ជាតិ
សង្គមជាតិ
២២២​ថ្ងៃ តុលាការ​ដោះស្រាយ​សំណុំរឿង​ពន្ធនាគារ ដោយ​ដោះលែង​មនុស្ស​ជាង​២​ម៉ឺន​នាក់​
31, Dec 2020 , 6:00 pm        
រូបភាព
អ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ
អ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ
ភ្នំពេញ​៖ យុទ្ធនាការ​ដោះស្រាយ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត រយៈពេល​២២២​ថ្ងៃ បាន​ដោះស្រាយ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​កកស្ទះ​ជាង​៧​ម៉ឺន​សំណុំរឿង។ ការដោះស្រាយ​នេះ បាន​ជួយ​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ បាន​ជាង​២,៦​ម៉ឺន​នាក់​។ នេះ​បើតាម​ក្រសួងយុត្តិធម៌​។​


​ក្រសួងយុត្តិធម៌ បានចេញ​របាយការណ៍​ស្ដីពី លទ្ធផល​រយៈពេល​២២២​ថ្ងៃ នៃ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត គឺ​សម្រេច​ដោះស្រាយ​សំណុំរឿង​ចាស់​ជាង​៣.៥​ម៉ឺន​ករណី ស្មើនឹង​៨៩​ភាគរយ ហើយ​សំណុំរឿង​ថ្មី​គឺ​ដោះស្រាយបាន​ជាង​៣.៦​ម៉ឺន​ករណី ស្មើនឹង​៧៣​ភាគរយ​។ សំណុំរឿង​ទាំងនេះ គឺ​គិត​ទាំង​ដំណាក់កាល​អយ្យការ​ស៊ើបសួរ និង​ជំនុំជម្រះ​រួច​។ 
 
​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំ​រឿងនេះ គឺ​ដោះស្រាយ​បទល្មើស​ព្រហ្មទណ្ឌ ដូចជា​ករណី​ឆបោក លួច​ឆក់ និង​គ្រឿងញៀន​ជាដើម​។ លោក​បញ្ជាក់​បន្ថែមថា​៖ «២២២​ថ្ងៃនេះ បាន​ជួយ​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ជាង​២.៦​ម៉ឺន​នាក់ ក្នុងនោះ​មាន​បុគ្គល​ដែល​បាន​ដោះលែង​ចេញពី​ពន្ធនាគារ​ជាង​១.១​នាក់​, បុគ្គល​នឹងត្រូវ​ដោះលែង​ជាង​៥​ពាន់​នាក់​, បុគ្គល​ដែល​សម្រេច​មិន​ឃុំខ្លួន​មាន​ប្រមាណ​៣​ពាន់​នាក់ និង​បុគ្គល​ត្រូវ​បញ្ជូនទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​ជំនួស​ឲ្យ​ការចោទប្រកាន់ និង​បញ្ជូនទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​ដោយ​សមត្ថកិច្ច​»​។ 
 
​ជុំវិញ​ការដោះស្រាយ​ការកកស្ទះ​សំណុំ​រឿងនេះ លោក អំ សំអាត អ្នកសម្របសម្រួល​អង្គ​ការ លីកាដូ យល់ថា គឺជា​រឿង​ល្អ ហើយ​សុំ​ឲ្យ​និ​តី​វិធី​នៃ​ការដោះស្រាយ​នេះ មាន​បន្ត​រហូត ដើម្បី​កុំ​ឲ្យ​មាន​ករណី​កកស្ទះ​ច្រើន​បន្តទៀត​។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​សាទរ​ជាមួយ​លទ្ធ​នេះ ហើយក៏​សង្ឃឹមថា នីតិវិធី​នេះ អាច​នឹង​បន្ត​មាន​រហូត បើទោះបី​យុទ្ធនាការ​នេះ​ត្រូវ​បញ្ជ​ប់​ក៏ដោយ​។ ព្រោះ​យើង​ដឹង​ហើយ​ថា សំណុំរឿង​កន្លង​មាន ខ្លះ​ត្រូវ​កកស្ទះ​អូស​បន្លាយពេល​យ៉ាងយូរ បាន​អាច​ដោះស្រាយបាន​»​។ 
 
​សូមជម្រាបថា យុ​ទ្ធា​ការដោះស្រាយ​សំណុំ​រឿងនេះ គឺ​ចាប់ផ្ដើម​កាលពី​ថ្ងៃទី​១៨​ឧសភា ឆ្នាំ​២០២០ ហើយនឹង​ត្រូវ​បិទ​បញ្ចប់​នៅ​រយៈពេល​១​ឆ្នាំ នៅ​ថ្ងៃទី​១៧​ឧសភា​ឆ្នាំ​២០២១​ខាងមុខ​៕ 

Tag:
 យុទ្ធនាការ​
  កកស្ទះ​សំណុំរឿង
© រក្សាសិទ្ធិដោយ thmeythmey.com