COVID-19
អន្តរជាតិ
តើ​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​រូប​ណាខ្លះ ធ្លាប់​ផ្ទុក​កូ​វីដ​-១៩?
29, Dec 2020 , 9:59 pm        
រូបភាព
​ចាប់តាំងពី​ផ្ទុះ​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន នៅ​ចុងឆ្នាំ​២១៩ កូ​វីដ​-១៩ បាន​រាតត្បាត​នៅ​ទូទាំង​ពិភពលោក​។ មនុស្ស​ជាច្រើន​លាន​នាក់ បាន​ឆ្លង​ជំងឺ​នេះ​។ ទន្ទឹមនេះ វា​មិន​ត្រឹមតែ​កើត​លើ​មនុស្ស​ធម្មតា​ឡើយ សូម្បីតែ​ប្រមុខ​រដ្ឋាភិបាល និង​ប្រមុខរដ្ឋ ក៏​ឆ្លង​ជំងឺ​រាតត្បាត​សកល​នេះ​ផងដែរ​។ តើ​នាយករដ្ឋមន្ត្រី និង​ប្រធានាធិបតី​រូប​ណាខ្លះ ធ្លាប់​ផ្ទុះ​កូ​វីដ​-១៩ នៅក្នុង​ឆ្នាំ​២០២០?

 
​ខាងក្រោម​នេះ​ជា​ឥស្សរជន​ជា​មេដឹកនាំ​ប្រទេសមួយ​ដែល​ឆ្លង​កូ​វីដ​-១៩៖

១. នាយករដ្ឋមន្ត្រី​រុស្ស៊ី​
​លោក Mikhail Mishustin នាយករដ្ឋមន្ត្រី​រុស្ស៊ី នៅក្នុង​ខែមីនា​កន្លងទៅ ត្រូវបាន​អាជ្ញាធរ​សុខាភិបាល​រកឃើញថា​មាន​ផ្ទុក​កូ​វីដ​-១៩ ។ នៅពេលនោះ បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ផ្ទុក​កូ​វីដ​-១៩ លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បានតែងតាំង លោក Andrey Belousov ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី ឲ្យ​ដឹកនាំ​រដ្ឋាភិបាល​ជំនួស​។ 
 
២. នាយករដ្ឋមន្ត្រី​អង់គ្លេស 
​លោក បូរី​ស ច​ន​សុន នាយករដ្ឋមន្ត្រី​អង់គ្លេស នៅក្នុង​ខែមីនា ត្រូវបាន​រាយការណ៍​ថា បាន​ផ្ទុក​កូ​វីដ​-១៩​។ ប៉ុន្មាន​ថ្ងៃ​បន្ទាប់ លោកនាយក​រដ្ឋមន្ត្រី​ត្រូវបញ្ជូន​ទៅក្នុង​បន្ទាប់​សង្គ្រោះបន្ទាន់​រយៈពេល ៣​យប់ ដោយសារតែ​ស្ថានភាព​ធ្ងន់ធ្ងរ និង​ត្រូវការ​ការដាក់​អុកស៊ីសែន​។ នៅ​ថ្ងៃទី​១២ ខែមេសា លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​។ 
 
៣. ប្រធានាធិបតី​ប្រេ​ស៊ី​ល 
​ប្រធានាធិបតី​ប្រេ​ស៊ី​ល ជែ បុល​សូ​ណា​រ៉ូ នៅក្នុង​កក្កដា​កន្លងទៅ ត្រូវបាន​តេស្ត​រកឃើញថា​មាន​ផ្ទុក កូ​វីដ​-១៩ បន្ទាប់ពី​មើលស្រាល​ជំងឺឆ្លង​មួយ​នេះ​។ មុនពេល​ផ្ទុះ​កូ​វីដ​-១៩ ប្រមុខរដ្ឋ​រូបនេះ បាន​អំពាវនាវ​ឲ្យ​អភិបាលរដ្ឋ​មួយចំនួន បើក​រដ្ឋ​ឡើងវិញ ដើម្បី​បើក​សកម្មភាព​សេដ្ឋកិច្ច ខណៈ​ប្រជាជន​ប្រេ​ស៊ី​ល​មួយចំនួន កំពុង​រងគ្រោះ​។ ក្រោយមក លោក បុល​សូ​ណា​រ៉ូ ត្រូវបាន​រាយការណ៍​ថា ជាសះស្បើយ​ពី​ជំងឺ​មួយ​នេះ​។ 
 
