COVID-19
អន្តរជាតិ
អាហ្វ្រិកខាងត្បូង ជាប្រទេសដំបូងនៅអាហ្វ្រិក ដែលមានអ្នកឆ្លងកូវីដ-១៩ លើស១លានករណី
28, Dec 2020 , 8:29 am        
រូបភាព
ដោយ: រួបរួម
អាហ្វ្រិកខាងត្បូង ចូលរួមជាមួយ១៧ប្រទេសផ្សេងទៀត ដែលមានអ្នកឆ្លងកូវីដ-១៩ ច្រើនជាង១លានករណី។ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២៨ ខែធ្នូ នេះ ករណីសរុបនៅលើពិភពលោក មានជាង៨១លានករណី ក្នុងនោះស្លាប់ជាង១.៧៧លាននាក់ និងសះស្បើយជាង៥៧លាននាក់។



អាហ្វ្រិកខាងត្បូងជាប្រទេសដំបូងផងដែរនៅអាហ្រ្វិកដែលកើនឡើងអ្នកឆ្លងកូវីដ-១៩ ដល់ជាង១លានករណី បន្ទាប់ពីរកឃើញករណីវិជ្ជមានជាង៩៥០០បន្ថែមកាលពីថ្ងៃអាទិត្យ រីឯអ្នកស្លាប់មានជាង២០០នាក់ទៀត ដែលធ្វើឲ្យចំនួនសរុបកើនដល់២៦៧៣៥នាក់។

សហរដ្ឋអាមេរិកដែលមានករណីឆ្លងច្រើនជាងគេ ឡើងតួលេខដល់ជាង១៩.៥៦លាននាក់ បន្ទាប់មក ឥណ្ឌា ជាង១០.២លាន ប្រេស៊ីលជាង៧.៤៨លាន រុស្ស៊ីជាង៣.០៥លាន បារាំងជាង២.៥៥លាន ចក្រភពអង់គ្លេសជាង២.២៨លាន តួកគីជាង២.១៤លាន និងអ៊ីតាលី ជាង២.០៤លាន។

ប្រទេសផ្សេងទៀតដែលមានករណីចន្លោះពីជាង១លានទៅជិត២លាន រួមមាន អេស្ប៉ាញ អាល្លឺម៉ង់ កូឡុំប៊ី អាហ្សង់ទីន ម៉ិកស៊ិក ប៉ូឡូញ អ៊ីរ៉ង់ អ៊ុយក្រែន ប៉េរូ និងអាហ្វ្រិកខាងត្បូង។ ហូឡង់ និងឥណ្ឌូណេស៊ី ស្ថិតក្នុងខ្ទង់ជាង៧០ម៉ឺន ផងដែរ។

ដោយឡែកបណ្តាប្រទេសឯទៀតដែលមានអ្នកឆ្លងលើសកន្លះលានករណី មានដូចជា សាធារណរដ្ឋឆេក បែលហ្ស៊ិក រូម៉ានី ស៊ីលី អ៊ីរ៉ាក់ កាណាដា និងបង់ក្លាដែស ហើយតាមពីក្រោយដោយ ប៉ាគីស្ថាន ហ្វីលីពីន ម៉ារ៉ុក ស្វីស និងអ៊ីស្រាអែល។

បើនិយាយពីចំនួនអ្នកស្លាប់ សហរដ្ឋអាមេរិក មានជាង៣៤ម៉ឺននាក់ ប្រេស៊ីលជាង១៩ម៉ឺននាក់ ឥណ្ឌាជាង១៤ម៉ឺននាក់ និងម៉ិកស៊ិកជាង១២ម៉ឺននាក់។ ២៣ប្រទេសផ្សេងទៀត មានអ្នកស្លាប់ចន្លោះពីជាង១ម៉ឺននាក់ទៅជាង៧ម៉ឺននាក់ ក្នុងនោះឥណ្ឌូណេស៊ីដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ មានជាង២ម៉ឺននាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com