច ច័ន្ទថន៖


 
ចំណែកលោក ថន ថារិទ្ធ ក៏បានអះអាងដែរថា ប្រពន្ធដើមប៉ារបស់លោកគឺអ្នកស្រី អោម ភូមី បានប្រាប់លោកដោយផ្ទាល់ ថាលោកនេះហើយគឺជាកូនប្រុសតែម្នាក់របស់អ្នកស្រី សោម វណ្ណសូដានី ជាមួយលោក ជា យុធថន។ លោក ថារិទ្ធ ថែមទាំងបន្ថែមទៀតថា ដោយក្ដីអាណិតស្រឡាញ់ កាលពីឆ្នាំ១៩៩៧ អ្នកស្រី អោម ភូមី បានសុំឱ្យលោកទៅរស់នៅសហរដ្ឋអាមេរិកជាមួយអ្នកស្រី ប៉ុន្តែលោកមិនអាចទៅបាន ព្រោះជាប់នៅមើលថែក្មេងកំព្រា។ 
 
បុរសដែលកើតក្នុងឆ្នាំ១៩៧៥រូបនេះ បញ្ជាក់ថា ប្រសិនបើក្រុមព្រះសុរិយា មិនជឿជាក់លើលោកដែលជាកូន គួរណាស់ក្រុមនេះទៅសួរនាំសាច់ញាតិទាំងខាងម្ដាយនិងខាងឪពុករបស់លោក  ព្រោះសាច់ញាតិទាំងនោះនៅមានជីវិតច្រើន។

 លោក ថន ថារិទ្ធិ ដែល​អះអាង​ថា​ជា​កូន​របស់​អ្នក​ស្រី សោម វណ្ណសូដានី និង​លោក ជា យុទ្ធថន(រូប​ផ្ដល់​ឱ្យ​)

លោក ថារិទ្ធិ បន្ថែម៖«បើគាត់(ក្រុមព្រះសុរិយា) មិនទុកចិត្តថាខ្ញុំជាកូនរបស់លោកទាំងពីរ គួរណាស់គាត់ស៊ើបសួរប្រវត្តិឪពុកម្ដាយរបស់ខ្ញុំ ពីសាច់ញាតិទាំងសងខាង។ សាច់ញាតិខាងឪពុកខ្ញុំមានច្រើនណាស់ ហើយខាងម្ដាយខ្ញុំក៏មានដែរ។ ត្រកូលខាងលោកយាយខ្ញុំ គឺលោកយាយ ជុំ គាត់នៅខាងដំដែកទាំងអស់។ បើខាងម្ដាយខ្ញុំវិញ នៅខាងឧដុង្គវាំងចាស់ គឺសុទ្ធតែសែស្រឡាយខាងម្ដាយខ្ញុំទាំងអស់ មានទាំងពូ ហ៊ុន មុនីវណ្ណ ពូរដ្ឋ លោកយាយម៉ុច លោកយាយរឹម គាត់នៅថ្មគោល។ គាត់(ក្រុមព្រះសុរិយា) ផ្សាយថាម្ដាយខ្ញុំត្រូវបានក្មេងៗអាយុ១៣ឬ១៤ឆ្នាំ រំលោភហើយយកទៅសម្លាប់ ហាក់ដូចជាសម្លាប់ខ្ញុំទាំងរស់។ គាត់ផ្សាយមិនមានការពិត។ ខ្ញុំសុំឱ្យកូនក្រុមព្រះសុរិយា កែតម្រូវមរណភាពម្ដាយរបស់ខ្ញុំវិញ»។
 
ពាក់ព័ន្ធនឹងបញ្ហាខាងលើ លោក យាង វណ្ឌី បានបញ្ជាក់ថា លោកបានស្រាវជ្រាវឃើញថា អ្នកស្រី សោម វណ្ឌសូដានី និងលោក ជា យុទ្ធថន មិនមានកូនជាមួយគ្នាឡើយ។ ទោះជាយ៉ាងណា លោក វណ្ឌី ក៏បានអះអាងដែរថា លោកមានឯកសារជាសំឡេងរបស់សាច់ញាតិអ្នកស្រី សោម វណ្ណសូដានី ផងដែរ។ 
 
«បើតាមតែខ្ញុំដឹង សោម វណ្ណសូដានី មិនអាចមានកូនជាមួយនឹងលោក ជា យុទ្ធថន បានទេ ព្រោះយើងស៊ើបតាមរយៈមហាជន និងតាមរយៈតារាភាពយន្តមួយចំនួនដែលនៅរស់។ អានេះយើងមិនអាចសន្និដ្ឋានបានទេ នេះជារឿងរបស់គាត់ ប៉ុន្តែយើងធ្វើការទៅតាមវិជ្ជាជីវរបស់យើង យើងមិនអាចទៅលូកលាន់អ្វីច្រើនជាងនេះទេ។ 
 
ករណីនេះយើងមិនចង់ធ្វើអ្វីច្រើន ឱ្យមានបញ្ហាអ្វីតទៅទៀតទេ។ ប្រសិនបើក្នុងករណីមួយ ដែលគាត់នៅតែទាមទារឱ្យយើងបកស្រាយ ឬឱ្យយើងធ្វើការងារអ្វីមួយទៀត យើងនឹងបញ្ចេញភស្តុតាងមួយទៀត ទៅឱ្យគាត់បានដឹង។ ការពិតមិនមែនយើងមិនមានទំនាក់ទំនង ជាមួយសាច់ញាតិរបស់លោកស្រី សោម វណ្ណសូដានី ទេ យើងមាន។ ហើយយើងក៏មានសំឡេងដែរ ប៉ុន្តែយើងមិនទាន់បញ្ចេញទេ ហើយក្នុងករណីនេះ ប្រសិនបើគាត់នៅតែទាមទារ យើងក៏បញ្ចេញដូចគ្នា»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក យាង វណ្ឌី។
 
សូមស្ដាប់សំឡេងរបស់លោក យាង វណ្ឌី បន្ថែម៖


 
បើតាមលោក ថន ថារិទ្ធិ លោកបានទៅលេងអ្នកស្រី អោម ភូមី នៅសហរដ្ឋអាមេរិក កាលពីអ្នកស្រី អោម ភូមី នៅមានអាយុដែរ៕ 

លោក យាង វណ្ឌី ប្រធាន​ក្រុម​ព្រះ​សុរិយា


  លោក សោម វ័ណសាយ ប្អូន​ប្រុស​បង្កើតរបស់​អ្នក​ស្រី សោម វណ្ណសូដានី (រូប​ផ្ដល់​ឱ្យ​)
 

Tag:
 ថន ថារិទ្ធិ
  សោម វ័ណស៊ុកដានី
  ក្រុមព្រះសុរិយា
  ភាពយន្ត
  ជីវិត
  សិល្បៈ
 
© រក្សាសិទ្ធិដោយ thmeythmey.com