៤. ប្រធានាធិបតី​បេឡា​រុស 
​លោក Alexander Lukashenko ប្រធានាធិបតី​បេឡា​រុស បានបញ្ជាក់​ប្រាប់​មន្ត្រី​យោធា​ថា លោក​បាន​ឆ្លង​កូ​វីដ​-១៩ និង​បានជា​សះស្បើយ​រួចហើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន BELTA នៅក្នុង​ខែកក្កដា កន្លងទៅ​។ 
 
៥. នាយករដ្ឋមន្ត្រី កូ​សូ​វ៉ូ​
​លោក Avdullah Hoti នាយករដ្ឋមន្ត្រី​កូ​សូ​វ៉ូ នៅក្នុង​សីហា​កន្លងទៅ បានប្រកាសថា លោក​បាន​ឆ្លង កូ​វីដ​-១៩ ។ បន្ទាប់ពី​ឆ្លង​ជំងឺ​នេះ លោក​ថា លោក​ធ្វើការ​មកពី​ផ្ទះ​បណ្តោះអាសន្ន​សិន​។ 
៦. ប្រធានាធិបតី​ក្វា​តេ​ម៉ា​ឡា​
​លោក Alejandro Giammattei នៅក្នុង​ខែកញ្ញា​កន្លងទៅ បាន​អះអាងថា លោក​បាន​ផ្ទុក​កូ​វីដ​-១៩ ។ 
 
៧. ប្រធានាធិបតី​អាមេរិក 
​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក នៅ​ដើម​ខែតុលា​កន្លងទៅ បាន​សរសេរ​លើ​បណ្តាញ​សង្គម Twitter ថា លោក និង​ភរិយា បាន​ឆ្លង​កូ​វីដ​-១៩ ។ លោក​កើត​ជំងឺ​នេះ ក្នុងអំឡុង​ពេលធ្វើ​យុទ្ធនា​ការរក​សម្លេងគាំទ្រ មុន​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​។ ពេលនោះ កម្មវិធី​មួយចំនួន​ត្រូវ​លើក​ពេល សូម្បីតែ​ការជជែក​ដេញដោល​ជាមួយ​លោក ចូ បៃ​ឌិន ក៏ត្រូវ​លើក​ពេល​ផងដែរ​។​
 
៨. នាយករដ្ឋមន្ត្រី​ប៊ុល​ហ្ការី​
​លោក Boyko Borissov នាយករដ្ឋមន្ត្រី​ប៊ុល​ហ្ការី នៅ​ចុងខែ​តុលា កន្លងទៅ ត្រូវបាន​តេស្ត​រកឃើញថា​មាន​ផ្ទុក​កូ​វីដ​-១៩​។ 
 
៩. ប្រធានាធិបតី​ប៉ូឡូញ​
​លោក Andrzej Duda ប្រធានាធិបតី​ប៉ូឡូញ នៅ​ចុងខែ​តុលា បាន​តេស្ត​រកឃើញថា​មាន​ផ្ទុក​កូ​វីដ​-១៩ ក្នុងពេល​ប្រទេស​នេះ មាន​ករណី​ឆ្លង​ហក់​ឡើង​។ លោក​បាន​ឆ្លង​ជំងឺ​នេះ បន្ទាប់ពី​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច នៅក្នុង​ទីក្រុង​តា​លិ​ន ប្រទេស​អេ​ស្តូ​នី​។  
 
