ជាតិ
កម្ពុជា រង​អាកាសធាតុ​ត្រជាក់​ម្ដងទៀត រយៈពេល​៤​ថ្ងៃ​
30, Dec 2020 , 7:59 am        
រូបភាព
​ដោយ​៖ ប៉ូ សុភា 

​កម្ពុជា រង​អាកាសធាតុ​ត្រជាក់​ម្ដងទៀត ចាប់ពី​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ​២០២០  ដល់​ថ្ងៃទី ០៣​ខែមករា​ឆ្នាំ ២០២១ ដោយសារ​ឥទ្ធិពល​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន ។ នេះ​បើតាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​



​ក្រសួង​ធនធានទឹក បាន​បញ្ជាក់ថា ឥទ្ធិពល​សម្ពោធ​ខ្ពស់​ពី​ចិន ដែល​រំកិល​ចុះមក​ក្រោម និង​ខ្យល់មូសុង​ឦសាន​នេះ នឹងធ្វើ​ឲ្យ​កម្ពុជា​ចុះ​ត្រជាក់​ខ្លាំង​។ បើតាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក ខេត្ត​នៅតាម​តំបន់​វាលទំនាប​កណ្ដាល ដូចជា ខេត្ត​ប៉ៃលិន ខេត្តបន្ទាយមានជ័យ  ខេត្តសៀមរាប និង​បាត់ដំបង មាន​សីតុណ្ហភាព​អ​ប្បរមា ចាប់ពី ១៦-១៨​អង្សារ​សេ  និង​អតិបរមា​ចាប់ពី ២៥- ២៧​អង្សារ​សេ​។ ចំណែក​ខេត្ត​ដទៃទៀត សីតុណ្ហភាព​អប្បបរមា ចាប់ពី ១៩- ២១​អង្សារ​សេ និង អតិបរមា​ចាប់ពី ២៦-២៨​អង្សារ​សេ​។​
 
​រីឯ​បណ្ដា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន សីតុណ្ហភាព​អ​ប្បរមា ចាប់ពី​១៤-១៦​អង្សារ​សេ និង​អតិបរមា ចាប់ពី​២៦-២៨​អង្សារ​សេ​។​ចំពោះ​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​អប្បបរមា ចាប់ពី​២២-២៤​អង្សារ​សេ និង​សីតុណ្ហភាព​អតិបរមា​២៧-២៩​អង្សារ​សេ​។ នេះ​បើតាម​ក្រសួង​ធនធានទឹក​។​
 
​ក្រសួង​ធនធានទឹក បាន​អំពាវនាវ​ពលរដ្ឋ ពិសេស​កងទ័ព​រស់នៅ និង​ឈរជើង​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ត្រូវ​យកចិត្តទុកដាក់ ថែរក្សា​សុខភាព​ចំពោះ​ធាតុអាកាស​ត្រជាក់​នេះ​។ ដោយឡែក​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​សមុទ្រ ត្រូវ​ប្រយ័ត្ន​ចំពោះ​ល្បឿន​ខ្យល់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់​៕

Tag:
 ខ្យល់​
  មូសុង​ឦសាន​
  ឧតុនិយម​
  ធាតុអាកាស​
  ត្រជាក់​
  ធនធានទឹក​
© រក្សាសិទ្ធិដោយ thmeythmey.com