អន្តរជាតិ
ត្រាំ បដិសេធចុះហត្ថលេខាលើសេចក្តីស្នើច្បាប់ផ្តល់ជំនួយសេដ្ឋកិច្ចសម្រាប់ពលរដ្ឋអាមេរិក
27, Dec 2020 , 5:59 pm        
រូបភាព
ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ។ រូបភាព៖ AFP
ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ។ រូបភាព៖ AFP
ពលរដ្ឋអាមេរិកជាច្រើនលាននាក់ កំពុងបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ច បន្ទាប់ពី ប្រធានាធិបតីអាមេរិក មិនចុះហត្ថលេខាលើសេចក្តីស្នើច្បាប់ស្តីពីអត្ថប្រយោជន៍សម្រាប់អ្នកអត់ការងារ ស្របពេលថ្ងៃកំណត់នៃការចុះហត្ថលេខា បានផុតនៅថ្ងៃទី២៦ ខែធ្នូ។ បញ្ហានេះ ត្រូវបានប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃឌិន រិះគន់លោកត្រាំយ៉ាងខ្លាំង និងថា គ្មានការទទួលខុសត្រូវ។


 
បន្ទាប់ពីសេចក្តីស្នើច្បាប់ស្តីពីប្រាក់អត្ថប្រយោជន៍សម្រាប់ពលរដ្ឋអាមេរិកត្រូវបានអនុម័តដោយសភារួចមក សេចក្តីស្នើច្បាប់បានធ្លាក់មកលើតុរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ យ៉ាងណាមិញ លោកត្រាំ បានបដិសេដលើការចុះហត្ថលេខាលើសេចក្តីស្នើច្បាប់នេះ ដោយសំអាងថា លោកចង់ផ្តល់ប្រាក់ឲ្យប្រជាជនអាមេរិកច្រើនជាងនេះ ក្នុងពេលតែមួយលើក។ យ៉ាងណាមិញ ពេលកំណត់នៃការចុះហត្ថលេខា បានផុតហើយ។  
 
សេចក្តីស្នើច្បាប់នេះ រួមមានទាំងការផ្តល់ប្រាក់ចំនួន ៦០០ដុល្លារ សម្រាប់ប្រជាជនអាមេរិក ដែលរកចំណូលបានចំនួនតិចជាង ៧៥,០០០ដុល្លារ ក្នុងមួយឆ្នាំ។ ប៉ុន្តែលោកត្រាំ ចង់ឲ្យប្រជាជនអាមេរិកម្នាក់ ២០០០ដុល្លារ បូករួមទាំងសមាជិកគ្រួសារចំនួន ២០០០ដុល្លារថែមទៀត ដែលត្រូវបានសភាអាមេរិក បដិសេដតាមសំណើរបស់លោក ត្រាំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
 
ទាក់ទិននឹងបញ្ហានេះ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃឌិន បានប្រើពាក្យធ្ងន់ៗដាក់លោក ត្រាំថា ការបដិសេដមិនចុះហត្ថលេខារបស់ប្រធានាធិបតីអាមេរិក បង្កឲ្យមានផលវិបាកធ្ងន់ធ្ងរកើតឡើង។ ក្នុងករណីមិនចុះហត្ថលេខានេះ លោកបៃឌិន បានចាត់ទុកសកម្មភាពរបស់លោក ត្រាំ ថាគឺជាការមិនទទួលខុសត្រូវ ក្នុងនាមជាប្រធានាធិបតីអាមេរិក ស្របពេលប្រជាជនអាមេរិកកំពុងបាត់បង់ការងារធ្វើ និងគ្មានប្រាក់អត្ថប្រយោជន៍ផ្សេងទៀត។ 
 
ក្នុងន័យនេះ លោកបៃឌិន បានលើកឡើងថា ប្រធានាធិបតីចុះហត្ថលេខាលើច្បាប់នេះ ដើម្បីធានាថា ប្រជាជនអាមេរិក អាចមានអាហារនៅលើតុ និងអាចនៅជួបជុំគ្រួសារបានក្នុងអំឡុងពេលវិស្សមកាល។ 
 
សូមបញ្ជាក់ថា ជំនួយថវិកាក្នុងវិបត្តិកូវីដ-១៩ នេះ គឺមានចំនួន ១,៤ទ្រីលានដុល្លារ។ ប្រសិនបើប្រធានាធិបតីអាមេរិក មិនចុះហត្ថលេខាលើជំនួយនេះ ផ្នែកខ្លះរបស់រដ្ឋាភិបាលនឹងត្រូវផ្អាកបណ្តោះអាសន្នចាប់ពីថ្ងៃទី២៩ ខែធ្នូ តទៅ។ ទាក់ទិននឹងបញ្ហានេះ សភាត្រូវតែអនុម័តសេចក្តីស្នើច្បាប់មួយ ដើម្បីដោះស្រាយ។ ចំណែកប្រធានាធិបតីអាមេរិក នៅតែត្រូវចុះហត្ថលេខា ដើម្បីផ្តល់ជំនួយដល់ប្រជាជនអាមេរិកប្រមាណ ១៤លាននាក់ដដែល៕ 
 

Tag:
 អាមេរិក
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com