ជាតិ
រយៈពេល​១០​ខែ​ឆ្នាំ​២០២០​នេះ ភ្ញៀវទេសចរ​អន្តរជាតិ​ធ្លាក់ចុះ​៧៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន
30, Dec 2020 , 2:59 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​រយៈពេល​១០​ខែ ក្នុង​ឆ្នាំ​២០២០​នេះ ភ្ញៀវទេសចរ​អន្តរជាតិ​ធ្លាក់ចុះ​យ៉ាងគំហុក​បើ​ប្រៀប​ធៀន​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំមុន ពោលគឺ​ធ្លាក់ចុះ​ជាង​៤​លាន​នាក់ ដែល​ស្មើនឹង​ដក​៧៦​ភាគរយ​។ ការធ្លាក់ចុះ​នេះ ដោយសារ​បញ្ហា​វិបត្តិ​កូ​វីដ​-១៩​។ នេះ​បើតាម​លោក តុ​ប សុភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​។



​គិត​ចាប់ពី​ខែមករា​ដល់​ខែតុលា ឆ្នាំ​២០២០​នេះ ភ្ញៀវ​អន្តរជាតិ​ចូលមក​ទស្សនា​កម្ពុ​ជាមាន​ជាង​១.២​លាន​នាក់ ហើយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ទៅនឹង​ឆ្នាំមុន​មាន​ជាង​៥.២​លាន​នាក់​។ លោក តុ​ប សុភ័ក អះ​អា​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ការធ្លាក់ចុះ​នេះ គឺ​បណ្ដាលមកពី​វិបត្តិ​កូ​វីដ​-១៩ ហើយ​ស្ថាន​ភ្ញៀវ​ទេស​អន្តរជាតិ​អាច​ប្រសើរ​ឡើងវិញ គឺ​អាស្រ័យ​ស្ថានភាព​ថមថយ​នៃ​កូ​វីដ​-១៩​។ 
 
​អ្នកនាំពាក្យ​រូបនេះ ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ការធ្លាក់ចុះ​នេះ គឺ​ដោយសារ​បញ្ហា​កូ​វីដ​-១៩ ហើយ​តាម​បណ្ដាល​ប្រទេស​ផ្សេងៗ រួមទាំង​កម្ពុជា មានការ​រឹតបន្តឹង​នៅ​គ្រប់​ច្រកចេញចូល ជាហេតុ​ធ្វើ​ភ្ញៀវទេសចរ​ពិបាក​ធ្វើដំណើរ​កម្សាន្ត​នៅ​ដំណាក់​កូ​វីដ​-១៩​។ វា​ពិតណាស់ បើ​ស្ថាន​កូ​វីដ​-១៩ ថមថយ ស្ថានភាព​ភ្ញៀវទេសចរ​ក៏​ប្រសើរ​ឡើងវិញ​តាម​ហ្នឹង​ដែរ​»​។ 
 
​ក្នុងចំណោម​ភ្ញៀវទេសចរ​អន្តរជាតិ​១.២​លាន​នាក់ ដែល​មក​ទស្សនា​កម្ពុជា គឺ​ជន​ជាតិចិន​មាន​ចំនួន​ច្រើនជាងគេ គឺមាន​ជាង​៣១​ម៉ឺន​នាក់​។ ចំ​ណែន​ជនជាតិ​ថៃ​គ​ឈរ​នៅ​លេខ​ពីរ មាន​ជាង​១៩​ម៉ឺន​នាក់ ហើយ​វៀតណាម​មាន​ជាង​១៩​ម៉ឺន​នាក់​។ នេះ​បើតាម​ការបញ្ជាក់​បណ្ថែ​ន​របស់លោក តុ​ប សុភ័ក​។ 
 
​របាយការណ៍​ភ្ញៀវទេសចរ​ក៏បាន​បញ្ជាក់ដែរថា ភ្ញៀវទេសចរ​អន្តរជាតិ​ភាគច្រើន​គឺ​ចូលមក​កម្ពុជា​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សៀមរាប និង​កោះកុង ដែល​រហូតដល់​ជាង​៧៣​ម៉ឺន​នាក់​។ ចំណែក​ផ្លូវ​គោល​និង​ផ្លូវទឹក មាន​ជាង​៥៣​ម៉ឺន​នាក់​៕ 

Tag:
 ភ្ញៀវទេសចរ​អន្តរជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com