COVID-19
អន្តរជាតិ
ចិន​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​កូ​វីដ​-១៩ របស់ Sinopharm សម្រាប់​មនុស្ស​ទូទៅ
31, Dec 2020 , 11:58 pm        
រូបភាព
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនSinopharm។ រូបភាព៖AFP
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនSinopharm។ រូបភាព៖AFP
​នៅ​ថ្ងៃទី​៣១ ខែធ្នូ ចិន​បានអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ដោយមាន​លក្ខខណ្ឌ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន CNBG ដែល​ចំណុះ​ឲ្យ​ក្រុមហ៊ុន Sinopharm សម្រាប់​សាធារណៈជន​ទូទៅ​។ វ៉ាក់សាំង​នេះ ជា​វ៉ាក់សាំង​លើកដំបូង​ដែល​ចិន​អនុញ្ញាត​ឲ្យ​ប្រើ​សម្រាប់​មនុស្ស​ទូទៅ ខណៈ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នឹង​មកដល់​។​

 
​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinopharm គឺជា​វ៉ាក់សាំង​ដំបូង​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជាទូទៅ នៅ​ចិន​ពី​សំណាក់​រដ្ឋបាល​ផលិតផល​វេជ្ជសាស្ត្រ​ជាតិចិន​។ វ៉ាក់សាំង​នេះ នឹង​រួមចំណែក​ក្នុង​ការផ្តល់​វ៉ាក់សាំង​ដល់​ប្រជាជន​ចិន​ប្រមាណ​៥០​លាន​នាក់ មុនពេល​បុណ្យចូលឆ្នាំ​ចិន​នា​ខែកុម្ភៈ ឆ្នាំ​២០២១​។​
 
​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ដោយមាន​លក្ខខណ្ឌ បានន័យថា វ៉ាក់សាំង​នេះ​កំពុងស្ថិត​ក្នុងការ​ធ្វើតេស្ត​ដំណាក់កាល​ចុងក្រោយ និង​បន្ត​ស្រាវជ្រាវ​នៅឡើយ ហើយ​អាជ្ញាធរ​សុខាភិបាល​អាច​ទាមទារ​ទិន្ន័យ​បន្ថែម​ទាក់​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ទៅលើ​ក្រុម​ប្រជាជន​ណាមួយ​។ ដ្បិត​សម្រាប់​មនុស្ស​ទូទៅ​មែន ការប្រើប្រាស់​វ៉ាក់សាំង​នេះ គឺកំណត់​សម្រាប់​ក្រុមមនុស្ស​ក្នុង​វ័យ​ណាមួយ​ប៉ុណ្ណោះ​។ 
 
​លោក Chen Shifei មន្ត្រីរដ្ឋបាល​ផលិតផល​វេជ្ជសាស្ត្រ​និយាយថា ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ដោយមាន​លក្ខខណ្ឌ អាចធ្វើ​ទៅបាន​ដើម្បី​ទប់ទល់​ទៅនឹង​អាសន្ន​សុខាភិបាល​សាធារណៈ និង​នៅពេលដែល​ផលប្រយោជន៍​ទៅលើ​សុខភាព​ធំ​ជាង​បញ្ហា​ប្រឈម​។​
 
​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ជា​ប្រទេស​ទីមួយ​ដែល​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​នេះ​សម្រាប់​សាធារណៈជន​ទូទៅ​កាលពី​ពាក់កណ្ដាល​ខែធ្នូ​។ យោងតាម​លទ្ធផល​បឋម វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinopharm មាន​ប្រសិទ្ធភាព​៧៩,៣៤​ភាគរយ ក្នុងការ​បង្ការ​ជំងឺឆ្លង និង​៩៩,៥២​ភាគរយ​ក្នុងការ​បង្កើត​ភាពស៊ាំ​។ អាជ្ញាធរ​ចិន ពុំបាន​បញ្ជាក់​ពី​តម្លៃពិត​ប្រាកដ​នៃ​វ៉ាក់សាំង​នេះឡើយ ប៉ុន្តែ​ធ្លាប់​បង្ហើប​ថា ស្ថិតក្នុង​តម្លៃ​សមរម្យ​មួយ​ដែល​អាច​ទទួលយកបាន​។ វ៉ាក់សាំង​នេះ កំពុងស្ថិត​ក្នុងការ​ផលិត​ទ្រង់ទ្រាយ​ធំ​។​
 
