កីឡាអន្តរជាតិ
អន្តរជាតិ
Napoli នឹង​ប្តូរ​ឈ្មោះ​កីឡដ្ឋាន​ទៅ Diego Armando Maradona ដើម្បី​ឧ​ទ្ធិ​ស​ឲ្យ Maradona
30, Dec 2020 , 3:29 pm        
រូបភាព
​កីឡដ្ឋាន Stadio San Paolo របស់​ក្លិប Napoli នឹងត្រូវ​ប្តូរ​ឈ្មោះ​ទៅជា Diego Armando Maradona ដើម្បី​គោរព​ដល់​វីរបុរស​បាល់ទាត់​របស់​ពួកគេ ដែល​ទទួលមរណភាព​នៅ​អាយុ​៦០​ឆ្នាំ ដោយសារ​គាំងបេះដូង​។​


​ក្រុមប្រឹក្សា​ក្រុង Naples ប្រទេស​អ៊ីតាលី បានអនុម័ត​ជា​ឯកច្ឆ័ន្ទ​លើ​ដំណោះស្រាយ​មួយ​ដែល​នឹង​ផ្លាស់ប្តូរ​ឈ្មោះ​កីឡដ្ឋាន​មួយ​នេះ​។ គម្រោង​ដែលមាន​ការស្នើ​ឡើង​ដោយ​អភិបាលក្រុង Naples លោក Luigi De Magistris កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​ការស្លាប់​របស់ Maradona កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។​
 
​អភិបាលក្រុង Naples បាន​សរសេរ​ក្នុង​សេចក្តីប្រកាស​មួយ​ថា​៖« ទេពកោសល្យ​ដ៏​អស្ចារ្យ​របស់ Maradona បានផ្តល់​ភាពល្បីល្បាញ​ឲ្យ​ក្លិប Napoli ដែលជា​ការផ្លាស់ប្តូរ​ជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ក្លិប​។ ដូច្នេះ​ដើម្បី​ជាការ​រម្លឹក​គុណ យើង​នឹងដាក់​ឈ្មោះ Maradona សម្រាប់​កីឡដ្ឋាន​របស់​យើង​»
 
​មិន​ត្រឹមតែ​ជួយ​អា​ហ្ស​ង់​ទីន​ឈ្នះ​ពាន World Cup ឆ្នាំ​១៩៨៦ ប៉ុណ្ណោះ​ទេ Maradona ក៏​ជា​វីរបុរស​ដ៏​គួរ​ឲ្យ​គោរព​ម្នាក់​សម្រាប់​អ្នកគាំទ្រ​នៅ Naples បន្ទាប់ពី​បាន​ដឹកនាំ​ក្រុម Napoli ឈ្នះ​ជើងឯក​លី​គ​កំពូល​អ៊ីតាលី Serie A ចំនួន​ពីរលើក​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប អំឡុងពេល​រួមរស់​រយៈពេល​៧​ឆ្នាំ ចន្លោះ​ឆ្នាំ​១៩៨៤ ដល់ ១៩៩១​។​
 
​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​របស់ Maradona និង​ការដាក់​រហស្សនាម​ថា «​ដៃ​ព្រះ​» (Hand of God) បាន​រីក​សុះសាយ​ក្នុងអំឡុង​ឆ្នាំ​១៩៨៦ ដល់​១៩៩១ ខណៈ​អ្នកគាំទ្រ​របស់ Napoli រួមទាំង​ប្រជាជាតិ​អា​ហ្ស​ង់​ទីន​ផង​បាន​សារ​ទរ​ចំពោះ​សមិទ្ធផល​របស់​តារា​ឆ្នើម​រូបនេះ​។​
 
​ដើម្បី​រម្លឹក​ដល់​វីរភាព​កីឡាករ​បាល់ទាត់​របស់​ខ្លួន ក្លិប Napoli បានសម្រេច​គ្នា​ក្នុងការ​ផ្លាស់ប្តូរ​ឈ្មោះ​កីឡដ្ឋាន​របស់ខ្លួន​ពី Stadio San Paolo ទៅជា Diego Armando Maradona វិញ​។ យ៉ាងណាក៏ដោយ ការផ្លាស់ប្តូរ​ឈ្មោះ​នេះ​នៅ​មិនទាន់​សម្រេច​១០០​ភាគរយ​នៅឡើយ​ទេ ដោយ​ត្រូវ​រង់ចាំ​ការសម្រេច​ពី​សំណាក់​ប្រធាន​ក្លិប Napoli សិន​៕
 

Tag:
 Stadio San Paolo
  Napoli
  Diego Armando Maradona
© រក្សាសិទ្ធិដោយ thmeythmey.com