១០. ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​
​លោក Volodymyr Zelensky នៅ​ដើមខែ​វិច្ឆិកា បាន​ឆ្លង​កូ​វីដ​-១៩ ក្នុងអំឡុងពេល​ប្រទេស មាន​ករណី​ឆ្លង​កូ​វីដ​-១៩ ហក់​ឡើង​ខ្លាំង​។ 
 
១១. នាយករដ្ឋមន្ត្រី​អ៊ី​ស្វា​ទី​នី​
​លោក Ambrose Dlamini នាយករដ្ឋមន្ត្រី​អ៊ី​ស្វា​ទី​នី ដែល​ស្ថិតនៅក្នុង​តំបន់​អាហ្វ្រិក​ខាងត្បូង ត្រូវបាន​រាយការណ៍​ថា មាន​ផ្ទុក​កូ​វីដ​-១៩ នៅ​ពាក់កណ្តាល​ខែវិច្ឆិកា​។ លោកនាយក​រដ្ឋមន្ត្រី បាន​ផ្ទុក​ជំងឺ​នេះ ដោយ​មិនមាន​ចេញ​រោគសញ្ញា​អ្វី​ឡើយ​។ ក្រោយមក នាយករដ្ឋមន្ត្រី​នៃ​រាជាណាចក្រ អ៊ី​ស្វា​ទី​នី​រូបនេះ ត្រូវបាន​បញ្ជូនទៅ​អា​ហ្វ្រ៊ិ​ក​ខាងត្បូង ដើម្បី​ព្យាបាល​។ ប៉ុន្តែ​នៅ​ថ្ងៃទី​១៤ ខែធ្នូ រដ្ឋាភិបាល​អ៊ី​ស្វា​ទី​នី បានប្រកាសថា លោក Ambrose Dlamini បានទទួល​មរណភាព​ដោយសារ​កូ​វីដ​-១៩ ។ 
 
១២. នាយករដ្ឋមន្ត្រី​បេ​លី 
​លោក Johnny Briceno នាយករដ្ឋមន្ត្រី​បេ​លី ដែល​ស្ថិតនៅក្នុង​ទ្វីបអាមេរិក​កណ្តាល ត្រូវបាន​ការិយាល័យ​នាយករដ្ឋមន្ត្រី​រាយការណ៍​ថា បាន​ឆ្លង​កូ​វីដ​-១៩ នៅ​ចុងខែ​វិច្ឆិកា​កន្លងទៅ​។ 
 
១៣. នាយករដ្ឋមន្ត្រី​ក្រូ​អាស៊ី 
​លោក Andrej Plenković នាយករដ្ឋមន្ត្រី​ក្រូ​អាស៊ី នៅ​ថ្ងៃទី​២ ខែធ្នូ ត្រូវបាន​អ្នកនាំពាក្យ​រដ្ឋាភិបាល​រាយការណ៍​ថា បានធ្វើ​តេស្ត​មាន​ផ្ទុក​វិជ្ជមាន បន្ទាប់ពី​ភរិយា​របស់លោក​មាន​ផ្ទុក​កូ​វីដ​-១៩​។ លោក​បាន​សម្រាក​ព្យាបាល​នៅផ្ទះ​របស់លោក ដោយមាន​ការណែនាំ​ពី​វេជ្ជបណ្ឌិត និង​អ្នកជំនាញ​ជំងឺឆ្លង​។ 
 
១៤. ប្រធានាធិបតី​បារាំង 
​ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ត្រូវបាន​វិមាន​រដ្ឋាភិបាល​បារាំង ប្រកាស​នៅ​ថ្ងៃទី​១៧ ខែធ្នូ​ថា បាន​ឆ្លង​កូ​វីដ​-១៩ ។ ថ្មីៗ​នេះ លោក​ម៉ា​ក្រុង លែងចេញ​រោគសញ្ញា​ហើយ និង​ធូរស្បើយ​ជាង​មុន​៕ 

Tag:
 ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com