កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​ថ្លៃ​ជាងគេ​ទាំង​១០​ឆ្នាំ​២០២០៖ Mbappe ឈរ​លេខ​១ Messi លេខ​៩ តែ​គ្មាន Ronaldo
01, Jan 2021 , 8:29 am        
រូបភាព
Kylian Mbappe ជា​កីឡាករ​បាល់ទាត់​មានតម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​លើ​លោក ២១៨​លាន​ដុល្លារ គិត​ត្រឹម​ឆ្នាំ ២០២០ ខណៈ​មិត្ត​រួម​ក្រុម Paris Saint-Germain កីឡាករ Neymar នៅ​លេខ​៣ មានតម្លៃ ១៥៥​លាន​ដុល្លារ​។ Raheem Sterling ខ្សែបម្រើ Man City មាន​ថ្លៃ​ខ្លួន ១៥៥​លាន​ដុល្លារ ស្ថិតនៅ​លេខ​២ ។ Lionel Messi ស្ថិតនៅ​លេខ​រៀង​ទី​៩ ក្នុងចំណោម​កីឡាករ​ថ្លៃ​ជាងគេ​ទាំង​១០ ស្របពេល Cristiano Ronaldo គ្មាន​ឈ្មោះ​។​

 
​ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង​វ័យ ២១ ឆ្នាំ​រូបនេះ បាន​ក្លាយជា​កីឡាករ​វ័យក្មេង​ដ៏​មាន​ទេពកោសល្យ​បំផុត​នៅ​អឺរ៉ុប និង​ពិភពលោក​ចាប់តាំងពី​លេចធ្លោ​ខ្លាំង​ជាមួយ​ក្រុម Monaco ម្ល៉េះ​។ Mbappe ដែលមាន​ទំនាក់ទំនង​យ៉ាងខ្លាំង​ជាមួយ Real Madrid បាន​ក្លាយជា​កីឡាករ​ដែលមាន​មានតម្លៃ​ផ្ទេ​ថ្លៃ​ជាងគេ​លំដាប់​ទី​២ ក្នុង​ប្រវត្តិសាស្ត្រ​បន្ទាប់ពី​ផ្លាស់​ទៅ PSG ក្នុងតម្លៃ ២១៧ លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៧​។​
 
​នៅ​ឆ្នាំ ២០២០​នេះ Transfermarkt បានកំណត់​ឲ្យ Mbappe ជា​កីឡាករ​ដែលមាន​តម្លៃ​បំផុត​ក្នុង​ចំនួន ២១៨​លាន​ដុល្លារ ដោយ​នាំមុខ Neymar ដែល​ធ្លាប់មាន​ការផ្ទេរ​ថ្លៃ​បំផុត ២៦៩​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៧ ដើម្បី​ទៅ​ចូលរួម​ក្រុម​យក្ស​បារាំង ពី Barcelona​។ សព្វថ្ងៃ​ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​លវ័យ​២៨​ឆ្នាំ​រូបនេះ មានតម្លៃ​ខ្លួន​ត្រឹម ១៥៥​លាន​ដុល្លារ​។​
 
Transfermarkt ដែលជា​ស្ថាប័ន​វាយតម្លៃ​ក្នុង​វិស័យ​ជំនួញ​កីឡាបាល់ទាត់​លំដាប់​ពិភពលោក ក៏បាន​បង្ហាញ​ពី​កីឡាករ​បាល់ទាត់​ចំនួន​១០​រូប​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​លើ​លោក​ប្រចាំឆ្នាំ​២០២០​នេះ​ផងដែរ ដោយ​ក្នុងនោះ​មាន​កីឡាករ​អន្តរជាតិ​អង់គ្លេស​ចំនួន​៤​រូប រួមមាន Raheem Sterling (Man City), Jadon Sancho (Borussia Dortmund), Trent Alexander-Arnold (Liverpool FC), និង Harry Kane (Tottenham Hotspur)​។​
 
​ខាងក្រោម​នេះ​យើង​នឹង​បង្ហាញ​លោកអ្នក​អំពី​កីឡាករ​ទាំង​១០​រូប​ដែលមាន​តម្លៃ​ខ្លួន​ថ្ងៃ​ជាងគេ​ទាំង​១០ សម្រាប់​ឆ្នាំ​២០២០៖
១. Kylian Mbappe (Paris Saint-Germain): ២១៨​លាន​ដុល្លារ​
២. Raheem Sterling (Manchester City): ១៥៥​លាន​ដុល្លារ​
៣. Neymar (Paris Saint-Germain): ១៥៥​លាន​ដុល្លារ​
៤. Sadio Mane (Liverpool): ១៤៥ លាន​ដុល្លារ​
៥. Mohamed Salah (Liverpool): ១៤៥ លាន​ដុល្លារ​
៦. Harry Kane (Tottenham Hotspur): ១៤៥ លាន​ដុល្លារ​
៧. Kevin De Bruyne (Manchester City): ១៤៥ លាន​ដុល្លារ​
៨. Jadon Sancho (Borussia Dortmund): ១៤១ លាន​ដុល្លារ​
៩. Lionel Messi (Barcelona): ១៣៥,៤៧ លាន​ដុល្លារ​
១០. Trent Alexander-Arnold (Liverpool): ១៣៣ លាន​ដុល្លារ​៕
 
 

Tag:
 Kylian Mbappe
  កីឡាករ​ថ្លៃ​ជាងគេ​លើ​លោក
© រក្សាសិទ្ធិដោយ thmeythmey.com