COVID-19
ជាតិ
សុខភាព
កម្ពុជា សល់​អ្នកជំងឺ​កូ​វីដ​-១៩ តែ​៤​នាក់​ទៀត​ប៉ុណ្ណោះ
28, Dec 2020 , 9:29 am        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា មាន​អ្នកជំងឺ​កូ​វីដ​-១៩ តែ​ចំនួន​៤​នាក់​ទៀត​ប៉ុណ្ណោះ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្រោយ​អ្នកជំងឺ​៤​នាក់​បាន​សះស្បើយ នៅ​ព្រឹក​ថ្ងៃទី​២៨ ធ្នូ​។ នេះ​បើតាម​ក្រសួងសុខាភិបាល​។



​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា មនុស្ស​៤​នាក់​ដែលជា​សះស្បើយ​ពី​កូ​វីដ​-១៩​នា​ថ្ងៃនេះ មាន​៣​នាក់​ជា​ករណី​នាំចូល និង​ម្នាក់ទៀត ជា​បុរស​វ័យ​៣៥​ឆ្នាំ ដែលជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​។ បុរស​ម្នាក់នេះ ជា​បុគ្គលិក​ហាង​Zando សាខា​បឹង​កេងកង មាន​អា​ស័​យ​ស្នាក់នៅ​សង្កាត់​បេង​កេងកង​៣ ខណ្ឌ​បឹង​កេងកង​។ ក្រសួងសុខាភិបាល បន្ត​រៀបរាប់ថា អ្នកជា​សះស្បើយ​ពី​កូ​វីដ ចំនួន​៣​នាក់ ដែលជា​ករណី​នាំចូល​នោះ​មាន ស្ត្រីជន​ជាតិខ្មែរ​-​អាមេរិក​ម្នាក់ មាន​វ័យ​៥៥​ឆ្នាំ ដោយ​ធ្វើដំណើរ​មកពី​អាមេរិក បន្ត​ជើងហោះហើរ​នៅ​តៃវ៉ាន់ និង​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​២០​ធ្នូ​។ 
 
​ចំណែក​បុរស​ជនជាតិ​ជប៉ុន វ័យ​២៩​ឆ្នាំ បានធ្វើ​ដំណើរ​មកពី​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​កូរ៉េ ដោយបាន​មកដល់​កម្ពុ​ជា  នា​ថ្ងៃទី​១៣​ធ្នូ និង​អ្នកជា​សះស្បើយ​ម្នាក់ទៀត ជា​បុរស​ជនជាតិ​ហ្ស៊​កដា​នី អាយុ​៤៧​ឆ្នាំ ដោយបាន​ធ្វើដំណើរ​មក​ប្រទេស​ហ្ស៊​កដា​នី បន្ត​ជើងហោះហើរ​នៅ​កូរ៉េខាងត្បូង ហើយ​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១០​ធ្នូ ឆ្នាំ​២០២០​។ នេះ​បើតាម​ក្រសួងសុខាភិបាល ដែល​បានអនុញ្ញាត​ឲ្យ​មនុ​ស្សទាំង​៤​នាក់​នោះ ចាក​ចេញពី​មន្ទីរពេទ្យ ក្រោយ​លទ្ធផល​តេស្ត​បង្ហាញ​អវិជ្ជមាន​២​ដង នៃ​ជំងឺ​កូ​វីដ​-១៩​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២៨​ធ្នូ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​៣៦៤​នាក់​។ ក្នុងនោះ មាន​៣៦០​នាក់ បានជា​សះស្បើយ និង​៤​នាក់​ទៀត​កំពុង​បន្ត​ការព្យាបាល​នៅ​មន្ទីរពេទ្យ​។  សម្រាប់​អ្នកជំងឺ​ដែល​នៅសល់​៤​នាក់​នេះ  គឺមាន​៣​នាក់​ជា​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា កំពុង​សម្រាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com