COVID-19
អន្តរជាតិ
កូរ៉េខាងត្បូង ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ ពី​ក្រុមហ៊ុន Moderna សម្រាប់​ប្រជាជន ២០​លាន​នាក់​
29, Dec 2020 , 2:30 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ចេអ៊ីន។ រូបភាព៖ Facebook-ប្រធានាធិបតីលោក មូន ចេអ៊ីន
ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ចេអ៊ីន។ រូបភាព៖ Facebook-ប្រធានាធិបតីលោក មូន ចេអ៊ីន
​កូរ៉េខាងត្បូង បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ពី​ក្រុមហ៊ុន Moderna សម្រាប់​ចាក់​ឲ្យ​ប្រជាជន​ចំនួន ២០​លាន​នាក់​។ នេះ​បើតាម​ការប្រកាស​របស់​វិមាន​ប្រធានាធិបតី Cheong Wa Dae នៅ​ថ្ងៃទី​២៩ ខែធ្នូ​។ មុន​សេចក្តីប្រកាស​នេះ លោក លោក​មូ​ន ចេ​អ៊ី​ន បាន​លើកឡើងថា យុទ្ធនា​ការចាក់​វ៉ាក់សាំង អាច​នឹង​ចាប់ផ្តើម នៅ​ខែកុម្ភៈ​ខាងមុខ​។

 
​ស្របពេល​ស្ថានការណ៍​កូ​វីដ​-១៩ នៅ​កូរ៉េខាងត្បូង កំពុងតែ​ហក់​ឡើង កូរ៉េខាងត្បូង បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ ក្រុមហ៊ុន Moderna ដែលជា​ក្រុមហ៊ុន​ទី​៤ លើ​ការផ្គត់ផ្គង់​វ៉ាក់សាំង​ឲ្យ​ប្រទេស​ស្ថិតនៅ​តំបន់​អាស៊ី​ខាងកើត​មួយ​នេះ​។ កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង ត្រូវបាន​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ ដែលមាន​ការចូលរួម​ពី​សំណាក់​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចេ​អ៊ី​ន និង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Moderna លោក Stephane Bancel នៅ​ថ្ងៃទី​២៨ ខែធ្នូ​។ 
 
​ក្រោម​កិច្ចព្រមព្រៀង​នេះ ក្រុមហ៊ុន Moderna នឹង​ផ្គត់ផ្គង់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ សម្រាប់​ប្រជាជន​កូរ៉េខាងត្បូង​ចំនួន ២០​លាន​នាក់ ដោយ​ចាប់ផ្តើម​ពី​ត្រីមាស​ទី​ពីរ​ឆ្នាំ​ពី​២០២១ តទៅ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។ 
 
​កន្លងមក​កូរ៉េខាងត្បូង បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ចំនួន ៣ និង​ក្រោម​គម្រោង​អង្គការ​សុខភាព​ពិភពលោក (WHO) ។ រដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន AstraZeneca ក្នុង​ខែវិច្ឆិកា និង​ក្រុមហ៊ុន Janssen និង​ក្រុមហ៊ុន Pfizer កាលពី​សប្ដាហ៍​មុន សម្រាប់​ចាក់​លើ​ប្រជាជន​ចំនួន ៣៦​លាន​នាក់​។ បន្ថែម​ពីលើ​នេះ កូរ៉េខាងត្បូង ក៏​ត្រៀម​ទិញ​វ៉ាក់សាំង​ក្រោម​គម្រោង​COVAX ចំនួន ១០០​លាន​ដូ​ស​ផងដែរ​។ 
 
​ករណី​ឆ្លង​របស់​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២៩ ខែធ្នូ បាន​ហក់​ឡើង​សារជាថ្មី ជាមួយ​ករណី​ឆ្លង​ប្រចាំថ្ងៃ​ចំនួន​១០៤៦​នាក់ ក្នុងនោះ​ករណី​ឆ្លង​ក្នុងស្រុក​មាន​ចំនួន ១០៣០​នាក់​។ តួលេខ​សរុប​របស់​កូរ៉េខាងត្បូង មាន​ចំនួន ៥៨៧២៥​ករណី ចំណែក​អ្នក​ស្លាប់មាន​ចំនួន ៨៥៩​នាក់​។ អ្នកជា​សះស្បើយ​មាន​ចំនួន ៤០៧០៣​នាក់​។ 
 
​សូមបញ្ជាក់ថា មុន​សេចក្តីប្រកាស​របស់​វិមាន​ប្រធានាធិបតី​ខាងលើ លោក​មូ​ន នៅ​ថ្ងៃទី​២៨ ខែធ្នូ កន្លងទៅ បានប្រកាសថា កូរ៉េខាងត្បូង អាច​នឹង​ចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង នៅក្នុង​ខែកុម្ភៈ​ខាងមុខ​។ ប្រធានាធិបតី​កូរ៉េខាងត្បូង​រូបនេះ ក៏បាន​ច្រានចោល​ការបារម្ភ និង​ការរិះគន់​របស់​ប្រជាជន ដែលថា ការផ្គត់ផ្គង់​វ៉ាក់សាំង​របស់​កូរ៉េខាងត្បូង មានការ​ខ្វះខាត ឬ​យឺត​។ បើតាម​លោក​មូ​ន វា​មិន​ដូចជា​ការលើកឡើង​ឡើយ រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​បង្កើត​ក្រុមការងារ​ជា​អន្តរ​វិស័យ​ជាស្រេច​ហើយ ដើម្បី​គាំទ្រ​គោលនយោបាយ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ និង​ការផ្គត់ផ្គង់​វ៉ាក់សាំង​៕ 

Tag:
 កូរ៉េខាងត្បូង​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com