លោក វ៉ា​ត់ ចំរើន​៖ ទោះ​កម្ពុជា​ជួប​វិបត្តិ​កូ​វីដ​-១៩ តែ CAMSOC សម្រេច​ការងារ​លើស​កា​រ​រំពឹងទុក​
កីឡាជាតិ
ជាតិ
លោក វ៉ា​ត់ ចំរើន​៖ ទោះ​កម្ពុជា​ជួប​វិបត្តិ​កូ​វីដ​-១៩ តែ CAMSOC សម្រេច​ការងារ​លើស​កា​រ​រំពឹងទុក​
30, Dec 2020 , 5:59 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃ NOCC ថ្លែងក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់ CAMSOC កាលពីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃ NOCC ថ្លែងក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់ CAMSOC កាលពីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០
​ទោះបី​ប្រទេស​កម្ពុជា​ទទួលរង និង​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​វា​មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ការងារ​រប​ស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣(CAMSOC)​នោះឡើយ​។ ផ្ទុយទៅវិញ CAMSOC សម្រេចបាន​សមិទ្ធផល​ការងារ​លើស​ការរំពឹង​ទុក​នៅ​ឆ្នាំនេះ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។

 
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ បានរៀបចំ​កិច្ចប្រជុំ​មួយ ដើម្បី​បូកសរុប​សមិទ្ធផល​ការងារ​ឆ្នាំ​២០២០ និង​ដាក់​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ​២០២១​។ ថ្នាក់ដឹកនាំ CAMSOC បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ការងារ​របស់​គណៈ​ជំនាញ​នីមួយៗ​ថា ពួកគេ​សម្រេចបាន​លទ្ធផល និង​មាន​វឌ្ឍនភាព​ការងារ​ល្អប្រសើរ​។ 
 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​អះអាងថា នៅ​ឆ្នាំ​២០២០ CAMSOC សម្រេចបាន​សមិទ្ធផល​ការងារ​លើស​ការរំពឹង​ទុក ទោះបី​មាន​ឧបសគ្គ​មួយចំនួន​ពាក់ព័ន្ធ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ​។ សមិទ្ធផល​ការងារ ដែល CAMSOC សម្រេចបាន គឺពាក់ព័ន្ធ​ការរៀបចំ​ឯកសារ​គតិ​យុត្ត របៀបរបប​ការងារ ផែនការ​យុទ្ធសាស្ត្រ និង​យន្តការ​ការងារ​ជាដើម​។ 
 
«​ទោះបី​ឆ្នាំ​២០២០ មាន​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​សមិទ្ធផល​ការងារ និង​សកម្មភាព​ការងារ​របស់​គណៈកម្មកា​រ CAMSOC គឺ​យើង​ធ្វើបាន​ច្រើន​លើសពី​ការរំពឹងទុក​។ ទោះបី​មាន​ឧបសគ្គ​ក្នុង​ការធ្វើការងារ តែ​ជា​និរន្តរភាព​ក្នុង​ការងារ​យើង​បាន​ជោគជ័យ ហើយ​គណៈកម្មការ​ជំនាញ​នីមួយៗ ក៏​ទទួលបាន​សមិទ្ធផល​ការងារ និង​វឌ្ឍនភាព​ការងារ​ល្អប្រសើរ​ផងដែរ​»​។ នេះ​ជាការ​វាយតម្លៃ​របស់លោក វ៉ា​ត់ ចំរើន លើ​សមិទ្ធផល​ការងារ​របស់ CAMSOC នៅ​ឆ្នាំ​២០២០​។​
 
​ទន្ទឹមនឹង​លើកឡើង​ពី​សមិទ្ធផល​ការងារ​សម្រេចបាន​ក្នុង​ឆ្នាំ​២០២០ និង​ដាក់​ទិសដៅ​អនុវត្ត​បន្ត​ក្នុង​ឆ្នាំ​២០២១ អង្គប្រជុំ ដែល​ដឹកនាំ​ដោយ​លោក ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មការ CAMSOC ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន ដែល​រង​ផលប៉ះពាល់​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ផងដែរ​។​
 

 
​បើតាម​លោក វ៉ា​ត់ ចំរើន បញ្ហា​ប្រឈម​ភាគច្រើន ពាក់ព័ន្ធ​ការបណ្តុះបណ្តាល​ធនធាន​អាជ្ញាកណ្តាល ចៅក្រម និង​ការហ្វឹកហាត់​របស់​ក្រុម​កីឡាករ​ជម្រើសជាតិ​ថ្នាល និង​ឈុត​ធំ ដែល​ត្រូវបាន​ផ្អាក​បណ្តោះអាសន្ន​ជា​បន្តបន្ទាប់ ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ កូ​វីដ​-១៩ ក៏បាន​រាំងស្ទះ​ដល់​ដំណើរការ​អនុវត្ត​ផែនការ​មួយចំនួន​របស់ CAMSOC ផងដែរ​។  
 
«​ឆ្នាំ​២០២១ គេ​ហៅថា Games Operation Time បានន័យថា ជា​ពេលវេលា​ដែល​ត្រូវ​រាប់ ក្នុងការ​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​។ អ៊ីចឹង​ហើយ​បញ្ហា​ប្រឈម​ទាំងអស់​ត្រូវ​ដោះស្រាយ​នៅ​ឆ្នាំ​២០២១ ឲ្យ​បាន​រួចរាល់ ដោយសារ​យើង​ឃើញថា ឆ្នាំ​២០២១ ជា​ឆ្នាំ​សំខាន់​»​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ា​ត់ ចំរើន​៕   

Tag:
 វ៉ា​ត់ ចំរើន​
  CAMSOC
  SEA Games 2023
© រក្សាសិទ្ធិដោយ thmeythmey.com