COVID-19
អន្តរជាតិ
មន្ត្រី​ហ្វីលីពីន​និង​ក្រុម​អង្គរក្ស​លោក ឌូ​ទើ​តេ ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ទាំង​គ្មាន​ការយល់ព្រម​
30, Dec 2020 , 6:29 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​សមាជិក​គណៈរដ្ឋមន្ត្រី​មួយចំនួន កង​អង្គរក្ស​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ និង​កងទ័ព​មួយចំនួន ត្រូវបាន​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ ទាំង​គ្មាន​ការយល់ព្រម​ពី​និយ័ត​ករ​ឱសថ​ក្នុងស្រុក​អ្វី​ឡើយ​។ ក្រសួងសុខាភិបាល​ហ្វីលីពីន ព្រមាន​ពី​ហានិភ័យ​ដែល​កើតឡើង​ពី​ការចាក់​វ៉ាក់សាំង​គ្មាន​ការអនុញ្ញាត​នេះ ខណៈ​រដ្ឋមន្ត្រី​ការពារជាតិ​អះអាងថា វ៉ាក់សាំង​ដែល​គ្មាន​ការអនុញ្ញាត ជា​វ៉ាក់សាំង​ខុសច្បាប់​។

 
«​ខ្ញុំ​ដឹងថា សមាជិក​គណៈរដ្ឋមន្ត្រី​ខ្លះ និង​ក្រុម​សន្តិសុខ​ប្រធានាធិបតី (PSG) ត្រូវបាន​ចាក់​វ៉ាក់សាំង​រួចហើយ​»​។ រដ្ឋមន្ត្រី​មហាផ្ទៃ​ហ្វីលីពីន លោក Eduardo Ano បញ្ជាក់​បែបនេះ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​ក្នុងស្រុក​មួយ​នៅ​ថ្ងៃទី​២៨ ខែធ្នូ​។ រដ្ឋមន្ត្រី​មហាផ្ទៃ​ហ្វីលីពីន​រូបនេះ មិនបាន​បញ្ជាក់​ឡើយ ថា​តើ​វ៉ាក់សាំង​មួយណា ត្រូវបាន​ប្រើ​ឡើយ​? 
 
​ប៉ុន្តែ​តាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ប្រធានាធិបតី លោក Harry Roque ទាហាន​បាន​ស្ថិតក្នុង​ក្រុម​ចំណោម​អ្នក​ដែល​បានទទួល​វ៉ាក់សាំង ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ចិន Sinopharm ។ មេបញ្ជាការ PSG លោក Jesus Durante ប្រាប់​សារព័ត៌មាន​ក្នុងស្រុក ABS-CBN ថា ក្រុម​កង​អង្គរក្ស បានទទួល​ការចាក់​វ៉ាក់សាំង​តាំងពីដើម​ខែកញ្ញា​មក​ម្លេះ ប៉ុន្តែ​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ មិនបាន​ផ្ដល់​ការអនុញ្ញាត​ឡើយ​។​
 
​ក្នុង​កិច្ច​សម្ភាស​ដដែល​នេះ មេបញ្ជាការ​កង​អង្គរក្ស​ប្រធានាធិបតី បាន​បន្តថា លោក​ប្រធានាធិបតី ក៏មាន​ការភ្ញាក់ផ្អើល​ផងដែរ បន្ទាប់ពី​ទទួលដំណឹង​ថា កងសន្តិសុខ​ការពារ​ប្រធានាធិបតី បាន​ចាក់​វ៉ាក់សាំង​រួចរាល់​។  
 
​បន្ទាប់ពី​លេចចេញ​ព័ត៌មាន​ចាក់​វ៉ាក់សាំង​មុន​ការអនុម័ត ក្រសួងសុខាភិបាល​ហ្វីលីពីន បាន​ព្រមាន​ថា វា​អាច​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព និង​សុវត្ថិភាព​របស់​អ្នក​ដែល​ត្រូវបាន​ចាក់​វ៉ាក់សាំង​។ ក្រសួងសុខាភិបាល​ហ្វីលីពីន​បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា​៖ «​នេះ​គឺជា​ហេតុផល ដែល​វ៉ាក់សាំង ទាមទារ​ឲ្យ​មានការ​ត្រួតពិនិត្យ និង​រកឃើញថា​មាន​សុវត្ថិភាព ទើប​អាច​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​បាន​»​។ 
 
​ចំណែក​និយ័ត​ករ​រដ្ឋបាល​ថ្នាំពេទ្យ និង​អាហារ បានចេញ​សេចក្តីថ្លែងការណ៍​នាពេល​ថ្មីៗ​នេះ ថា ការប្រើប្រាស់​វ៉ាក់សាំង​ដែល​គ្មាន​ការទទួលស្គាល់ មិនមាន​ការធានា​ពី​សុវត្ថិភាព ប្រសិទ្ធភាព  និង​គុណភាព​ឡើយ ដោយសារ​មិនបាន​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​។ 
 
​ជាការ​ឆ្លើយតប អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន លោក Roque បាន​បញ្ជាក់ថា និយ័ត​ករ មាន​តួនាទី​ត្រឹមតែ​ជា​អ្នកកំណត់​ពី​ការលក់​វ៉ាក់សាំង និង​ការ​ចែកចាយ និង​ការដាក់ទណ្ឌកម្ម​ទាក់ទិន​នឹង​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Straits Times ។​
 
​កន្លងមក ក្រុមហ៊ុន SinoPharm បានប្រកាសថា ការធ្វើ​តេស្ត​លើ​វ៉ាក់សាំង​របស់ខ្លួន​នៅក្នុង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម មាន​ប្រសិទ្ធភាព​ប្រមាណ ៨៦​ភាគរយ​។ ហ្វីលីពីន ក៏​សាកល្បង​វ៉ាក់សាំង​នេះដែរ ប៉ុន្តែ​មិនទាន់​បានអនុញ្ញាត​ឲ្យ​ប្រើប្រាស់​នៅ​ហ្វីលីពីន​នៅឡើយ​ទេ​។ លោក Rogue អះអាងថា វ៉ាក់សាំង មាន​ប្រសិទ្ធភាព​រួចហើយ មិនចាំបាច់​អនុម័ត​ដោយ​និយ័ត​ករ​ឡើយ ហើយ​វា​ត្រូវបាន​ប្រើប្រាស់​នៅ​ចិន និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ក៏បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ផងដែរ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២៩ ខែធ្នូ ហ្វីលីពីន មាន​ករណី​ឆ្លង​សរុប​ចំនួន ៤៧១៥២៦​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៩១៦២​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៤៣៩០១៦​នាក់​៕ 

Tag:
 ហ្វីលីពីន​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com