COVID-19
អន្តរជាតិ
ថៃ រកឃើញ​កូ​វីដ​-១៩ ថែម​១៥៥​ករណី​ទៀត តែ​មិន​បិទ​ប្រទេស​អំឡុងពេល​ឆ្លង​ឆ្នាំ​ថ្មី​ឡើយ​
29, Dec 2020 , 5:04 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​ថៃ មាន​ករណី​ឆ្លង​កូ​វីដ​-១៩ ចំនួន ១៥៥​ករណី​បន្ថែមទៀត នៅ​ថ្ងៃទី​២៩ ខែធ្នូ​។ នេះ​បើតាម​បញ្ជាក់​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​កូ​វីដ​-១៩ (CCSA) ។ បើទោះបី​ជាមាន​ករណី​ឆ្លង​ខ្លាំង​ក៏ដោយ ក៏​រដ្ឋាភិបាល​ថៃ នៅតែ​បន្ត​សម្រេច មិន​បិទ​ប្រទេស​ទាំងស្រុង​ដែរ ដោយ​សំអាងថា ករណី​ឆ្លង​ក្នុងស្រុក​មិនទាន់​ធ្ងន់ធ្ងរ​នៅឡើយ​។​

 
​ករណី​ឆ្លង​កូ​វីដ​-១៩ ចំនួន ១៥៥​ករណី​ថ្មី ត្រូវ​រកឃើញ​នៅក្នុង​ប្រទេស​ថៃ ដោយ​ក្នុងនោះ​ប្រជាជន​ថៃ​ឆ្លង​ចំនួន ១៣៤​នាក់​, ពលករ​ចំណាកស្រុក​ចំនួន ១១​នាក់ និង​អ្នក​ត្រលប់​មកពី​បរទេស​ចំនួន ១០​នាក់​។ ក្នុងចំណោម​ករណី​ឆ្លង​ក្នុងចំណោម​ប្រជាជន​ថៃ និង​ពលករ​ចំណាកស្រុក អ្នកជំងឺ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ផ្សារ​លក់​បង្គារ​ក្នុង​ខេត្ត​សមុទ្រ​សាគរ​, ខ្លះ​ឆ្លង​ពី​បន​ល្បែង​នៅក្នុង​ខេត្ត​រ៉ា​យ៉ង និង​មួយចំនួនទៀត​ស្ថិតក្រោម​ការស៊ើបអង្កេត​រក​ប្រភព​។ 
 
​នៅ​ថ្ងៃទី​២៨ ខែធ្នូ ថៃ​មាន​អ្នកស្លាប់​ម្នាក់ ដោយសារ​កូ​វីដ​-១៩ ដែលជា​ករណី​ស្លាប់​លើកដំបូង​ក្នុង​រយៈពេល ២​ខែ​ចុង​ក្រោយនេះ​។ អ្នកស្លាប់​រូបនោះ គឺជា​បុគ្គលិក​ធ្វើការ​នៅ​បន​ល្បែង​ក្នុង​ខេត្ត​រ៉ា​យ៉ង​។ តួលេខ​សរុប ថៃ​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ ចំនួន ៦៤៤០​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៦១​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៤១៨៤​នាក់​។ 
 
​អាជ្ញាធរ​សុខាភិបាល​ថៃ ព្រមាន​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ចាត់វិធានការ​ទប់ស្កាត់​អ្វី​សោះ ករណី​ប្រចាំថ្ងៃ​អាច​នឹង​កើន​ដល់ ១៨០០០​ករណី បើ​គិត​ត្រឹម​ថ្ងៃទី​១៤ ខែមករា​។ ចំណែក​ក្រោម​វិធានការ​មធ្យម ថៃ​អាច​នឹង​ករណី​ឆ្លង ៨០០០​ករណី​ក្នុង​មួយថ្ងៃ និង​ក្រោម​វិធានការ​តឹងរ៉ឹង អាចមាន​ចំនួន​ឆ្លង​ក្នុង​មួយថ្ងៃ​តិច​ជា​១​ពាន់​ករណី​។ 
 
​ទោះជា​យ៉ាងណា អ្នកនាំពាក្យ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​កូ​វីដ​-១៩ លោក​Taweesilp Visanuyothin ថៃ​នៅតែ​បន្ត​អនុវត្ត​វិធានការ​ទប់ស្កាត់​មធ្យម​ដដែល​ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩​។ ជាមួយគ្នានេះ បើទោះបីជា​ករណី​ឆ្លង​នៅក្នុង​ប្រទេស​បន្ត​ហក់​ឡើង​ក្ដី ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Wissanu Krea-ngam បញ្ជក់​ថា រដ្ឋាភិបាល​ប នឹងមិន​បិទ​ប្រទេស ក្នុងអំឡុង​ចូលឆ្នាំថ្មី​ឡើយ ដោយសារ​ករណី​ឆ្លង​នៅក្នុង​ស្រុក​មិនទាន់​ធ្ងន់ធ្ងរ​។ ប៉ុន្តែ​រដ្ឋាភិបាល នឹង​ពិនិត្យ​លើ​បញ្ហា​នេះ​ជាថ្មី មុន​ថ្ងៃទី​៩ ខែមករា​។ 
 
​ស្របគ្នា​នេះ រដ្ឋាភិបាល​ថៃ បានធ្វើ​ប្រតិភូកម្ម​អំណាច​ទៅដល់​គណៈកម្មការ​ទប់ស្កាត់​កូ​វីដ​-១៩ ខេត្ត ក្នុងការ​ចាត់វិធានកា​រ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​របស់​កូ​វីដ​-១៩ ។ 
 
​ទន្ទឹមនេះ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ក៏បាន​ចេញ​បញ្ជា​ឲ្យ​បើក​ការស៊ើបអង្កេត​លើ​កន្លែង​លេងល្បែង​ខុសច្បាប់​នៅក្នុង​ខេត្ត​រ៉ា​យ៉ង​ផងដែរ ខណៈ​ខេត្ត​នេះ​មាន​ករណី​ផ្ទុះ​ពី​បន​ល្បែង​។ មេ​ប៉ូលិស​ខេត្ត​រ៉ា​យ៉ង លោក Paphatdet Ketphan ក៏ត្រូវ​ផ្ទេរតំណែង​ទៅ​ស្នងការ​ប៉ូលិស​ជាតិ​ថៃ​។ 
 
​ទាក់ទិន​នឹង​រឿង​បន​ល្បែង​នេះ ប៉ូលិស​ថៃ ក៏បាន​ចុះទៅ​បង្ក្រាប​បន​ល្បែង​មួយកន្លែង​នៅក្នុង​សង្កាត់ Laksi ក្នុង​ក្រុង​បាងកក ដោយ​ចាប់ខ្លួន​មនុស្ស​ចំនួន ៩៤​នាក់​។ តាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ លោក Pakkapong Pongpetra ស្នងការ​ប៉ូលិស​ក្រុង​បាងកក បាន​ចុះហត្ថលេខា​លើ​បញ្ជា​មួយ ដោយ​ផ្ទេរតំណែង​អធិការ​ខណ្ឌ លោក Pattana Phetsayanawin និង​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ចំនួន ៥​រូប​ទៀត ទៅ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​នៃ​ស្នងការ​ប៉ូលិស​ក្រុង​បាងកក និង​រង់ចាំ​ការស៊ើបអង្កេត​៕ 
 

Tag:
 ថៃ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com