​វ៉ាក់សាំង Sinopharm ខុសពី​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Moderna និង Pfizer ដោយសារ​វ៉ាក់សាំង​នេះ​មិន​ប្រើ​បច្ចេកវិទ្យា mRNA ដែលជា​របៀប​ថ្មី ដើម្បី​បង្កើត​ភាពស៊ាំ​ឡើយ​។ វ៉ាក់សាំង​នេះ ប្រើ​បច្ចេកវិទ្យា​ធម្មតា​បែប​ប្រពៃណី​ដោយ​បញ្ចូល​វី​រ៉ុ​ស​ដែល​ងាប់​ឬ ខ្សោយ និង​គ្មាន​សមត្ថភាព​ក្នុងការ​ចម្លងជំងឺ​ទៅក្នុង​រាងកាយ ដើម្បី​ដាស់​ប្រព័ន្ធ​ការពារ​រាងកាយ​ឲ្យ​ស្គាល់​វីរុស និង​បង្កើត​ភាពស៊ាំ​តែម្ដង​។ វិធីសាស្ត្រ​នេះ ជា​របៀប​ដែល​ត្រូវបាន​បង្កើត​វ៉ាក់សាំង​ច្រើន​មកហើយ​។​
 
​លោក​Yang Xiaoming ប្រធាន​ក្រុមហ៊ុន CNBG ដែលជា​ផ្នែក​មួយ​នៃ Sinopharm និយាយថា ដើម្បី​អាចបង្កើត​ភាពស៊ាំ​សម្រាប់​ប្រទេស​ចិន​ទាំងមូល ប្រជាជន​ចាប់ពី​៧០០​លាន​នាក់​ឡើងទៅ​ត្រូវ​ទទួល​វ៉ាក់សាំង ដែល​នេះ​ន័យ​ថា ចិន​ត្រូវ​ផលិត​វ៉ាក់សាំង​ឲ្យ​បាន​១,៤​ពាន់​លាន​ដូ​ស​។ លោក​បន្តថា ជាទូទៅ ចិន​អាច​ផលិត​វ៉ាក់សាំង​បានត្រឹមតែ​ពី​៥០០ ទៅ​៧០០​លាន​ដូ​ស​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ដូច្នេះ​ការផលិត​ឲ្យ​បាន​ច្រើន​ក្នុង​រយៈពេល​ខ្លី ជា​បញ្ហា​ប្រឈម​មួយ​។​
 
​បើទោះបីជា​មិនទាន់​ផ្តល់​ការអនុញ្ញាត​ផ្លូវការ និង​ដាច់ស្រេច​ក្នុងការ​ប្រើប្រាស់​វ៉ាក់សាំង​ណាមួយ​ក្ដី ចិន​បានចាប់ផ្តើម​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ក្នុង​ស្ថានការណ៍​បណ្តោះអាសន្ន​ចាប់ពី​ខែកក្កដា​មកម្ល៉េះ​។ វ៉ាក់សាំង​ចំនួន​បី ដែល​ក្នុងនោះ​ផលិត​ដោយ​ក្រុមហ៊ុន CNBG និង​មួយទៀត​ផលិត​ដោយ Sinovac Biotech ត្រូវបាន​ផ្តល់​ឲ្យ​មនុស្ស​ចំនួន​១,៥​លាន​នាក់​មាន​បុគ្គលិក​សុខាភិបាល មន្ត្រី​រដ្ឋ និង​មន្ត្រី​តាម​ព្រំដែន​រួចស្រេច​ទៅហើយ​។​
 
​ចិន មាន​វ៉ាក់សាំង​ចំនួន​១១ ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​ធ្វើតេស្ត​ផ្សេងៗ​ទាំង​នៅក្នុង​ស្រុក និង​នៅក្រៅ​ប្រទេស​។ ក្នុងចំណោម​ចំនួន​១១ វ៉ាក់សាំង​ចំនួន​២ ស្ថិតក្នុង​ការវាយតម្លៃ​របស់​កម្មវិធី COVAX ៕
 
 
 

Tag:
 ចិន​
 ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com