ជាតិ
​​​ន​យោ​បាយ​ជាតិ​
LDP នឹងដាក់​ញត្តិ​ទៅ​ស្ថានទូត ដែល​ផ្ដល់ជំនួយ​ឲ្យ គ​.​ជ​.​ប រាយការណ៍​ពី​ភាពមិនប្រក្រតី​នៃ​ការចុះឈ្មោះ​បោះឆ្នោត​
30, Dec 2020 , 6:27 pm        
រូបភាព
(ខាងឆ្វេង)លោក អ៊ី សាំងឡេង អនុប្រធាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី ការផ្សាព្វផ្សាយរបាយការណ៍វាយតម្លៃចំពោះដំណើរការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២០ និងគោលជំហររបស់គណបក្សថ្ងៃទី៣០ធ្នូ ២០២០។
(ខាងឆ្វេង)លោក អ៊ី សាំងឡេង អនុប្រធាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី ការផ្សាព្វផ្សាយរបាយការណ៍វាយតម្លៃចំពោះដំណើរការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២០ និងគោលជំហររបស់គណបក្សថ្ងៃទី៣០ធ្នូ ២០២០។
​ភ្នំពេញ​៖ បន្ទាប់ពី​រកឃើញ​ភាពមិនប្រក្រតី​នៃ​ការចុះឈ្មោះ​បោះឆ្នោត គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​(LDP) បានដាក់​ពាក្យបណ្ដឹង​ទៅ​ក្រុមប្រឹក្សាឃុំ​សង្កាត់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) និង​ក្រុមប្រឹក្សាធម្មនុញ្ញ ប៉ុន្តែ​មិន​ទទួលបាន​លទ្ធផល​ឡើយ​។ LDP អះអាង​ពី​ជំហរ​ខ្លួន​ថា នៅតែ​បន្ត​ការតស៊ូ​មតិ ហើយនឹង​បន្ត​ដាក់​ញត្តិ​ទៅតាម​ស្ថានទូត​ដែលជា​ម្ចាស់ជំនួយ​របស់ គ​.​ជ​.​ប​។ 


​លោក អ៊ី សាំង​ឡេង អនុប្រធាន LDP ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃទី​៣០​ធ្នូ​នេះ ស្ដីពី ការ​ផ្សា​ព្វ​ផ្សាយ​របាយការណ៍​វាយតម្លៃ​របស់​LDP ចំពោះ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០​និង​គោលជំហរ​របស់​គណបក្ស ថា​៖ «​ចំពោះ​ឯកសារ​របស់​យើង​នេះ​(​របាយការណ៍​ដែល​រកឃើញ​ភាពមិនប្រក្រតី​នៃ​ការចុះបញ្ជីឈ្មោះ​បោះឆ្នោត​) យើង​ព្យាយាម​ដាក់​ឲ្យ​បាន​ច្រើន​ទូត​ឬ​ស្ថាន​កុងស៊ុល​នៅ​កម្ពុជា​យើង ជាពិសេស​គឺ​ស្ថានទូត​ដែលជា​ម្ចាស់ជំនួយ​ដល់​ការបោះឆ្នោត​នៅ​កម្ពុជា​យើង ហើយនឹង​ស្ថានទូត​ទាំងឡាយ​ដែលជា​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ទីក្រុង​បារី ដែល​ធានា​នូវ​សិទ្ធិសេរីភាព​នយោបាយរ​បស់​មនុស្សជាតិ​លើ​សកលលោក​»​។ 
 
​អនុប្រធាន LDP នៅតែ​អះអាងថា ខ្លួន​ពិត​ជាមាន​របាយការណ៍​ច្បាស់លាស់​ដែល​បាន​រកឃើញ​ភាពមិនប្រក្រតី​ជាង​៣,៤​ពាន់​នាក់ ដែល​គ្មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​។​
​ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅថ្ងៃនេះ​ថា នៅ​គ​.​ជ​.​ប នឹងធ្វើ​ការប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ទាំងនេះ នៅ​ថ្ងៃទី​៣១ ធ្នូ ។ ជាមួយគ្នា​ដែរ លោក ពុទ្ធា ស្នើសុំ​ឲ្យ​សាកសួរ​បន្ថែម​ទៅកាន់​លោក ឌឹ​ម សុ​វណ្ណា​រុំ សមាជិក​និង​អ្នកនាំពាក្យ គ​.​ជ​.​ប ដែលជា​អ្នកទទួលបន្ទុក​ផ្នែក​នេះ​។ សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបកស្រាយ​ពី​ខាង​លោក ឌឹ​ម សុវណ្ណ​រុំ បានឡើយ​ដោយសារ​លោក​មិន​ទទួល​ទូរស័ព្ទ​។​
 
​កាលពី​ថ្ងៃទី​២៥​ធ្នូ​កន្លងមកនេះ ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ច្រានចោល​បណ្ដឹង​៦៧ ក្នុងចំណោម​៩៥​បណ្ដឹង របស់​LDP ដោយ​សម្រេច​តម្កល់​២៨​បណ្ដឹង​ប៉ុណ្ណោះ​។ ការសម្រេច​នេះ ធ្វើ​ឡើយ​ដោយសារ​ដើមបណ្ដឹង​បោះបង់​បណ្ដឹង គឺ​អវត្តមាន​នៅ​សា​វនា​ការ​៕​

Tag:
 LDP
  ការចុះឈ្មោះ​បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com